ពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ជាទូទៅថា FIFA World Cup បានបង្កើតឡើងក្នុងឆ្នាំ១៩៣០ ដែលកាលណោះអ៊ុយរូហ្គាយបានសិទ្ធិធ្វើជាម្ចាស់ផ្ទះដំបូងគេបង្អស់។ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៣០ គឺជាការប្រកួតតែមួយគត់ដែលមិនមានវគ្គជម្រុះតាមពូល ហើយមានប្រទេសចំនួន១៣ប៉ុណ្ណោះដែលជាប់ទាក់ទងនឹង FIFA (ហសព័ន្ធកីឡាបាល់ទាត់អន្តរជាតិ) ត្រូវបានអញ្ញើញទៅចូលរួមប្រកួតប្រជែង។ ក្រុមមកពីអាមេរិកខាងត្បូង អ៊ុយរូហ្គាយក្នុងនាមជាម្ចាស់ផ្ទះបានក្លាយជាម្ចាស់ជើងឯកពិភពលោកដំបូងគេក្រោយយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤ទល់នឹង២។
ចាប់តាំងពីឆ្នាំ១៩៣០ មក ពានរង្វាន់កីឡាបាល់ទាត់ពិភពលោកមួយនេះ បានប្រារព្ធធ្វើឡើង២១លើកមកហើយ ដែលលើកចុងក្រោយ រុស្ស៊ីទទួលសិទ្ធិធ្វើម្ចាស់ផ្ទះឆ្នាំ២០១៨។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្នុងចំណោមប្រទេសទាំងអស់នៅជុំវិញពិភពលោកមានប្រទេសតែ៨ប៉ុណ្ណោះដែលស្គាល់ជាតិលើកពាន World Cup។