កីឡាជាតិ
ជាតិ
គីរីវង់សងសឹកក្រោនបានសម្រេច ខណៈបឹងកេត និងអង្គរថាយហ្គឺរអស់ឱកាសប្រជែងពាន សកម្មភាពប្រកួតរវាងក្រុមគីរីវង់សុខសែនជ័យ(អាវស)ជាមួយភ្នំពេញក្រោន
× ក្រុមគីរីវង់សុខសែនជ័យបានធ្វើឲ្យភ្ញៀវភ្នំពេញក្រោនខកចិត្តយ៉ាងខ្លាំងជាមួយជ័យជម្នះ ៣-២ នៅលើទឹកដីខ្លួន។ ទោះបីមិនអាចជួយឲ្យខ្លួនឡើងទៅប្រជែងយកចំណាត់ថ្នាក់ក្តី តែជ័យជម្នះនេះ ជួយឲ្យគីរីវង់សុខសែនជ័យសងសឹកភ្នំពេញក្រោន ដែលយកឈ្នះខ្លួននៅជើងទី១បានសម្រេច។ ក្រុមជើងឯកពីរសម័យកាលគឺបឹងកេត និងអង្គរថាយហ្គឺរ បានអស់ឱកាសឡើងទៅប្រជែងដណ្តើមជើងឯកនៅឆ្នាំនេះ ក្រោយពួកគេធ្វើមិនបានល្អក្នុងជំនួបសប្តាហ៍ទី២២។ ជ័យជម្នះ ៧-០ លើក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី មិនត្រឹមតែជួយឲ្យព្រះខ័នរាជស្វាយរៀងអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់ប៉ុណ្ណោះទេ តែជួយឲ្យពួកគេខិតកាន់តែជិតនៃការគ្រងជើងឯក។
ភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះបានកើតឡើងត្រឹម១នាទីដំបូង ក្រោយកីឡាករ Coulibaly Souleymane រកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមគីរីវង់សុខសែនលើភ្ញៀវភ្នំពេញក្រោន។ ប៉ុន្តែភាពសប្បាយរីករាយនេះ ត្រូវបានរសាយត្រឹម៧នាទី ក្រោយកីឡាករ ប្រាក់ ធីវ៉ា រកគ្រាប់បាល់តាមស្មើ ១-១ ឲ្យភ្នំពេញក្រោន។ ក្តីសង្ឃឹមបានកើតឡើងម្តងទៀតសម្រាប់ម្ចាស់ផ្ទះ បន្ទាប់ពីកីឡាករ Reiya Konishita សម្រេចគ្រាប់បាល់នាំមុខ ២-១ សម្រាប់គីរីវង់សាជាថ្មីនៅនាទីទី១០។
ការប្រកួតដំណើរបានជាង៣០នាទីកីឡាករ Reiya Konishita បានសម្រេចគ្រាប់ទី២របស់ខ្លួន ដើម្បីបង្កើនការនាំមុខ ៣-១ ឲ្យក្រុមគីរីវង់សុខសែនជ័យមុនបញ្ចប់តង់ទី១។ ក្រោយសម្រាកតង់រយៈពេល១៥នាទី គ្រាប់បាល់ក៏បានកើតឡើងត្រឹម៩នាទីដំបូងនៃតង់ទី២ ក្រោយកីឡាករអាហ្វហ្គានីស្ថាន Mustafa Zazai សម្រេចគ្រាប់បាល់តាមពីក្រោយ ៣-២ សម្រាប់ភ្ញៀវភ្នំពេញក្រោន។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត ទោះបីពួកគេបានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមកក៏ដោយ។
ទោះបីមិនអាចជួយឲ្យខ្លួនឡើងទៅប្រជែងយកចំណាត់ថ្នាក់ក្តី តែគីរីវង់សុខសែនជ័យពិតជារីករាយជាមួយជ័យជម្នះនេះ ព្រោះជួយឲ្យពួកគេសងសឹកភ្នំពេញក្រោន ដែលយកឈ្នះខ្លួន ២-១ នៅជើងទី១បានសម្រេច។ ទាំងក្រុមគីរីវង់សុខសែនជ័យ និងភ្នំពេញក្រោនសុទ្ធតែអស់ឱកាសឡើងទៅប្រជែងដណ្តើមពាន ឬចំណាត់ថ្នាក់លេខ២។
ក្រុមជើងឯកពីរសម័យកាលជាប់គ្នា(២០១៦, ២០១៧)បឹងកេតក៏អស់ឱកាសប្រជែងដណ្តើមពាននៅរដូវកាលនេះ បន្ទាប់ពីពួកគេស្មើ ២-២ ជាមួយអាស៊ីអឺរ៉ុបនៅលើទឹកដីខ្លួន។ បឹងកេតស្ថិតនៅលេខ៥មាន៤២ពិន្ទុ ដោយមានគម្លាត១៦ពិន្ទុពីក្រុមកំពូលតារាង ខណៈពួកគេនៅសល់៤ប្រកួតទៀត។ ប៉ុន្តែពួកគេនៅមានឱកាសប្រជែងយកចំណាត់ថ្នាក់លេខ២ ដែលវិសាខាកំពុងគ្រងជាមួយ៥០ពិន្ទុ។
ជាមួយគ្នានេះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរ ក៏អស់ឱកាសឡើងទៅប្រជែងដណ្តើមពានផងដែរ បន្ទាប់ពីពួកគេរងបរាជ័យ ៤-១ ក្រោមថ្វីជើងអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)។ បច្ចុប្បន្នក្រុមនេះ ស្ថិតនៅលេខ៤មាន៤២ពិន្ទុស្មើបឹងកេត។
ក្រុមព្រះខ័នរាជស្វាយរៀងបន្តបង្ហាញភាពខ្លាំង តាមរយៈការរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ បន្ទាប់ពួកគេយកឈ្នះក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទី ៧-០ នៅលើទឹកដីខ្លួននៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា។ ជ័យជម្នះនេះ មិនត្រឹមតែជួយឲ្យពួកគេអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់២២ប្រកួតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យពួកគេខិតកាន់តែជិតនៃការគ្រងជើងឯកនៅរដូវកាលនេះ។ បច្ចុប្បន្នពួកគេស្ថិតនៅកំពូលតារាងមាន៥៨ពិន្ទុ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានស្តាតចាស់ ណាហ្គាវើលបានយកឈ្នះកំពង់ចាមក្នុងលទ្ធផល ៣-០ ដើម្បីបន្តពង្រឹងទីតាំងទី៣ជាមួយ៤៧ពិន្ទុ។ តាមរយៈលទ្ធផលនេះ យើងអាចវាយតម្លៃបានថា សមត្ថភាពរបស់ក្រុមចំណូលថ្មីកំពង់ចាមមានការរីកចម្រើនខ្លាំង ខណៈកាលពីជើងទី១ពួកគេចាញ់ក្នុងលទ្ធផល ១៨-០៕
Tag:
Cambodia League 2019
គីរីវង់សុខសែនជ័យ
ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com