អន្តរជាតិ
លោកប្រាយុទ្ធ ប្រាប់ឲ្យអ្នកបាងកកសម្ងំក្នុងផ្ទះ ក្រោយគុណភាពខ្យល់ឈានដល់កម្រិតគ្រោះថ្នាក់
× នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានទទូចឲ្យប្រជាជនដែលកំពុងរស់នៅទីក្រុងបាងកក សម្ងំនៅក្នុងផ្ទះរបស់ពួកគេ ក្រោយពីគុណភាពខ្យល់របស់ទីក្រុង ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះបានឈានដល់កម្រិតគ្រោះថ្នាក់។
យោងតាមសន្ទស្សន៍គុណភាពខ្យល់របស់វេបសាយ AirVisual គិតមកត្រឹមម៉ោង ១០ព្រឹកថ្ងៃចន្ទទី១៤ ខែមករា ខ្យល់នៅក្នុងទីក្រុងបាងកក បានឈានដល់កម្រិត ១៨២ ដែលខ្ពស់ជាងកម្រិតខ្យល់ក្នុងទីក្រុងមានខ្យល់បំពុលខ្លាំងបំផុត ដូចជា ទីក្រុងញូវដេលី, ទីក្រុងប៉េកាំង និងហ្សាការតាជាដើម។ កម្រិតក្រោម៥០ ត្រូវចាត់ទុកថា «សុវត្ថិភាព» ខណៈកម្រិត៣០០ឡើង ត្រូវចាត់ទុកថា «អាក្រក់បំផុត»។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទក្នុងខេត្តឈៀងម៉ៃ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលមានកម្រិតបំពុលខ្ពស់ក្នុងរាជធានី បាងកក គួរតែជៀសវាងការដើរហើរនៅខាងក្រៅដែលពុំចាំបាច់ ឬក៏អាចពាក់ម៉ាស់ដើម្បីការពារខ្យល់បំពុលជាដើម។
ឆ្លើយទៅនឹងសំណួរទាក់ទងនឹងគម្រោងរបស់រដ្ឋាភិបាល ដើម្បីធ្វើឲ្យគុណភាពខ្យល់ប្រសើរឡើងវិញ លោក ប្រាយុទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលតែឯង ពុំអាចដោះស្រាយបញ្ហាខ្យល់បំពុលនេះបានឡើយដោយសារតែអ្នកគ្រប់គ្នាបានបង្កវាឡើង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Khaosod ដោយបានដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Puttipong Punnakanta សាលាក្រុងបាងកកបានចេញសេចក្តីណែនាំឲ្យភ្នាក់ងារពាក់ព័ន្ធនានា ចាត់វិធានការបន្ទាន់ រួមមាន គ្រប់គ្រងលើទីតាំងសំណង់ និងចុះពិនិត្យយ៉ាងតឹងរ៉ឹងលើរថយន្តដែលអាចបង្កផ្សែងបំពុល ជាពិសេស រថយន្តចាស់ៗជាដើម។
គួរបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលបង្កឲ្យខ្យល់ក្នុងទីក្រុងបាងកងមានកម្រិតបំពុលខ្លាំងគឺមកពី ផ្សែងបំពុលដែលចេញពីយានយន្ត, ផ្សែងបំពុលដែលចេញពីរោងចក្រ, ការដុតបំផ្លាញដីស្រែ និងសំណង់ជាដើម៕
Tag:
ថៃ
ប្រាយុទ្ធចាន់អូចា
ខ្យល់បំពុល
© រក្សាសិទ្ធិដោយ thmeythmey.com