អន្តរជាតិ
អគ្គរដ្ឋទូត​ចិន​ប្រចាំ​ម៉ានីល​៖ ចិន មិន​ឲ្យ​ហ្វីលីពីន​ធ្លាក់​ក្នុង​បំណុល​របស់ខ្លួន​ឡើយ​
21, Jul 2018 , 9:59 am        
រូបភាព
លោក ឌូទើតេ និងអគ្គរដ្ឋទូតចិន (រូបភាព AFP)
លោក ឌូទើតេ និងអគ្គរដ្ឋទូតចិន (រូបភាព AFP)
ដោយ:
​ហ្វីលីពីន​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ កំពុងតែ​ទទួលបាន​ទាំង​ជំនួយ និង​ទាំង​កម្ចី​ចិន​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​របស់​ប្រទេស​។ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លះ ថា​ហ្វីលីពីន​អាច​ធ្លាក់​ចូលក្នុង​បំណុល​ងើប​មិន​រួច តែ​ក្រុង​ប៉េកាំង អះអាងថា ខ្លួន​មិន​ឲ្យ​រដ្ឋ​ដៃគូ ធា្ល​ក់​ចូល​ស្ថានភាព​ហិរញ្ញវត្ថុ​អាក្រក់​បែបនេះ​ឡើយ​។​



​នា​ពិធី​សម្ពោធ​ស្ពាន​ក្នុង​រដ្ឋធានី​ម៉ានីល​ដែលជា​ជំនួយ​ពី​រដ្ឋាភិបាល​ចិន លោក Zhao Jianhua អគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីន នៅ​ថ្ងៃ​១៧ កក្កដា បាន​អះអាងថា ជំនួយ​ដែល​ប្រទេស​ចិន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​មិនមាន​លក្ខខណ្ឌ​ជាមួយ​ឡើយ ពោលគឺ​ចិន មិនបាន​មើលឃើញ​ផលប្រយោជន៍​អ្វី​ឡើយ​ពី​ហ្វីលីពីន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទី​ភ្នា​ក់​ព័ត៌មាន Reuters​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​អគ្គរដ្ឋទូត សង្កត់ធ្ងន់​ផងដែរ​ថា​៖«​សម្រាប់​កម្ចី​របស់​ចិន​ដែលមាន​គោលដៅ​ដើម្បី​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នោះ ក៏​មិន​ធ្វើ​ឲ្យ​ហ្វីលីពីន​ត្រូវ​ធ្លាក់ចូល​បំណុល​វ័ណ្ឌក​អ្វី​ដែរ​។​»

​លោក​អគ្គរដ្ឋទូត​ដដែល​នោះ បន្ថែមថា រដ្ឋាភិបាល​ចិន នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​បង្ហាញថា​គោលនយោបាយ​ការបរទេស​ឯករាជ្យរ​បស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​ផ្តល់​ផ្លែផ្កា​ជា​ប្រយោជន៍​ដល់​ប្រជាជន​ហ្វីលីពីន​យ៉ាងពិត​ប្រាកដ​។

​សេចក្តីថ្លែងការណ៍​រប​ស់​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ចិន​រូបនេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ផែនការ​សេដ្ឋកិច្ច​ហ្វីលីពីន បាន​ក្រើន​រលឹក​គណៈរដ្ឋមន្ត្រី​លោក​ឌូ​ទើ​តេ​ពី​ចំនួន​លើសលប់​នៃ​កម្ចី​ពី​ចិន ខណៈពេលដែល​អ្នកវិភាគ​មួយចំនួន ក៏បាន​រំពឹងទុក​ពី​ផល​អវិជ្ជមាន​ពី​ជំនួយ និង​កម្ចី​របស់​ចិន ថា​អាចធ្វើ​ឲ្យ​ហ្វីលីពីន ធ្លាក់​ចូលក្នុង​អន្ទាក់​នៃ​បំណុល​របស់​ចិន​ផង​នោះ​។

​នៅ​ថ្ងៃ​១៦ កក្កដា កន្លងទៅ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying ក៏បាន​បដិសេធ​លើ​ការចោទប្រកាន់​ដែលថា គំនិត​ផ្តួចផ្តើម​វិថី និង​ក្រវ៉ា​ត់របស់​ចិន នឹង​នាំ​ឲ្យ​បណ្តា​ប្រទេស​ដៃគូ​ជំពាក់​វ័ណ្ឌក​នឹង​កម្ចី​ចិន​។ អ្នកនាំពាក្យ បាន​អះអាងថា មិនទាន់មាន​ប្រទេស​ណា​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​ដោយសារ​ខ្លួន​ឡើយ​។​

​សូមជម្រាបថា មុន​អាណត្តិ​ដឹកនាំ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ហ្វីលីពីន មិនសូវមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ចិន​ស៊ីជម្រៅ​ប៉ុន្មាន​នោះទេ​។ ក៏ប៉ុន្តែ​បន្ទាប់ពី​លោក ឌូ​ទើ​តេ ប្រកាស​អនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ក្នុង​គោលដៅ អះអាងថា​ខ្លួន​មិន​ស្ថិតក្រោម​អាមេរិក​នោះ ហ្វីលីពីន ក៏​ចាប់ផ្តើម​ជិតស្និទ្ធ​ជាមួយនឹង​ចិន និង​ថែមទាំង​បានស្នើ​ឲ្យ​ចិន​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ជួយ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​វិស័យ​សេដ្ឋកិច្ចជាតិ​៕



Tag:
 ចិន​
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com