កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ចំណាយ ៨៧លានដុល្លារទិញអ្នកចាំទីថ្លៃជាងគេលើលោក Alisson ពី Roma
× Liverpool បានធ្វើឲ្យអ្នកចាំប្រេស៊ីល Alisson ក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃជាងគេបំផុតលំដាប់ពិភពលោកកបន្ទាប់ពីយករូបគេពី AS Roma មកកាន់ទឹកដីអង់គ្លេសដោយចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំ។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវការ Liverpool ។
ក្លិបរហស្សនាមហង្សក្រហម មិនបានបង្ហាញតម្លៃខ្លួន Alisson នោះទេ ប៉ុន្តែ Roma អះអាងថាកិច្ចព្រមព្រៀងផ្ទេរនេះមានតម្លៃរហូតដល់ ៦៦,៨លានផោន (៨៧លានដុល្លារអាមេរិក) ដែលធ្វើឲ្យរូបគេបំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេលើលោកនាពេលបច្ចុប្បន្ន។
អ្នកចាំទី វ័យ ២៥ឆ្នាំរូបនេះ ជាជម្រើសទី១របស់លោកគ្រូបង្វឹក Tite សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីកន្លងទៅ។ សម្រាប់ក្លិប Alisson បានបង្ហាខ្លួនក្នុងក្របខណ្ឌ Serie A រយៈពេល ២ឆ្នាំ ដោយជាប់ជម្រើសដំបូងឲ្យ Roma ៣៧ប្រកួតនៅរដូវកាល ២០១៧-២០១៨។
ការមកដល់ទឹកដី Anfield អតីតសមាជិក្រុម Internacional លើកឡើងថា៖«ទាក់ទងនឹងជីវិត និងអាជីពរបស់ខ្ញុំនេះជាជំហានដ៏ធំមួយសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយក្លិបល្បីមួយនេះ»។
កាលពីខែមករាកន្លងទៅ ក្រុមរងជើងឯកពានរង្វាន់កំពូលអឺរ៉ុប Champions League នេះ ក៏បានបំបែកកំណត់ត្រានាំយកខ្សែការពារថ្លៃជាងគេលើលោក Virgil van Dijk ពី Southampton ក្នុងតម្លៃ ៩៧លានដុល្លារ។
Alisson ជាកីឡាករទី៤ហើយដែល Liverpool ទិញចូលក្នុងរដូវកាលនេះ ក្នុងនោះមាន Fabinho ពី Monaco (៥២លានដុល្លារ), Naby Keita ពី RB Leipzig (៦២លានដុល្លារ) និង Xherdan Shaqiri ពី Stock City (១៧លានដុល្លារ)៕
Tag:
បាល់ទាត់
Alisson
Liverpool
Roma
© រក្សាសិទ្ធិដោយ thmeythmey.com