ជាមេរៀនដ៏ប្រពៃមួយ សម្រាប់ស្ត្រី ដែលគួរយកជីវិតរបស់នាងបដាចារ មកពិចាណា នៅពេលជួបវិបត្តិឬការឈឺចាប់។ ការនឹកគិតដល់ខ្សែជីវិតរបស់នាងបដាចារ អាចធ្វើឲ្យការឈឺចាប់របស់ស្ត្រី ថយចុះក៏ថាបាន។
ប្រជាពលរដ្ឋខ្មែរទូទៅ ធ្លាប់បានដឹងឮនូវរឿងនិទានរបស់នាងបដាចារ ដែលបានកើតឡើង តាំងពីពុទ្ធសម័យមកម្ល៉េះ។ នាងបដាចារ ជាស្ត្រីមួយរូប ដែលណែនទៅដោយសេចក្តីទុក្ខ។ សេចក្តីទុក្ខរបស់នាងបដាចារ ពិបាកនឹងយកសេចក្តីទុក្ខរបស់ស្ត្រីណាផ្សេង មកប្រៀបផ្ទឹមណាស់។
ហេតុដូច្នេះហើយ ទើបនាងបដាចារ ត្រូវបានគេយកមកធ្វើជាតួអង្គ ដែលតំណាងឲ្យការឈឺចាប់និងទុក្ខសោក។ កវីខ្មែរ និយមបញ្ចូលឈ្មោះនាងបដាចារ ទៅក្នុងកំណាព្យនិងបទចម្រៀង ប្រសិនបើកំណាព្យ និងបទចម្រៀងនោះ រៀបរាប់ពីទុក្ខសោកនិងការឈឺចាប់។
តើនាងបដាចារ មានសេចក្តីទុក្ខកម្រិតណា? ហេតុអ្វី ពេលមានទុក្ខ ស្ត្រី គួរយកជីវិតរបស់ខ្លួន ទៅប្រៀបធៀបនឹងជីវិតរបស់នាងបដាចារ?
នាងបដាចារ គឺជាកូនស្រីរបស់សេដ្ឋី ក្នុងក្រុងសាវត្ថី។ ពេលពេញវ័យក្រមុំ នាងបដាចារ ដែលបរិបូរទៅដោយរូបសម្ផស្ស គួរជាទីគប្បីភ្នែកនៃបុរសទាំងឡាយ ក៏ត្រូវបានឪពុកម្តាយ ឃុំគ្រងយ៉ាងតឹងរឹង ហើយឲ្យរស់នៅតែក្នុងបន្ទប់ ដោយមិនឲ្យចេញក្រៅ។ ឪពុកម្តាយ បានជួលមាណពម្នាក់ (បុរស) ដើម្បីឲ្យបម្រើនិងរែកទឹកឲ្យនាងងូតរាល់ថ្ងៃ។
ជារៀងរាល់ថ្ងៃ នាងបដាចារ បានឃើញតែបុរសនោះប៉ុណ្ណោះ។ ដោយសារតែបុរសជាអ្នកបម្រើ តែងព្យាយាមនឹងការងារ និងមានចរិតស្លូតបូត គួបផ្សំនឹងឧបនិស្ស័យពីបុព្វេ សេចក្តីអាណិតនិងសេចក្តីស្រឡាញ់ ក៏បានកើតមានក្នុងចិត្តរបស់នាងបដាចារ។ ឯបុរសជាអ្នកបម្រើ ក៏មានចិត្តលើនាងបដាចារដែរ។ យូរៗទៅ អ្នកទាំងពីរ បានដឹងខ្លួនថា ពួកគេ បានកើតចិត្តប្រតិព័ទ្ធលើគ្នា។
បន្ទាប់មក នាងបដាចារនិងមាណព្វ បានពង្រាត់គ្នាទៅរស់នៅឯតំបន់មួយ ដែលនៅឆ្ងាយពីផ្ទះរបស់ឪពុកម្តាយ។ ពួកគេ មិនអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបានឡើយ ព្រោះប្រពៃណីនៃប្រទេសឥណ្ឌានាសម័យនោះ បានបែងចែកវណ្ណៈរវាងអ្នកមាននិងអ្នកក្រ។ វណ្ណៈជាទាសករ (អ្នកបម្រើ ឬអ្នកខ្ញុំគេ) មិនអាច រៀបអាពាហ៍ពិពាហ៍ជាមួយវណ្ណៈអភិជន (ស្តេច ឬសេដ្ឋី) បានឡើយ។
