ជាតិ
បាក់ឌុប
សង្គមជាតិ
រដ្ឋមន្ត្រី៖ មូលហេតុសម្រេចឱ្យបេក្ខនារីនៅសៀមរាបធ្លាក់ស្វ័យប្រវត្តិ ព្រោះមិនចង់ឱ្យខូចប្រព័ន្ធអប់រំ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
× ភ្នំពេញ៖ បេក្ខនារីម្នាក់នៅខេត្តសៀមរាប ត្រូវបានមន្ត្រីក្រសួងអប់រំមិនអនុញ្ញាតឲ្យចូលប្រឡងឡើយ ដោយសារតែនាងទៅយឺតកន្លះម៉ោង (ក្រោយសំឡេងជួងលើកទី២) ពោលគឺការប្រឡង ចាប់ផ្តើមនៅម៉ោង៧កន្លះព្រឹក នាថ្ងៃទី១៩សីហានេះ តែនាង បានទៅដល់នៅម៉ោង៨។ មតិសាធារណជនខ្លះ គាំទ្រចំណាត់ការតឹងរឹងរបស់ក្រសួងអប់រំនេះ ។ប៉ុន្តែមតិខ្លះរិះគន់ថា ការអនុវត្តវិធានការរបស់ក្រសួងបែបនេះ ហាក់ដូចជាបំផ្លាញអនាគតបេក្ខនារីប្រឡងរូបនោះ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួន ណារ៉ុន បកស្រាយតាមរយៈសារព័ត៌មានថ្មីៗ ពីមូលហេតុដែលក្រសួងសម្រេចចិត្ត មិនផ្ដល់ឱកាសឱ្យបេក្ខនារី ចូលប្រឡង ហើយធ្លាក់ដោយស្វ័យប្រវត្តិនេះ។
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ហេតុផលដែលក្រសួងមិនអនុញ្ញាតឱ្យបេក្ខនារីរូបនោះ ចូលប្រឡង ដោយសារតែមិនចង់ឱ្យខូចប្រព័ន្ធកំណែទម្រង់នៃការប្រឡង ជាពិសេសការពារករណីបែកធ្លាយវិញ្ញាសាប្រឡង។ ក្នុងន័យនេះរដ្ឋមន្ត្រីក្រសួងអប់រំ បាននិយាយថា បើសិនជាទុកឱ្យបេក្ខនារីនោះចូលប្រឡង ទំនងនាងអាចដឹងប្រធានវិញ្ញាសាមុន ដោយសារតែនាងមកក្រោយបេក្ខជនដទៃទៀត រយៈពេល៣០នាទី ហើយអាចឱ្យនាងងាយស្រួលក្នុងការយកពិន្ទុប្រឡងជាដើម។ ម្យ៉ាងវិញទៀតរដ្ឋមន្ត្រីក្រសួងអប់រំ យល់ឃើញថា ការផ្ដល់ឱកាសឱ្យបេក្ខជនដែលមកយឺត វានឹងផ្ដល់ផលអវិជ្ជមានទៅថ្ងៃអនាគត ពោលគឺវានឹងធ្វើឱ្យបេក្ខជនដទៃលែងគោរពពេលវេលា និងវិន័យក្នុងការប្រឡង ដែលក្រសួងប្រឹងប្រែងរឹតបន្តឹងរយៈពេល៥ឆ្នាំមកនេះ។
ជាបន្តសូមលោកអ្នកនាង ស្ដាប់ការបកស្រាយរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដល់កិច្ចសម្ភាសផ្ដាច់មុខដល់សារព័ត៌មានថ្មីៗ ដូចតទៅ៖
និយាយបែបនេះ មិនមែនមានន័យថា ក្រសួងអប់រំ ដាក់ចេញវិធានការរឹតបន្តឹង ដាច់អហង្ការនោះទេ ។ បើតាមរដ្ឋមន្ត្រីអប់រំ បេក្ខជនដែលមកយឺតត្រឹម១៥នាទី ក្រោយចែកវិញ្ញាសារប្រឡង គឺអាចសុំការអនុញ្ញាតប្រឡង តាមរយៈការចចារ និងប្រាប់មូលហេតុទៅមន្ត្រីអប្បមាទ ឬអនុរក្ស ប៉ុន្តែមិនឱ្យចូលប្រឡងយឺតលើសពី១៥នាទីនោះទេ។
បកស្រាយពីបញ្ហាបេក្ខនារីខេត្តសៀមរាបនេះហើយ លោក ហង់ ជួន ណារ៉ុន ក៏បានបញ្ជាក់ពីករណីចាប់សំណៅឯកសារ និងទូរសព្ទ នៅក្នុងថ្ងៃប្រឡង ដែលកំណត់ឱ្យបេក្ខជនពីររូប ធ្លាក់ដោយស្វ័យប្រវត្តិផងដែរ។
Tag:
ហង់ ជួន ណារ៉ុន
បាក់ឌុប ២០១៩
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com