អន្តរជាតិ
ចិននិងរុស្ស៊ីសុំពេលគិត៦ខែ ក្រោយអាមេរិកស្នើផ្ដាច់ការផ្គត់ផ្គង់ប្រេងទៅកូរ៉េខាងជើងទាំងស្រុង រូបភាព AFP
× សម្ព័ន្ធមិត្តសំខាន់ពីររបស់កូរ៉េខាងជើង គឺចិន និងរុស្ស៊ី បានស្នើពន្យារពេល៦ខែចំពោះសំណើរបស់អាមេរិកទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យទប់ស្កាត់រាល់ការផ្គត់ផ្គង់ប្រេងច្នៃខុសច្បាប់ដល់កូរ៉េខាងជើងទាំងស្រុង។ បេសកកម្មរបស់ចិន និងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ និយាយនៅថ្ងៃទី១៩ ខែកក្កដា ថា ខ្លួនត្រូវការពេលដើម្បីពិចារណាសំណើរបស់អាមេរិក។ ការកាត់ផ្ដាច់ការនាំប្រេងទៅកូរ៉េខាងជើង មានន័យស្មើការផ្ដាច់ដង្ហើមកូរ៉េខាងជើងតែម្ដង។
ទណ្ឌកម្មដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខដែលមានគោលដៅហាមឃាត់ការផ្គត់ផ្គង់ប្រេងឆៅ និងប្រេងកែច្នៃរួចទៅកូរ៉េខាងជើងនោះ ហាក់គ្មានប្រសិទ្ធិភាពឡើយ។ ក្នុងរបាយកាណ៍ថ្មីៗរបស់អាមេរិក គេនៅតែឃើញមានការលួចលាក់នាំប្រេងដែលច្នៃហើយយ៉ាងហោចណាស់ ៧៥៩៧៩២ ប៉ារែលទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨ កន្លងមក។ បរិមាណប្រេងនេះលើសកូតាដែលមានកំណត់ក្នុងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខឆ្ងាយណាស់។
ដោយសារហេតុនេះ កាលពីសប្ដាហ៍មុន រដ្ឋបាលក្រុងវ៉ាស៊ីនតោនបានស្នើសុំត្រង់ៗឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទប់ស្កាត់រាល់ការផ្គត់ផ្គង់ប្រេងច្នៃហើយខុសច្បាប់ដល់កូរ៉េខាងជើងទាំងស្រុងតែម្ដង។ យ៉ាងណាមិញ សំណើរបស់អាមេរិកត្រូវបានចិន និងរុស្ស៊ីដែលជាប្រទេសនាំប្រេងទៅកូរ៉េខាងជើងច្រើនជាងគេ សុំឲ្យពន្យារពេលសិនដើម្បីខ្លួនមានពេលច្រើនក្នុងការគិតគូរឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តតាមក្រោយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP បេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានសរសេរទៅកាន់សមាជិកប្រឹក្សាសន្តិសុខដទៃទៀតថា រុស្ស៊ីកំពុងពិនិត្យយ៉ាងដិតដល់សំណើរបស់អាមេរិក និងស្វែងរកព័ត៌មានបន្ថែមលើគ្រប់ករណីនៃការលួចបញ្ជូនប្រេងទៅកូរ៉េខាងជើងតាមការអះអាងរបស់អាមេរិក។ ឯតំណាងរបស់ចិនវិញលើកឡើងថា ខ្លួនបានស្នើឲ្យអាមេរិកផ្ដល់ព័ត៌មានជាក់លាក់ថែមទៀតដើម្បីឲ្យប្រទេសទាំងអស់សិក្សា និងសម្រេចចិត្ត។
សូមរំឭកថា តាមដំណោះស្រាយអង្គការសហប្រជាជាតិដែលដាក់ទណ្ឌកម្មកូរ៉េខាងជើងកាលពីខែធ្នូឆ្នាំមុន កូរ៉េខាងជើងអាចនាំចូលប្រេងកែច្នៃហើយចំនួនតែ៥សែនបារ៉ែលប៉ុណ្ណោះក្នុងមួយឆ្នាំ។ ចំណែកប្រេងឆៅដែលកូរ៉េខាងជើងអាចនាំចូលបាន គឺកម្រិតមកត្រឹមបួនលានបារ៉ែលប៉ុណ្ណោះក្នុងមួយឆ្នាំ។ ការដឹកលួចលាក់បរិមាណប្រេងទៅកូរ៉េខាងជើង ត្រូវបានអាមេរិកអះអាងថា ឡើងតាមរយៈការដឹកជញ្ជូន និងផ្ទេរតាមកប៉ាល់សមុទ្រ។
ដំណោះស្រាយខាងលើនេះ មិនអាចរាំងខ្ទប់ការនាំចូលប្រេងទៅកូរ៉េខាងជើងបានឡើយ ដោយអាមេរិកបានចង្អុលមុខមហាអំណាចទាំងពីរ ជាអ្នកបំពាន ព្រោះពួកគេបន្តលក់ប្រេងឲ្យកូរ៉េខាងជើងដោយមិនខ្វល់នឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខនោះ។ ប្រេងឆៅក្ដី ប្រេងចម្រាញ់ហើយក្ដី ដើរតួនាទីសំខាន់ក្នុងការកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដូចនេះហើយបានជាអាមេរិកចង់ផ្ដាច់ដង្ហើមមួយនេះតែម្ដង៕
Tag:
ចិន
រុស្ស៊ី
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com