លុះចំណេរចីរកាលក្រោយមក នាងបដាចារ ក៏ប្រសូតបានកូនមួយ។ ប៉ុន្មានឆ្នាំកន្លងផុតទៅ នាងបដាចារ បានពពោះម្តងទៀត។ ពេលជិតដល់ខែប្រសូតកូនទីពីរ នាងបដាចារ និងស្វាមី បានសម្រេចចិត្តនាំគ្នា ត្រឡប់ទៅផ្ទះវិញ ដើម្បីសុំខមាទោសឪពុកម្តាយ និងបានរស់នៅជុំគ្នា។ ពេលធ្វើដំណើរតាមផ្លូវ នាង ក៏បានប្រសូតកូនទីពីរ។ បុរសជាប្តី បានទៅរកឧស ដើម្បីយកមកបង្កាត់ភ្លើងឲ្យនាង និងកូនដែលទើបនឹងប្រសូត។ ដោយសារតែចាំយូរពេក នាង ក៏នាំកូន ទៅរកប្តី។ ខណៈនោះ នាង កើតក្តីរន្ធត់ជាពន់ពេក ដោយឃើញប្តីស្លាប់ នៅជិតដំបូកមួយ ដោយសារពស់ចឹក។
នាងបដាចារ បានចាកចេញពីសពប្តីទាំងទឹកភ្នែក ដោយដៃម្ខាងបីកូនពៅ ហើយដៃម្ខាងទៀត ដឹកដៃកូនបង ដើម្បីឆ្ពោះទៅកាន់ផ្ទះឪពុកម្តាយ។ ដើម្បីទៅដល់ផ្ទះ នាង ត្រូវឆ្លងស្ទឹងមួយ ព្រោះពេលនាង រត់គេចពីផ្ទះ ទៅរស់នៅជាមួយប្តី ក៏បានឆ្លងស្ទឹងនោះដែរ។ ពេលទៅដល់ស្ទឹងនោះ នាងបានឲ្យកូនបង រង់ចាំនៅត្រើយម្ខាងសិន ហើយនាង យកកូនពៅដែលទើបនឹងកើតតាមផ្លូវ ឆ្លងទៅមុន។ ឆ្លងផុតហើយ នាង បានដាក់កូនពៅ ឲ្យគេងលើដី ហើយត្រឡប់មកយកកូនបង។
ដើរដល់ពាក់កណ្តាលស្ទឹង ស្រាប់តែមាន សត្វខ្លែងមួយក្បាល ឆាបយកកូនពៅរបស់នាងទៅ។ ឃើញដូច្នេះ នាង ក៏ទ្រហោយំ ដោយបានលើកដៃបក់ផងនិងស្រែកផង ថាកុំឲ្យឆក់យកកូនរបស់នាង។ កូនបង ដែលនៅឯក្រោយម្ខាងទៀត ស្មានតែម្តាយ ស្រែកបក់ដៃហៅ ក៏ចុះក្នុងស្ទឹងដើរទៅរកម្តាយ។ កូនបងនោះ ត្រូវបានទឹកស្ទឹងកួចយកទៅបាត់។
តែមួយពព្រិចភ្នែកប៉ុណ្ណោះ នាងបដាចារ បានបាត់បង់ស្វាមីនិងកូនទាំងពីរ។ នាង ស្ទើរតែបាត់ស្មារតីទៅហើយ ព្រោះតែសេចក្តីទុក្ខដ៏ធំក្រៃលែង បានគ្របសង្កត់។
នាងបដាចារ ចេះតែបន្តដំណើរទាំងស្មារតីមិននឹងន។ នៅតាមផ្លូវ ពេលឃើញអ្នកគង្វាលគោ នាងក៏រត់ទៅឱប ដោយស្មានថាជាប្តី។ ពេលឃើញ អ្នកភូមិ ពរកូនតូច នាងក៏ស្ទុះទៅរក ដោយស្មានថាជាកូនរបស់នាង។ តែ នាងនៅភ្ញាក់ស្មារតីនិងដឹងខ្លួនតិចៗ ហើយក៏ចេះតែបន្តដំណើរទៅមុខ។ ពេលទៅដល់ស្រុកភូមិរបស់ខ្លួន នាង ក៏បានទទួលដំណឹងដ៏សែនរន្ធត់មួយទៀត គឺផ្ទះរបស់នាង បានដួលរលំដោយសារខ្យល់បោកបក់ ដែលបណ្តាលឲ្យឪពុកម្តាយនិងបងប្រុស បានស្លាប់ទាំងអស់គ្នា។
ត្រឹមមួយយប់ មួយថ្ងៃ នាងបដាចារ បានបាត់បង់អ្វីៗគ្រប់យ៉ាង។ ព្រោះតែទុក្ខកើតឡើងផ្ទួនៗបែបនេះ ចិត្តវិបល្លាស ក៏កើតឡើងចំពោះនាង ហើយនាង ក៏ប្រែក្លាយពីមនុស្សធម្មតា ទៅជាមនុស្សវិកលចរិត។ នាង បានដោះសម្លៀកបំពាក់ចេញពីខ្លួនទាំងអស់។ នាង ចេះតែដើរយំបណ្តើរ និងសើចបណ្តើរទាំងអាក្រាតកាយ។
