អន្តរជាតិ
UN៖ ពិភពលោក ត្រូវគិតគូរវិបត្តិរ៉ូហ៊ីងយ៉ា បើមិនចង់ឃើញជនភៀសខ្លួនជិត១លានមានលទ្ធផលអាក្រក់
× ភ្នាក់ងារទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍អង្គការសហប្រជាជាតិ បានព្រួយបារម្ភពីការមិនសូវយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ថា អាចធ្វើឲ្យជនភៀសខ្លួនជិតមួយលាន ត្រូវជួបនឹងគ្រោះភ័យបន្តទៀត។ ការថ្លែងបារម្ភរបស់ភ្នាក់ងារជំនាញ ធ្វើឡើងស្របពេល ដំណោះស្រាយសម្រាប់ជនភៀសខ្លួន នៅតែមិនមានពន្លឺសោះនោះ។
លោកនាយកគ្រប់គ្រងអង្គការអន្តោប្រវេសន៍អន្តរជាតិ នៃអង្គការសហប្រជាជាតិ William Lacy Swing នៅដើមសប្តាហ៍កន្លងទៅ បានឲ្យដឹងថា ក្រុមគ្រួសារជនភៀសខ្លួនម៉ូស្លីម ដែលបានភៀសខ្លួនពីមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំមុន កំពុងតែស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុត ដោយពួកគេ មិនទទួលបានការចាប់អារម្មណ៍ពីពិភលោក, ក្លាយជាក្រុមគ្មានទីលំនៅ និងគ្មានអនាគត។
តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ លោកនាយកគ្រប់គ្រងរូបនេះ បានកំណត់សម្គាល់ថា គិតចាប់ពីវិបត្តិ បានផ្ទុះឡើង ភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិរួមជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមផ្គត់ផ្គង់ដល់ពួកគេទាំងការកសាងនិងសាងសង់ជំរំ ផ្គត់ផ្គង់អាហារ និងហេដ្ឋារចនាសម្ព័ន្ធបណ្តោះអាសន្ន។
យ៉ាងណា អ្នកគ្រប់គ្រងរូបនេះ ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួន បានព្រមានពីផលលំបាករបស់ជនភៀសខ្លួន ដោយសារតែរដូវភ្លៀងច្រើន ដែលបង្កជាការបាក់ស្រុតនៅកន្លែងពួកគេរស់នៅ ខណៈជំនួយ ដែលអង្គការសហប្រជាជាតិ បានអំពាវនាវកន្លងមក ក៏មិនអាចឆ្លើយតបទៅនឹងតម្រូវការ។ លោក ក៏បានទទូចឲ្យពិភពលោកប្រមូលផ្តុំគ្នារួមមួយហើយជួយដល់ជនភៀសខ្លួនទាំងនេះ។
សូមជម្រាបផងដែរ វិបត្តិជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា គឺជាបញ្ហា ដែលភ្នាក់ងារអង្គការសហប្រជាជាតិយកចិត្តទុកដាក់បំផុត។ នោះក៏ព្រោះតែតាមរយៈរបាយការណ៍របស់ភ្នាក់ងារជំនាញរបស់ខ្លួន អង្គការសហប្រជាជាតិ បានរកឃើញពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់អាជ្ញាធរមីយ៉ាន់ម៉ាទៅលើជនជាតិភាគតិច ដែលមានទាំងរំលោភ សម្លាប់ និងការបំផ្លាញទ្រព្យសម្បត្តិលំនៅរបស់ពួកគេ។
គួរកត់សម្គាល់ផងដែរនោះ កន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស នៅចុងឆ្នាំ២០១៧ ក៏បានព្រមព្រៀងគ្នាក្នុងការរៀបចំបញ្ជូនជនភៀសខ្លួនមកមីយ៉ាន់ម៉ាវិញផងដែរ។ ក៏ប៉ុន្តែការអនុវត្តរហូតមកទល់ពេលនេះ មិនទាន់មាននៅឡើយនោះទេ។ ហើយថ្មីៗនេះ ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានចុះអនុស្សារណយោគយល់មួយស្រដៀងគ្នាផងដែរ តែនៅតែមិនទាន់ពន្លឺ៕
Tag:
រ៉ូហ៊ីងយ៉ា
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com