កីឡាជាតិ
ជាតិ
លីគ៖ ជំនួបរវាងណាហ្គាជាមួយភ្នំពេញក្រោន និងបឹងកេតជាមួយទ័ព ត្រូវបានលើកពេល
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៨សប្តាហ៍ទី១៥និងទី១៦រវាងក្រុមណាហ្គាវើលជាមួយក្រុមភ្នំពេញក្រោន និងបឹងកេតជាមួយក្រសួងការពារជាតិ(ទ័ព) ត្រូវបានផ្លាស់ប្តូរការប្រកួតទៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ចុះថ្ងៃទី១៧ ខែកក្កដា។
ការជួបគ្នារវាងណាហ្គាវើលជាមួយភ្នំពេញ ក្នុងជំនួបសប្តាហ៍ទី១៥នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា និងជំនួបសប្តាហ៍ទី១៦ រវាងបឹងកេតជាមួយក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ត្រូវបានផ្លាស់ប្តូរកាលបរិច្ឆេទទៅប្រកួតរួមគ្នានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងនោះជំនួបរវាងណាហ្គាវើលជាមួយភ្នំពេញក្រោន ធ្វើឡើងនៅម៉ោង៣រសៀល រីឯបឹងកេតជាមួយក្រសួងការពារជាតិធ្វើនៅម៉ោង៦ល្ងាច នៅកីឡដ្ឋានស្តាតចាស់ដូចគ្នា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ការផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតទាំងពីរខាងលើ ដោយសារក្លិបណាហ្គាវើលជាប់ភារកិច្ចចុះទៅចែកបទពិសោធបាល់ទាត់ដល់យុវជននៅខេត្តកំពង់ស្ពឺ។ ចំណែកបឹងកេតត្រូវប្រកួតមិត្តភាពអន្តជាតិជាមួយក្រុមជម្រើសជាតិជប៉ុន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។
សេចប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃ CNCC បានរៀបរាប់យ៉ាងដូច្នេះថា៖«CNCC នឹងផ្លាស់ប្តូរការប្រកួតចំនួនពីរគូ គឺរវាងក្រសួងការពារជាតិជាមួយបឹងកេត និងណាហ្គាវើលជាមួយភ្នំពេញក្រោន ដោយក្លិបណាហ្គាវើលត្រូវមានកម្មវិធីបាល់ទាត់ជាមួយយុវជនខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបឹងកេតត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសលីគជប៉ុន»៕
Tag:
Cambodian League 2018
បឹងកេត
ទ័ព
ភ្នំពេញក្រោន
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com