ដើរយូរៗទៅ នាង ក៏ទៅដល់វត្តជេតពន ដោយមិនដឹងខ្លួន។ នាង ទៅដល់វត្តជេតពន ចំពេលដែលព្រះសម្មាសម្ពុទ្ធ កំពុងសម្តែងធម៌ ប្រោសបរិស័ទ។ នាងបានដើរតម្រង់ទៅកាន់ព្រះពុទ្ធទាំងមិនមានសម្លៀកបំពាក់។ ពេលចូលទៅដល់ បុរសម្នាក់ ក៏បានយកស្បៃទៅគ្របដណ្តប់ឲ្យនាង។ នាងក៏អង្គុយស្តាប់ការសម្តែងធម៌របស់ព្រះពុទ្ធ។
ទីបំផុត នាងក៏បានប្រែក្លាយជាមនុស្សដែលមានសតិប្រក្រតីវិញ។ នាង បានបួសជាភិក្ខុនី ហើយបានសម្រេចធម៌ ក្លាយជាព្រះអរហន្តី។ សេចក្តីទុក្ខទាំងអម្បាលម៉ាន បានរសាយចេញអស់ពីនាងបដាចារ។
មុននឹងបានសម្រេចធម៌ នាងបដាចារ ជាស្ត្រីមួយរូប ដែលមានទុក្ខធ្ងន់ជាអនេក។ មនុស្សស្រីខ្លះ ពេលមានវិបត្តិផ្សេងៗ ដូចជាស្វាមី ទៅមានអ្នកថ្មី ឬមានភាពរកាំរកូសក្នុងគ្រួសារ ក៏យល់ថា សេចក្តីទុក្ខរបស់ខ្លួន ហាក់មានទំហំធំពេកណាស់ ហើយក៏កើតគំនិតបែបអកុសលចង់ធ្វើអត្តឃាត។ មនុស្សស្រីខ្លះទៀត បានរស់នៅដោយដក់ជាប់ជាមួយនឹងទុក្ខកង្វល់ទាំងនោះ ដែលជាហេតុធ្វើឲ្យពួកគេ បាក់ទឹកចិត្តកាន់ខ្លាំងទៅៗ ហើយអាចបណ្តាលមានជំងឺក៏មាន។
ស្ត្រីគ្រប់រូប មិនគួរបណ្តោយខ្លួនឲ្យធ្លាក់ក្នុងសភាពកាន់តែយ៉ាប់យ៉ឺនបែបនេះឡើយ។ ពួកគេ គួរស្វែងរកវិធីបន្សាបសេចក្តីទុក្ខ ទើបប្រសើរជាងការគិតខ្លី ដោយចង់បញ្ចប់ជីវិតខ្លួនឯង។
ពួកគេ គួរពិចារណាក្នុងចិត្តថា៖«នាងបដាចារ មានទុក្ខធំណាស់ គ្មាននរណាមានទុក្ខដូចរូបនាងទេ។ ប្តីរបស់នាង ត្រូវពស់ចឹក ហើយកូនមួយ ត្រូវខ្លែងឆក់ ឯកូនមួយទៀត ត្រូវលង់ទឹក។
ចំណែកឪពុកម្តាយនិងបងប្រុស ត្រូវផ្ទះរលំសង្កត់លើរហូតបណ្តាលឲ្យស្លាប់។ បើគិតទៅទុក្ខរបស់នាង ធ្ងន់ជាងទុក្ខរបស់អញឆ្ងាយណាស់។ ទុក្ខរបស់អញ មិនអាចប្រៀបស្មើនឹងទុក្ខរបស់នាងបដាចារ សោះឡើយ។ គ្រាន់តែមានទុក្ខប៉ុណ្ណឹង ហេតុអ្វីអញត្រូវរងការឈឺចាប់ខ្លាំងនិងយូរអង្វែងបែបនេះ។ គ្រាន់តែមានទុក្ខប៉ុណ្ណឹង ហេតុអ្វី អញ ត្រូវសម្លាប់ខ្លួន។ អញ ត្រូវតែជម្នះលើសេចក្តីទុក្ខនេះឲ្យបាន។ អញ ត្រូវតែរឹងមាំ និងតស៊ូ ហើយបន្តរស់នៅទៅមុខទៀត......»។
ពេលមានសេចក្តីទុក្ខឬការឈឺចាប់ដោយសាររឿងអ្វីមួយ កុំភ្លេចយកខ្សែជីវិតរបស់នាងបដាចារមកពិចារណា៕