អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហបុរី ស្នើឲ្យពលរដ្ឋខ្លួនតាមដានការវិវឌ្ឍនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ចៀសវាងក្លាយជារដ្ឋរងគ្រោះ
20, May 2019 , 2:20 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលសិង្ហបុរី បានមើលឃើញពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សិង្ហបុរី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងសកម្មមួយនៅក្នុងតំបន់ និងពិភពលោក បានទទូចឲ្យប្រជាជនរបស់ខ្លួនតាមដានទំនោរនេះផង ដើម្បីធានាថា សិង្ហបុរី មិនក្លាយជាជនរងគ្រោះ និងខាតបង់ផលប្រយោជន៍។



តាមរយៈសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំសន្តិសុខដែនសមុទ្រក្នុងតំបន់នៅថ្ងៃ១៤ ឧសភា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Chan Chun Sing បានអះអាងថា សិង្ហបុរី ក៏មិនអាចគេចផុតពីផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននោះទេ ហើយទាំងរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ត្រូវតែតាមដានដោយយកចិត្តទុកដាក់លើបញ្ហានេះ។ នេះបើតាមការចុះផ្សាយរបស់ Straits Times។

លោករដ្ឋមន្ត្រី បន្តទៀតថា សិង្ហបុរី ចាំបាច់ត្រូវធ្វើការជាមួយនឹងបណ្តាប្រទេសពាក់ព័ន្ធដើម្បីសម្របសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធពាណិជ្ជកម្មសកល។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិង្ហបុរី គឺជាប្រទេសដែលគាំទ្រប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលមានស្ថិរភាព គោរពតាមបទដ្ឋាន និងមានលក្ខណៈអាចព្យាករបាន។

ខណៈពណ៌នាវិវាទពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិក និងចិន ជាសង្គ្រាមពិពាណិជ្ជកម្មដ៏តានតឹង និងធ្ងន់ធ្ងរ លោករដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានស្នើឲ្យប្រជាជនសិង្ហបុរីទាំងអស់ត្រូវតែមានការត្រៀមខ្លួនលើទំនោរនេះ ដ្បិតសិង្ហបុរី ក៏អាចនឹងទទួលរងផលប៉ះពាល់ដោយប្រយោលពីវិវាទ។ ក៏ប៉ុន្តែលោក អះអាងថា តាមរយៈការតាមដានដោយប្រុងប្រយ័ត្ន សិង្ហបុរី អាចតម្រង់សេដ្ឋកិច្ចរបស់ខ្លួនដើម្បីឆក់យកឱកាស និងគ្រប់គ្រងពីស្ថានភាពនេះបាន។

នៅពេលអ្នកសារព័ត៌មានសួរថាតើសិង្ហបុរី អាចធ្វើអ្វីបានលើបញ្ហានេះ លោករដ្ឋមន្ត្រី បានឲ្យដឹងថា សិង្ហបុរី គឺជាមិត្តទាំងអាមេរិក និងចិន ហើយសិង្ហបុរី ក៏សង្ឃឹមថា ភាគីទាំងពីរ អាចធ្វើការរួមគ្នាដើម្បីធានាពីស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មសកល។ លោក បន្ថែមថា សិង្ហបុរី នឹងបន្តផ្តល់គំនិតដល់ទាំងអាមេរិក និងចិនដោយស្មោះត្រង់ ដើម្បីឲ្យភាគីទាំងពីរ អាចពិចារណាឡើងវិញចំពោះដំណើរទៅមុខទៀត។

គួរជម្រាបបន្តិចថា មកទល់ពេលនេះ ទាំងអាមេរិក និងចិន នៅតែបន្តអនុវត្តគោលនយោបាយរឹតត្បិតដាក់គ្នាលើការនាំចេញ និងនាំចូល ជាក់ពិសេសនោះភាគីទាំងពីរ បន្តបន្ថែមពន្ធលើមុខទំនិញកាន់តែខ្ពស់ ដែលការអភិវឌ្ឍនេះ កំពុងតែគំរាមកំហែងដល់សេដ្ឋកិច្ចសកល ជាពិសេសនោះ ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍ ដែលកន្លងមកទទួលបានលក្ខខណ្ឌអនុគ្រោះពាណិជ្ជកម្មនោះ៕

Tag:
 សិង្ហបុរី
  ចិន
  អាមេរិក
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com