ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍ផលិតផលខ្មែរបង្ហាញពីគុណភាពផលិតផលក្នុងស្រុក
× ផលិតផលខ្មែរមាន សម្លៀកបំពាក់កាត់ពីក្រណាត់សូត្រ ហូល ផាមួង ចង្កៀងច្នៃពីសូត្រ ក្រមាសូត្រ ម្រេច និងស្រាទំពាំងបាយជូរព្រៃជាដើម បានដាក់តាំងពិព័រណ៍នៅផ្សារទំនើបសុរិយាជាន់ទី៤។ ផលិតផលទាំងនោះមានមកពីសមាគមស្ត្រីនិងជនពិការ និងសហគមន៍ផ្សេងទៀត ដែលមានគុណភាពខ្ពស់ស្តង់ដានាំចេញទៅក្រៅប្រទេស។ ការតាំងពិព័រណ៍នេះចាប់ផ្ដើមពីថ្ងៃទី១៥កក្កដាដល់ថ្ងៃទី២១ខែកក្កដានេះ។
អ្នកនាង ថានី ខាធើរីន ជាប្រធានគ្រប់គ្រងទូទៅនៅសិប្បកម្មនរាអង្គរ នាខេត្តសៀមរាប មានចំណាប់អារម្មណ៍ថា ការតាំងពិព័រណ៍នេះជាការចូលរួមលើកទឹកចិត្ត ដល់ខ្មែរដែលបង្កើតផលិតផលជាអត្តសញ្ញាណរបស់ខ្លួន។ ភ្នែកមើលទៅទំនិញដែលមានក្នុងតូបរបស់ខ្លួន អ្នកនាង ខាធើរីន រៀបរាប់ថាខ្លួន មានអំពូលចង្កៀង និងគ្រឿងសង្ហារឹមច្នៃពីសូត្រច្រើនប្រភេទមកដាក់បង្ហាញ ដែលគុណភាពនាំចេញទៅក្រៅប្រទេស។ ប្រធានគ្រប់គ្រងសិប្បកម្មនរាអង្គរ នាខេត្តសៀមរាប៖ «ការតាំងពិព័រណ៍នេះល្អ ព្រោះគាត់បានជំរុញនិងលើកទឹកចិត្តដល់ផលិតផលរបស់ខ្មែរ។ ខ្ញុំសង្ឃឹមថាការតាំងពិព័រណ៍នេះ ជាយុទ្ធនាការបង្ហាញថាខ្មែរអាចច្នៃគ្រឿងសង្ហារឹម ឬបង្កើតម៉ាកផលិតផលរបស់ខ្លួនបាន»។
ចំណែកកញ្ញា ប៉ែវណា ចាន់ បូផា ជាអ្នកលក់ស្រាទំពាំងបាយជូរព្រៃ ដែលផលិតដោយកូនខ្មែរនៅខេត្តពោធិសាត់។ មានវ័យក្មេងបន្តិច បូផាត្រូវលក់ទំនិញបីប្រភេទក្នុងតូបតែម្នាក់ឯង មានកន្ត្រកធ្វើពីស្លឹកត្នោត ស្រាទំពាំងបាយជូរព្រៃសម្ភារប្រើប្រាស់ផ្ទះបាយច្នៃពីដើមត្នោត។ ជាថ្ងៃដំបូងនៃការតាំងពិរណ៍ មិនសូវជាមានមនុស្ស ដើរមើលការតាំងបង្ហាញផលិតផលប៉ុន្មានទេ។ កញ្ញា បូផា សង្ឃឹមថា ការតាំងពិព័រណ៍នេះ នឹងអាចឲ្យប្រជាជនខ្មែរបានស្គាល់និងដឹងថា ខ្មែរអាចផលិតស្រាទំពាំងបាយជូរព្រៃ ដែលមានគុណភាព និងផ្ដល់សុខភាពដល់មនុស្ស។ បូផា បញ្ជាក់«ស្រាទំពាំងបាយជូរព្រៃនេះអាចជួយសុខភាពច្រើន។ គេកំណត់ហូបឲ្យបាន៧៥មីលីលីត្រក្នុងមួយថ្ងៃ ទើបវាជួយសុខភាពបានច្រើន។ ខ្ញុំសង្ឃឹមដែរ ថានឹងលក់ដាច់មិនអត់ទេ តែអ្វីដែលសំខាន់ យើងបានបង្ហាញផលិតផលស្រាពាំំងបាយជូរព្រៃខ្មែរ ឲ្យគេដឹងច្រើន»។
អ្នកស្រី ហោ សុគន្ធា កំពុងមមាញញឹកនឹងការណែនាំភ្ញៀវពីផលិតផលរបស់ខ្លួនដែលមានអង្ករ ម្រេច ស្ករ និងគ្រាប់ធញ្ញជាតិជាដើម។ ក្នុងតូបនេះហាក់មានភ្ញៀវចូលច្រើនជាងគេ ដោយអ្នកលក់ត្រូវណែនាំពីផលិតផលរបស់ខ្លួនទៅភ្ញៀវខ្មែរនិងបរទេស ស្ទើរគ្មានពេលសម្រាក។ អ្នកស្រី សុគន្ធា អះអាងថា អង្ករនិងផលិតផលផ្សេងទៀត ដែលអ្នកស្រីលក់ គ្មានជាតិគីមី ជម្រើសគុណភាពនាំចេញទៅក្រៅប្រទេស។ អ្នកចែកចាយផលិតផលខ្មែរបន្ត រូបនេះ បន្ថែមថាអង្ករគ្រប់ប្រភេទដែលអ្នកស្រីលក់ មានការគាំទ្រច្រើនពីមុនមកហើយ ដោយឡែកការតាំងពិព័រណ៍នេះ ជាផ្លូវមួយឲ្យអតិថិជនបានស្គាល់ផលិតផលផ្សេងៗទៀតរបស់អ្នកស្រី។ «យើងមានអង្ករផ្ការំដួល ផ្កាម្លិះ និងអង្ករសំរូប ជាដើម។ ផលិតផលទាំងអស់ដែលខ្ញុំជ្រើសរើសយកមកលក់បន្តនេះ សុទ្ធតែសម្រិតសម្រាំងយកតែរបស់មានគុណភាពសម្រាប់នាំចេញទៅក្រៅប្រទេស ព្រោះខ្ញុំចង់ខ្មែរទទួលបានរបស់ល្អ»។
សូមបញ្ជាក់ថា ផ្សារទំនើបសុរិយា មានការតាំងពិព័រណ៍រយៈពេល៧ថ្ងៃពីថ្ងៃ១៥ដល់២១ខែកក្កដានេះ។ ពិព័រណ៍នេះតាំងបង្ហាញផលិតផលខ្មែរ ដែលភាគច្រើន សមាគមនិងសហគមន៍មានកម្លាំងស្នូលជាប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ និងជនពិការ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការចំណាកស្រុក។ ថ្ងៃទី២១ ជាថ្ងៃចុងក្រោយនៃការតាំងពីព័រណ៌ ដែលមានពលរដ្ឋជាច្រើនបានដើរមើលផលិតផលទាំងនោះ៕
Tag:
ផលិតផលខ្មែរ
កសិកម្ម
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com