ជាតិ
នយោបាយជាតិ
ក្រសួងការពារជាតិអាមេរិក ស្នើឲ្យកម្ពុជាទម្លាក់បទចោទពីលោក កឹម សុខា
× លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាមេរិក ដែលទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ ដោយរួមទាំងសំណុំរឿងលោក កឹម សុខា សិទ្ធិសេរីភាពសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Felter បានជួបពិភាក្សាជាមួយ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃរសៀលថ្ងៃទី១៥ ខែមករានេះ។ សេចក្ដីជូនដំណឹងពីស្ថានទូតអាមេរិក បានសរសេរថា ជំនួបនេះ គឺដើម្បីពិភាក្សាពីចក្ខុវិស័យរួម ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយ អាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំ ដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
សេចក្ដីជូនដំណឹងខាងលើ បញ្ជាក់ថា លោក Felter នឹងពិភាក្សាពីជំហានបន្ទាប់ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ ដែលរួមមានការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី។
យ៉ាងណាក៏ដោយ ករណីរបស់លោក កឹម សុខា ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក Felter និង លោក នាង ផាត ឬក៏យ៉ាងណានោះ ពុំទាន់មានព័ត៌មាននៅឡើយទេ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានទេ ដោយសារតែលោក មិនលើកទូរសព្ទ៕
រីឯលោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា សុំមិនធ្វើអត្ថាធិប្បាយនៅក្នុងរឿងនេះ ដោយលោក ប្រាប់ថា ពុំទាន់ទទួលបានព័ត៌មាន។
បច្ចុប្បន្ន សុំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ មកដល់ពេលនេះ សំណុំរឿងរបស់លោក បានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំកន្លះហើយ។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ពោលគឺក្រោយជាប់ពន្ធនាគារបានមួយឆ្នាំ ចៅក្រមស៊ើបសួរ ក៏ឲ្យលោក នៅក្រៅឃុំជាបណ្តោះអាសន្ន។ ប៉ុន្តែ ចៅក្រមស៊ើបសួរ បានដាក់បម្រាមចំពោះលោក យ៉ាងតឹងរឹង ដោយមិនឲ្យលោក ចេញទៅណាឆ្ងាយពីផ្ទះឡើយ ហើយក៏មិនឲ្យជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និង ជនបរទេសណា ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿង។
ក្រុមអ្នកប្រឆាំង បានហៅនីតិវិធីនេះ ថាជាការឃុំខ្លួនក្នុងផ្ទះ។ ពួកគេ បន្តទាមទារឲ្យតុលាការ ក៏ដូចជារដ្ឋាភិបាល ផ្តល់សេរីភាពពេញលេញជូនលោក កឹម សុខា៕
Tag:
Joseph H. Felter
នាង ផាត
© រក្សាសិទ្ធិដោយ thmeythmey.com