ជាតិ
ចិន សរសើរ​កម្ពុជា​ថា មាឌតូច​តែមាន​ចិត្តរឹង​ដូច​ដែក ប្រឆាំងនឹង​សម្ពាធ​បរទេស​
20, Jul 2018 , 9:59 pm        
រូបភាព
រូបពីវេបសាយរបស់ក្រសួងការបរទេសចិន៖ លោកស្រី Hau Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
រូបពីវេបសាយរបស់ក្រសួងការបរទេសចិន៖ លោកស្រី Hau Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
​ភ្នំពេញ​៖ កម្ពុជា ជា​ប្រទេស​ខ្លាំង​មួយ នៅក្នុង​ក្រសែភ្នែក​ចិន​។ ភាពខ្លាំង​របស់​កម្ពុជា ដែល​ចិន​ឲ្យ​តម្លៃ​ខ្ពស់​នោះ គឺ​ជំហរ​រឹងមាំ​ប្រឆាំងនឹង​ការដាក់​សម្ពាធ​ពី​បរទេស​។​



«​ទោះបី​កម្ពុជា ជា​ប្រទេស​តូចក្ដី ប៉ុន្តែ​កម្ពុជា​បានបង្ហាញ​ចិត្ត​រឹងមាំ​ដូច​ដែក មានះ​តទល់​ជាមួយ​សម្ពាធ និង​ឥទ្ធិពល​អំណាច​នយោបាយ​នានា​លើ​ខ្លួន​» ។ នេះ​គឺជា​ការសរសើរ​ពី​ចិន ចំពោះ​ជំហរ​កម្ពុជា នៅក្នុង​សន្និសីទកាសែត​មួយ របស់​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី​១៩ កក្កដា ជុំវិញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ រយៈពេល​៦០​ឆ្នាំ​មកនេះ​។

​ក្នុង​សារលិខិត​ផ្ញើមក​កម្ពុជា រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​បញ្ជាក់ថា ចិន​ប្រកាន់​ជំហរ​រឺ​ង​មាំ ឈរ​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​កម្ពុជា ដែល​ការពារ​អធិបតេយ្យ និង​ផលប្រយោជន៍​នៃ​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​។  នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hau Chunying ដែល​បាន​ស្រង់​សំដី​របស់លោក វ៉ាង យី បកស្រាយ​ចំពោះ​អ្នកកាសែត​។​

​ឆ្លើយ​សំនួរ​អ្នកកាសែត​ជុំវិញ​ទំនាក់ទំនង​ចិន​-​កម្ពុជា លោកស្រី Hau Chunying បាន​បន្ថែមថា ថ្នាក់ដឹកនាំ​ចិន​ទាំងអស់ ប្ដេជ្ញា​រក្សា​ទំនាក់ទំនង​និង​ធ្វើការ​រួមគ្នា ជាមួយ​កម្ពុជា​ឲ្យ​កាន់​ខ្លាំងក្លា ប្រៀបដូចជា​ផ្កា​រីក​គ្រប់​រដូវ​។​

អត្ថបទទាក់ទង


​កាលពីពេល​ថ្មីៗ​នេះ ចិន​-​កម្ពុជា ទើបតែ​រៀបចំ​រម្លឹក​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ភាគី​ទាំងពីរ​។ មិន​ខុសពី​ចិន​ឡើយ មេដឹកនាំ​កម្ពុជា ក៏​អះអាង​ពី​ការប្ដេជ្ញាចិត្ត​រក្សា​មិត្តភាព និង​គាំទ្រ​ដល់​គោលនយោបាយ​ចិន​តែមួយ​ផងដែរ​។ អ្វីដែល​កម្ពុជា ពេញចិត្ត​ចំពោះ​ទង្វើ​របស់​ចិន​នោះ គឺ​ការមិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដូច​ប្រទេស​ដទៃ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​កម្ពុជា​ឡើយ​។​

​ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា កំពុង​ស្អិតល្មួត​ខ្លាំង តាម​ទិសដៅ​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​ទាំងពីរ​។ ចិន​ត្រូវការ​កម្ពុជា ដើម្បី​ពង្រឹង​អំណាច​ខ្លួន​ក្នុង​តំបន់​អាស៊ី ឯ​កម្ពុជា​វិញ ក៏ត្រូវ​ការ​ចិន ដើម្បី​ជួយ​ដំណើរការ​អភិវឌ្ឍ​ប្រទេស​៕


Tag:
 វ៉ាង យី​
  ហ៊ុន សែន​
  Hau Chunying
  ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com