ONE Championship
កីឡាជាតិ
ជាតិ
ផាត សូ​ដា ឆ្លងកាត់​ក្នុង​ពិភព​គុន​ចម្រុះ​ច្រើន​ឆ្នាំ មុន​ក្លាយជា​គ្រូ​នៅ​ក្លិប​ប្រដាល់​គោព្រៃ​
16, Sep 2019 , 11:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ផាត សូ​ដា ជា​អតីត​អ្នកលេង​គុន​ចម្រុះ​ល្បីឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ដែល​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ហើយ​រូបគេ​ធ្លាប់​បង្ហាញខ្លួន​នៅ សង្វៀន ONE Championship ចំនួន​៣​ដង មុន​ក្លាយជា​គ្រូបង្វឹក​នៅ​ក្លិប​ប្រដាល់ គោព្រៃ នាពេល​បច្ចុប្បន្ន​។



​សូ​ដា ផ្អាក​ឡើង​សង្វៀន​អន្តរជាតិ​តាំងពី​ប្រកួត​ចាញ់ កីឡាករ​ឥណ្ឌូណេស៊ី Elipitua Siregar នៅ​សង្វៀន ONE កាល​ខែកញ្ញា ឆ្នាំមុន គ្រា​ដែល​ឳ​ពុក​ក្មេក​ឈឺ​ធ្ងន់ ពេល​កម្មវិធី​រៀបចំ​នៅ​ប្រទេស​ចិន​។ ចំណែក សង្វៀន​ក្នុងស្រុក រូបគេ​ផ្អាក​ជិត ២ ឆ្នាំ​ក្នុងការ​បង្ហាញខ្លួន​ប្រកួត​គុន​ខ្មែរ​។ យ៉ាងណាក្ដី រូបគេ​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ស្រុក និង ទទួលបាន​ការអញ្ជើញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើស​ង្វៀន ONE ចំនួន ៣ ដង​។ តាំងពី​ប្រឡូក​ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ​នា​ឆ្នាំ ២០១២ មក ផាត សូ​ដា មិនដែល​ចាញ់​ទេ​នៅ​សង្វៀន​ក្នុងស្រុក ប៉ុន្តែ​ស្មើ​ម្ដង​។



​ផាត សូ​ដា បាន​ឲ្យ​ដឹងថា ៖«​តាមពិត​គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ ចង់​ឲ្យ​ខ្ញុំ​ទៅ​ហ្វឹកហាត់​ដែរ ដើម្បី​ចាប់​គូ​វ៉ៃ ប៉ុន្តែ​ខ្ញុំ​មិនអាច​ទៅបាន ព្រោះ​មានគ្រួសារ​ក្នុងបន្ទុក មានកូន​... ដែល​ត្រូវ​ការចំណាយ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​ពេលនេះ ខ្ញុំ​ធ្វើការ ហើយ ខ្ញុំ​ជា​គ្រូបង្វឹក​នៅ​ក្លិប គោព្រៃ​ផង​។ ខ្ញុំ​អាច​ហាត់​ខ្លួនឯង និង បង្ហាត់​សិស្ស​ផង​»​។ កីឡាករ​វ័យ ៣០​ឆ្នាំ​រូបនេះ​បាន​រំលឹកថា ពេល​ខ្លួន​ទៅ​ប្រកួត​សង្វៀន ONE លើកដំបូង ក្រោយ​រៀបការ​រួច​ថ្មីៗ កាល​ឆ្នាំ ២០១៧ និង មិន​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​ត្រលប់​មកវិញ​ឡើយ​។ ប៉ុន្តែ​បើ​និយាយ​អំពី​ការប្រកួត​នៅក្នុង​ស្រុក​វិញ សូ​ដា តែងតែ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ក្នុងការ​ប្រកួត​គុន​ចម្រុះ​ក្នុង​ប្រភេទ​ទម្ងន់ ត្រឹម ៥៥ ទៅ ៥៧ គីឡូក្រាម​។

​វិ​ដេ​អូ​ប្រកួត ផាត សូ​ដា​និង Elipitua Siregar




​សូ​ដា បញ្ជាក់ទៀតថា​៖«​តាមពិត ខ្ញុំ​ចង់​ប្រកួត​ណាស់​បង ប៉ុន្តែ ជីវភាព​គ្រួសារ​មាន​តម្រូវការ​ច្រើនជាង​។ ខ្ញុំ​ធ្វើការ​រោងចក្រ ផង និង​បង្ហាត់​ផង​ដើម្បី​បាន​កម្រៃ​ទប់​គ្នា​ព្រោះ​ប្រពន្ធ​ខ្ញុំ​នៅផ្ទះ​មើល​កូន​។ បើសិន​ខ្ញុំ​រង់ចាំតែ​ឡើង​សង្វៀន គឺ ទប់​អត់​ជាប់​ទេ​។ បើ​ប្រកួត​ក្នុងស្រុក​អាច​មួយខែ ម្ដង ប៉ុន្តែ ពេលខ្លះ​អត់​បាន​ប្រកួត​ទៀត​។ ដូច្នេះ​ខ្ញុំ​មិនអាច​ហ្វឹកហាត់​ដើម្បី​រង់ចាំតែ​ប្រកួត​មួយ​មុខ​បាន​ព្រោះ​មិនមែន​ខ្លួន​មួយ​។ ខ្ញុំ​ផ្អាក​វ៉ៃ​ក្នុងស្រុក​ជិត ២ ឆ្នាំ​ហើយ​កូន​ខ្ញុំ​មាន​អាយុ​ជាង​១ ឆ្នាំ​»​។



​អតីត​កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ បាន​បង្ហើប​ការតាំង​ចិត្ត​ថា រូបគេ​អាច​នឹង​ឡើង​សង្វៀន​សាជាថ្មី​បើសិន​មាន​ពេល​សមស្រប​ណាមួយ​។
​ផាត សូ​ដា ជា​អតីត​អ្នកលេង​គុន​ចម្រុះ​ល្បីឈ្មោះ​ម្នាក់​ក្នុងចំណោម មាស ម៉ើ​, ថៃ រិទ្ធី និង ស៊ឹម ប៊ុន​ស្រ៊ន់ ជាដើម​។ សូ​ដា បាន​ធំ​ដឹងក្ដី​ជា​ក្មេង​កំព្រា​មកពី​ខេត្តព្រៃវែង និង​បាន​ចូល​ហាត់គុន​ខ្មែរ មុន​ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​នៅ​ឆ្នាំ ២០១២ ក្រោម​ការ​បង្វឹក​របស់​លោក ហ៊ុន ច័ន្ទ​រាជ្យ ហើយ​គេ​បាន​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​សម្រាប់​ការប្រកួត​ដាក់​ទ្រុង​នៅ​កម្ពុជា​។

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។

© រក្សាសិទ្ធិដោយ thmeythmey.com