អន្តរជាតិ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ទទួលទោស៨ឆ្នាំទៀត អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (រូបភាព AFP)
× តុលាការក្រុងសេអ៊ូល នៅថ្ងៃទី២០ ខែកក្កដា បានសម្រេចកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ឲ្យជាប់ពន្ធនាគារយៈពេល៨ឆ្នាំលើសំណុំរឿងលូកលាន់ការបោះឆ្នោតសភាឆ្នាំ២០១៦ និងធ្វើឲ្យបាត់បង់ថវិកាជាតិ។ បច្ចុប្បន្ននេះ លោកស្រី ប៉ាក ហ្គឺនហេ អនុវត្តទោសចំនួន២៤ឆ្នាំរួចហើយពាក់ព័ន្ធករណីពុករលួយ ស៊ីសំណូក និងបំពានអំណាចផង។ ទាំងករណីនេះ ទាំងករណីលើកមុន អតីតប្រធានាធិបតីរូបនេះសុទ្ធតែបដិសេធទាំងអស់។
សវនាការកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ នៅថ្ងៃទី២០ ខែកក្កដា ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេស។ តុលាការតំបន់សេអ៊ូលកណ្ដាល បានកាត់ទោសឲ្យលោកស្រី ប៉ាក ហ្គឺនហេ ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំថែមទៀតលើករណីចំនួនពីរ ខណៈទណ្ឌិតធ្វើពហិការចូលរួមសវនាការនេះ ដោយអះអាងថា រដ្ឋអាជ្ញា និងចៅក្រមមិនយុត្តិធម៌ ហើយសំណុំរឿងនេះជារឿងនយោបាយ។
តុលាការរកឃើញថា លោកស្រី ប៉ាក បានទទួលប្រាក់ពីអង្គភាពចារកម្មរដ្ឋ (NIS) ចំនួនជាង២៦លានដុល្លារដែលជាលុយរបស់រដ្ឋ។ យោងតាមការទីភ្នាក់ងារព័ត៌មាន Yonhap អតីតប្រធានាធិបតីរូបនេះបានប្រើប្រាស់លុយនេះមួយផ្នែកដើម្បីចំណាយផ្ទាល់ខ្លួនដូចជាថ្លៃទូរសព្ទសម្ងាត់ជាមួយមនុស្សជំនិត ជួសជុលគេហដ្ឋានផ្ទាល់ខ្លួន និងថ្លៃព្យាបាលជំងឺ។ ជាមួយគ្នានោះ លោកស្រី ប៉ាក ក៏យកលុយមួយចំនួនទៅឲ្យទីប្រឹក្សារបស់លោកស្រីផង។
ក្រៅពីករណីទទួលសំណូកនេះ តុលាការកូរ៉េខាងត្បូងក៏រកឃើញកំហុសរបស់លោកស្រី ប៉ាក វ័យ៦៦ឆ្នាំ លើករណីជ្រៀតជ្រែកការបោះឆ្នោតសភាឆ្នាំ២០១៦ ដោយពេលនេះលោកស្រីបានលូកដៃចូលក្នុងការជ្រើសរើសបេក្ខភាពសមាជិកសភារបស់បក្សកាន់អំណាចពេលនោះ Saenuri ដែរ។
សរុបទាំងលើកនេះទៀត អតីតមេដឹកនាំស្ត្រីទីមួយរបស់កូរ៉េខាងត្បូងរូបនេះ អាចជាប់ពន្ធនាគារដល់ទៅ៣២ឆ្នាំឯណោះ ព្រោះលោកស្រីកំពុងអនុវត្តទោសចំនួន២៤ឆ្នាំទៅហើយ។ កាលពីខែមេសា តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោកស្រីលើសំណុំរឿងដោយឡែកដូចជាពុករលួយ ស៊ីសំណូក បំពានអំណាច និងការបង្ខំ។ ទោះជាយ៉ាងណា លោកស្រីបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់លើខ្លួន។
លោកស្រី ប៉ាក ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងដកតំណែងប្រធានាធិបតីកាលពីខែមីនា ឆ្នាំ២០១៧ និងត្រូវបានចាប់ឃុំខ្លួនរហូតដល់ពេលកាត់ទោសមួយឆ្នាំក្រោយមក។ ការឃុំខ្លួនលោកស្រីក្នុងរយៈពេលយូរបែបនេះ ក៏ធ្វើឲ្យមានការលើកពីឯករាជ្យភាពរបស់ប្រព័ន្ធយុត្តិធម៌កូរ៉េខាងត្បូងផងដែរ។ លោកស្រី ប៉ាក ធ្លាប់លើកឡើងថា មានរបៀបវារៈសងសឹកនយោបាយនៅខាងក្រោយការកាត់ទោសសវនាការនេះ៕
Tag:
កូរ៉េខាងត្បូង
ប៉ាក ហ្គឺនហេ
© រក្សាសិទ្ធិដោយ thmeythmey.com