ជាតិ
សង្គមជាតិ
ប្រមុខ​រាជរដ្ឋាភិបាល​ប្រាប់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​គ្រោះទឹកជំនន់​ឆ្នាំនេះ​
19, Jul 2018 , 8:11 pm        
រូបភាព
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន តាមរយៈ​សេចក្តីណែនាំ​ស្ដីពី ការត្រៀម​បង្ការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្ដរាយ​ទឹកជំនន់ បាន​ប្រាប់​ដល់​មន្ដ្រី​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ឱ្យមាន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​។ សេចក្តីណែនាំ​នេះ ដើម្បីឱ្យ​អាជ្ញាធរ​ប្រាកដថា បាន​ត្រៀមខ្លួន​ជាស្រេច​នៅពេល​មាន​ហានិភ័យ​កើតឡើង​ដោយសារ​គ្រោះទឹកជំនន់​។​

 
​ក្នុង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ចុះ​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី រាជធានី ខេត្ត ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់បំផុត និង​ត្រូវ​រៀបចំ​ជាមុន ដោយ​ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប នៅពេល​មាន​ទឹកជំនន់​កើតឡើង​។ សេចក្តីណែនាំ​ដដែល បាន​បញ្ជាក់ថា ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព មិន​ត្រូវឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត និង​ការខូចខាត​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ​។​
 
​សេចក្តីណែនាំ​របស់​រាជ​រដ្ឋាភិបាល ធ្វើឡើង​ស្របពេល​មានការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ធ្វើឱ្យ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ដែល​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​បណ្តា​ខេត្ត​មួយចំនួន មាន​ជំនន់​ទឹកភ្លៀង​។ ខេត្ត​ទាំងនោះ​រួមមាន ខេត្ដ​កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។ ចំណែក​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ទន្លេមេគង្គ ក្នុងប្រទេស​ឡាវ និង​ថៃ ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ឱ្យ​ទឹកទន្លេ​ហក់​ឡើង​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com