ជាតិ
ខេត្តចំនួន៧ រងគ្រោះជំនន់ទឹកភ្លៀងខ្លាំង
× ភ្នំពេញ៖ ក្នុងរយៈពេលភ្លៀងខ្លាំង ជិតមួយសប្ដាហ៍នេះ បានធ្វើឲ្យខេត្តចំនួន៧ ទទួលរងគ្រោះខ្លាំងដោយសារទឹកជំនន់ទឹកភ្លៀង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
ទីភ្នាក់ងារសារព័ត៌មានជាតិ បានឲ្យដឹងថា ខេត្តទាំង៧ ដែលកំពុងរងគ្រោះនោះ រួមមាន ខេត្តកោះកុង ប៉ៃលិន បាត់ដំបង កំពត ព្រះសីហនុ កែប និងខេត្តកំពង់ស្ពឺ។ ក្នុងនោះខេត្តកំពង់ស្ពឺរងប៉ះពាល់ខ្លាំងជាងគេ ពិសេសនៅស្រុកភ្នំស្រួច មានឃុំ៨ រងផលប៉ះពាល់ ដែលមានប្រជាជន២៣០គ្រួសាររងគ្រោះ ស្រូវ១.១៥៧ហិកតា និងចំការស្វាយ២៣២ហិកតារងការលិចលង់។
ចំពោះខេត្តព្រះសីហនុ រងគ្រោះខ្លាំងនៅត្រង់ស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។ កាលពីថ្ងៃទី១៨ ខែកក្កដា ទឹកលិចថ្នល់ជាតិលេខ៤ ប្រវែងប្រមាណ ៩០០ម៉ែត្រ មានកម្ពស់ទឹក១,៧០ម៉ែត្រ។ ខេត្តកំពត មានភ្លៀងធ្លាក់ច្រើននៅតាមផ្លូវជាតិលេខ៣ និងលេខ៤១ ទឹកជន់លិចពេញតាមដងផ្លូវ។ គិតត្រឹមម៉ោង ៧ល្ងាចថ្ងៃទី១៨ ខែកក្កដា រដ្ឋបាលខេត្តកំពត បានប្រកាសអាសន្ននូវគ្រោះទឹកជំនន់ក្នុងភូមិអណ្តូងជី ឃុំកំពង់ក្រែង ស្រុកទឹកឈូ ទឹកឡើងដល់កម្ពស់ ៨,២ម៉ែត្រ។ នេះបើតាម AKPដដែល។
AKP បានបន្តថា ខេត្តបាត់ដំបង មានស្រុកមួយចំនួនរងគ្រោះ ដូចជាស្រុកសំឡូត លិចភូមិចំនួន៤ និងប៉ះពាល់ដល់ឃុំចំនួន៣ គឺឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង។ ជំនន់ទឹកនេះ បានធ្វើឲ្យស្រូវកំពុងហាលផ្កា៥០ហិកតា ខូចខាតទាំងស្រុង និងប្រឈមខូចខាតជាង១,០០០ហិកតា និងលិចផ្ទះប្រជាពលរដ្ឋ ១០៩ខ្នង នៅស្រុកឯកភ្នំ។ កម្ពស់ទឹកនៅទំនប់សេកសក និងទឹកទំនប់គង្ហត កំពុងមានការព្រួយបារម្ភ ។ ចំណែកស្ពានបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀងមានប្រេះដីនៅគល់ស្ពាន និងមានការបាក់ច្រាំងស្ទឹងសង្កែប្រមាណ១០០ម៉ែត្រ។
ដោយឡែកខេត្តកោះកុង មានឃុំ៥ ក្នុងស្រុកចំនួន៤ រងការលិចលង មានប្រជាជនប្រមាណ ៥៥១គ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខេត្តប៉ៃលិន មានភ្លៀងធ្លាក់ច្រើន ស្ទឹង អូរ ព្រែក មានទឹកពេញទាំងអស់ ដោយសារទឹកភ្លៀងបានហូរធ្លាក់ពីប្រទេសថៃ (ខេត្តត្រាត)។ ចំណែកខេត្តកែប ស្ថានការណ៍ទឹកភ្លៀងអាចគ្រប់គ្រងបាន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)៕
© រក្សាសិទ្ធិដោយ thmeythmey.com