ជាតិ
សង្គមជាតិ
សម្តេចសង្ឃ៖ ព្រះអង្គ ហោ សុខុន សុំសឹកខ្លួនឯង​ មិនមែនមន្រ្តីសង្ឃចាប់ផ្សឹកទេ
13, Feb 2019 , 9:19 pm        
រូបភាព
ព្រះអង្គ ហោ សុខុន កាលនៅជាព្រះសង្ឃ
ព្រះអង្គ ហោ សុខុន កាលនៅជាព្រះសង្ឃ
មានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ ដោយឮព័ត៌មានថា ព្រះអង្គ ហោ សុខុន ព្រះគ្រូចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្ត​ច្បារ​អំពៅ និងមានឋានៈជាទីប្រឹក្សាសម្តេចសង្ឃ ត្រូវបាននាំព្រះកាយទៅកាន់វត្តបទុមវត្តី ដែលជាវត្តរបស់សម្តេចសង្ឃរាជ នន្ទ ង៉ែត ហើយព្រះអង្គ ក៏ត្រូវបានចាប់ផ្សឹកតែម្តង។ ប៉ុន្តែ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ដែលគង់នៅក្នុងវត្តបទុមវត្តី បានបកស្រាយប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅយប់នេះថា ព្រះអង្គ ហោ សុខុន សុំលាចាកសិក្ខាបទខ្លួនឯង មិនមែនត្រូវបានចាប់ផ្សឹកនោះទេ។



សម្តេច ឃឹម សន មានសង្ឃដីកាថា ដំបូងឡើយ មន្រ្តីសង្ឃ បាននិមន្តព្រះអង្គ ហោ សុខុន ទៅកាន់វត្តបទុមវត្តី ដើម្បីដកតួនាទីជាទីប្រឹក្សាសម្តេចសង្ឃ និងដកតំណែងឈប់ឲ្យធ្វើជាព្រះគ្រូចៅអធិការវត្តច្បារអំពៅ ព្រោះព្រះអង្គបានប្រព្រឹត្តខុសវិន័យរបស់គណៈសង្ឃម្តងហើយម្តងទៀត។ សម្តេច ឃឹម សន បន្តថា ពេលមន្រ្តីសង្ឃ ត្រៀមប្រកាសដកតួនាទីនិងតំណែងទាំងនោះ ព្រះអង្គ ហោ សុខុន ក៏សុំលាចាកសិក្ខាបទតែម្តង ដោយព្រះអង្គ យល់ថា នេះជារឿងអកុសលរបស់ព្រះអង្គ។ 

ព្រះមេគណរាជធានីភ្នំពេញ បញ្ជាក់បែបនេះថា៖«កន្លងមក ព្រះអង្គ ហោ សុខុន បានធ្វើឲ្យប៉ះពាល់ដល់គណៈសង្ឃ។ ឧទាហរណ៍ ព្រះអង្គ មានសង្ឃដីកាថា គណៈសង្ឃធ្វើការមិនល្អទេ ជាដើម។ យើង ក៏ធ្លាប់ណែនាំព្រះអង្គ ថាធ្វើអ៊ីចឹងនិងមានសង្ឃដីកាអ៊ីចឹងមិនត្រូវទេ តែព្រះអង្គ មិនស្តាប់»។

«ប៉ុន្មានថ្ងៃហ្នឹង​ព្រះអង្គ ហោ សុខុន បាននិយាយរឿងនយោបាយ និងមានការប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ តើដោយសារតែបែបហ្នឹងហើយ ទើបព្រះអង្គ ត្រូវបានផ្សឹក?»។ សម្តេច ឃឹម សន ឆ្លើយតបយ៉ាងដូច្នេះថា៖«ចម្រើនពរ! អត់មានអ៊ីចឹងទេ គឺថា ការដកតំណែងគឺដោយសារតែព្រះអង្គ ធ្វើខុសនឹងការណែនាំរបស់គណៈសង្ឃ ហើយព្រះអង្គ ក៏សុំសឹកខ្លួនឯង»។



យ៉ាងណាក៏ដោយ ការលាចាកសិក្ខាបទរបស់ព្រះអង្គ​ ហោ សុខុន គឺកើតឡើងក្រោយពីព្រះសរសើរសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលស្តាប់ទៅការសរសើរនោះ​ ហាក់មានលក្ខណៈលើកកម្ពស់ខ្លាំងពេក រហូតដល់សម្តេច ស ខេង ចេញមកឆ្លើយតបវិញថា សម្តេច មិនហ៊ានទទួលយកទេ។ សម្តេច ស ខេង ថែមទាំង យល់ថា ការសរសើររបស់ព្រះអង្គ ហោ សុខុន ហាក់មានន័យបំបែកបំបាក់ទៅវិញ។

សំណេររបស់ព្រះអង្គ ហោ សុខុន ដែលសរសើរសម្តេច ស ខេង


សំណេររបស់សម្តេច ស ខេង ដែលឆ្លើយតបនឹងព្រះអង្គ ហោ សុខុន

© រក្សាសិទ្ធិដោយ thmeythmey.com