ជាតិ
សង្គមជាតិ
អគ្គនាយក​ថាមពល ប្រាប់​ពី​មូលហេតុ​នៃ​ការផ្តាច់​ភ្លើង​នៅ​តំបន់​ខ្លះ ដើម្បី​ផ្គត់ផ្គង់​តំបន់​ដែល​ខ្វះ
16, Mar 2019 , 2:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកនាំពាក្យ និង​ជា​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ពី​មូល​ហេតុដែល​នាំ​ឲ្យ​តំបន់​ខ្លះ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ត្រូវបាន​ផ្តាច់​ភ្លើង​ជា​បណ្តោះអាសន្ន។ លោក វិចទ័រ ហ្សូនា បានគូស​បញ្ជាក់ថា ​កម្ពុជា​ខ្វះខាត​ថាមពល​អគ្គិសនី​ដើម្បី​គ្រប់គ្រង​ខណៈពេលដែល​ក​ម្ពុ​ជាមាន​ការកើនឡើង​កម្តៅ ដែល​អាច​លោត​ហក់​ដល់​៤០​ទៅ​៤២​អង្សា ទើប​ខាង​អគ្គិសនី​កម្ពុជា​សម្រេចចិត្ត​ផ្តាច់​តំបន់​ដែលមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ដើម្បី​បំពេញ​តំបន់​ដែល​ខ្វះខាត​អគ្គិសនី​។



​លោក វិចទ័រ ហ្សូ​នា អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា ការសម្រេច​ផ្តាច់​ចរន្តអគ្គិសនី​នៅតាម​ខណ្ឌ សង្កាត់ នៅ​រាជធានី​ភ្នំពេញ និង​តាម​តំបន់​ផ្សេងទៀត គឺ​កម្ពុជា​កំពុងតែ​ជួប​កង្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ជាង​២០០​មេ​ហ្គា​វ៉ា​ត់​ទៀត ទើប​ប្រជាពលរដ្ឋ​មានលទ្ធភាព​ប្រើប្រាស់​គ្រប់គ្រាន់​។ 
 
​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមការងារ​យើង បានធ្វើការ​ផ្តាច់​ចរន្ត​នៅ​តំបន់​មួយចំនួន ហើយ​បើក​នៅ​កន្លែង​មួយចំនួន គឺ​សម្រាប់​ផ្លាស់ប្តូរ​គ្នា ដើម្បី​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់​បាន​គ្រប់គ្រាន់ នៅពេលដែល​សមត្ថភាព​យើង​ផ្ត​ត់​ផ្គង់​អត់​គ្រាន់​»​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា កម្ពុជា​នឹង​ទិញ​ថាមពល​អគ្គិសនី​ចំនួន​២០០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​បន្ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រយៈពេល​មួយឆ្នាំ​ពេញ​ផងដែរ​។ លោក​បន្តថា បច្ចុប្បន្ន​កម្ពុជា​មាន​ស​ម​ត្ថ​ភាព​ប្រើប្រាស់​អគ្គិសនី​បាន​៨៦​ភាគរយ​ហើយ ខណៈពេលដែល​រាជរដ្ឋាភិបាល​ប្តេជ្ញា​ឲ្យ​បាន​១០០​ភាគរយ​នៅ​ឆ្នាំ​២០២១​។​
 
​ខណៈដែល​កម្ពុជា​កំពុងតែ​រីកចម្រើន​គ្រប់​វិស័យ​នោះ កម្ពុជា​ក៏ត្រូវ​ការពង្រីក​ការកសាង​​អគ្គិសនី​ដែល​ដើរ​ដោយ​ព្រះអាទិត្យ នៅ​ខេត្តស្ទឹងត្រែង និង​កសាង​អគ្គិសនី​ដែល​ដើរ​ដោយ​ធ្បូ​ង​ថ្ម និង​ព្រះអាទិត្យ នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ វិចទ័រ ហ្សូនា​។​
 
​បើតាម​លោក វិចទ័រ ហ្សូ​នា កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ត្រឹមតែ​២៦០០​មេ​ហ្គា​វ៉ា​ត់​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏ត្រូវ​ការ​ថាមពល​ប្រើប្រាស់​ខ្ទង់​៣០០០​មេ​ហ្គា​វ៉ា​ត់ ទើប​អាច​ផ្គត់ផ្គង់​តំបន់​សេដ្ឋកិច្ច ទីកន្លែង​កម្សាន្ត លំនៅដ្ឋាន​ដែល​នៅ​ដាច់​ស្រ​យោល របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​។ 
​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​មូលនិធិ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ជាង​១០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី សម្រាប់​ជួយ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​ទាប និង​មធ្យម​។ នេះ​បើតាម​ការចុះផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​។ 
 
​សូមបញ្ជាក់ថា តម្លៃ​អគ្គិសនី​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា បញ្ចុះ​ពី​៤៨០​រៀល​នៅ​ឆ្នាំ​២០១៨ មក​នៅត្រឹម​៣៨០ រៀល និង​ឆ្នាំ​២០១៩ សម្រាប់​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី​១ ដល់​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ និង​ការប្រើប្រាស់​ចាប់ពី​១១​ដល់​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ​៕  
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អគ្គិសនី​កម្ពុជា​
 ​ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com