ជាតិ
សង្គមជាតិ
ជំនួយការអប្បមាទបាក់ឌុបម្នាក់នៅស្វាយរៀងទទួលមរណភាព រូបលោក គង់ និវឌ្ឍ ដែលជំហានដំបូងត្រូវបានសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ
× ភ្នំពេញ៖ លោក គង់ និវឌ្ឍ ដែលចូលរួមបំពេញភារកិច្ចជាជំនួយការអប្បមាទ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កន្លងទៅនេះ បានទទួលមរណភាព កាលពីយប់ថ្ងៃទី២០ ខែសីហា ពោលក្រោយបញ្ចប់ដំណើរការប្រឡងរយៈពេល២ថ្ងៃ។ បើតាមលោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មរណភាពរបស់លោក គង់ និវឌ្ឍ ត្រូវបានសន្និដ្ឋានជាជំហានដំបូងថា បណ្តាលមកពីខ្យល់គរ ប៉ុន្តែត្រូវរង់ចាំការធ្វើកោសល្យវិច្ច័យជាមុនសិន ។
លោក គង់ និវឌ្ឍ ជាគរុសិស្សរៀនឆ្នាំទី១ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង បានទទួលមរណភាពកាលពីយប់ថ្ងៃទី២០ ខែសីហា ក្រោយពេលលោកបំពេញភារកិច្ចជាមន្ត្រីអប្បមាទរួច។ នាកិច្ចប្រជុំបូកសរុបដំណើរការសំណេរ លោក ហង់ជួន ណារ៉ុន ក៏បានដឹកនាំពិធីស្មិងស្មាធ៍ គោរពវិញ្ញាណក្ឋន្ធ លោក គង់ និវឌ្ឍ ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្ញើលិខិតរំលែកទុក្ខជូនដល់គ្រួសារសពផងដែរ។ លោកបានសរសេរក្នុងលិខិតរំលែកទុក្ខដូច្នេះថា៖«ខ្ញុំសូមបួងសួងជូនដល់វិញ្ញាណក្ខន្ធគរុសិស្ស គង់ និវឌ្ឍ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តន៍ កុំបីឃ្លៀងឃ្លាតឡើយ។ សូមក្រុមគ្រួសារ ញាតិសន្តាន និងមិត្តភក្តិទាំងអស់នៃសព ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ»។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ និងលោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានដឹកនាំប្រតិភូក្រសួងទៅគោរពវិញ្ញាណក្ខន្ធសពផ្ទាល់ផងដែរ៕
Tag:
អប្បមាទ
បាក់ឌុប
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com