ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
នៅរមណីយដ្ឋាន«ជីផាត»និង«អារ៉ែង» មានផ្នូរបុរាណជនជាតិ«ជង»អាយុ៥០០ឆ្នាំ រូបភាពផ្តល់សិទ្ធិដោយសហគមន៍អេកូទេសចរណ៍ជីផាត
× ភ្នំពេញ៖ «នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត និងអារ៉ែង មានផ្នូរបុរាណជនជាតិដើមភាគតិចជង ដែលមានអាយុកាល៥០០ឆ្នាំ។ ការកំណត់ថាមានអាយុ៥០០ឆ្នាំនេះ គឺផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានវាយតម្លៃពីអាយុកាលរបស់ផ្នូរបុរាណជនជាតិដើមភាគតិចនៅប្រទេសកម្ពុជាទាំងពីរកន្លែងនេះ»។ នេះជាខ្លឹមសាររួមដែលលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានមានប្រសាសន៍នៅក្នុងបទសម្ភាសជាមួយក្រុមការងារកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»កាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា ក្រៅពីមានផ្នូរបុរាណ នៅជីផាត មានសក្តានុពលទេសចរណ៍ជាច្រើនទៀត ដូចជា ទឹកជ្រោះដ៏ស្រស់ស្អាត, ជិះទូកមើលថ្ងៃលិច, អំពិលអំពែក, ចាក់បង្កងនាពេលរាត្រីតាមដងព្រែកសមុទ្រ។ល។
សូមអញ្ជើញទស្សនាវីដេអូខ្លី ដែលលោករដ្ឋមន្ត្រីក្រសួងទេចរណ៍បានផ្តល់បទសម្ភាសដល់ក្រុមការងារកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលក្រុមការងារនឹងធ្វើដំណើរទៅស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍ជីផាតបន្ថែមទៀត នៅថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ដូចតទៅ៖
«ជីផាត» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អមួយដែលស្ថិតនៅក្នុងខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ជីផាត ជាទីកម្សាន្តបែបធម្មជាតិស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលអមដោយសម្រស់ទឹកជ្រោះ, ជិះទូកគយគន់ថ្ងៃលិច, អំពិលអំពែក និងសត្វស្លាបតាមដងព្រែកសមុទ្រ, ល្អាងប្រចៀង, ទីឈ្វេងយល់ពាងបុរាណ និងផ្នូរបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំ។ល។ ទាំងនេះ គឺជាគោលដៅនៃបេសកកម្មលើកទី៤ ដែលក្រុមការងារត្រៀមទៅផ្តិតយកទស្សនីយភាពនៃសក្តានុពលអេកូទេសចរណ៍ជីផាតដ៏ល្អឯក នេះ ផ្សព្វផ្សាយជូនប្រិយមិត្តដែលតាមដានកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នៅថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។
សូមរម្លឹកថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com