អន្តរជាតិ
ថៃ ត្រៀម​៤៩​លាន​ដុល្លារ​ជួយ​គាំទ្រ​តម្លៃ​ប្រេង​ក្នុងស្រុក ក្រោយ​ហេតុការណ៍​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត
17, Sep 2019 , 10:04 am        
រូបភាព
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ដោយ:
​ក្រសួង​ថាមពល​ថៃ មាន​គម្រោង​ប្រើ​លុយ ១,៥​ពាន់​លាន​បាត ឬ​ស្មើនឹង ៤៩​លាន​ដុល្លារ ពី​មូលនិធិ​ប្រេង​រដ្ឋ ដើម្បី​ជួយ​គាំទ្រ​តម្លៃ​ប្រេង​ក្នុងស្រុក ដែល​រំពឹង​នឹង​កើនឡើង​១​បាត​ក្នុង​មួយ​លីត្រ នា​រយៈពេល​ខ្លី ។ ការត្រៀម​លក្ខណៈ​ជាមុន​នេះ ធ្វើឡើង​បន្ទាប់ពី​ដ្រូ​ន​ចំនួន ១០ បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​ចម្រាញ់​ប្រេង​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ។



​ផែនការ​នេះ​គឺជា​របៀបវារៈ​បន្ទាន់​មួយ​សម្រាប់​ជំនួប​របស់​គណៈកម្មាធិកា​រគោល​នយោបាយ​ថាមពល នៅ​ថ្ងៃ​អង្គារ ទី​១៧ កញ្ញា ។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ថាមពល​ថៃ Sontirat Sontijirawong ដែល​នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។

«​ក្រសួង កំពុង​តាមដាន​តម្លៃ​ប្រេង​សកល និង​ប៉ាន់ប្រមាណ​ថា តើ​ឥទ្ធិពល​របស់​វា​នឹងមាន​រយៈ​ខ្លី​ឬ​យ៉ាងណា​»​។ លោក Sontirat និយាយ​បែបនេះ ដោយ​បន្ថែមថា តម្លៃ​ប្រេង​ឆៅ (Brent) កើនឡើង ១២ ភាគរយ ស្មើនឹង ៧១ ដុល្លារ​ក្នុង​មួយ​ប៉ា​រែ​ល នៅ​ថ្ងៃ​ព្រឹក​ចន្ទ ប៉ុន្តែ​តម្លៃ​ធ្លាក់ចុះ​ទៅវិញ​មក ៦៧​ដុល្លារ នៅពេល​រសៀល ។ លោក​រដ្ឋមន្ត្រី ចាត់ទុកជា «​សញ្ញា​ល្អ​មួយ​»​។​

​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក Sontirat បញ្ជាក់​ឲ្យ​ដឹងថា ជា​លទ្ធផល កំណើន​៥​ដុល្លារ​ក្នុងតម្លៃ​ប្រេង​សកល បាន​ដំឡើងថ្លៃ​១​បាត​ក្នុង​មួយ​លីត្រ ក្នុងតម្លៃ​លក់រាយ​ក្នុងស្រុក​។ លោក សង្កត់ធ្ងន់ថា ផែនការ​១,៥​ពាន់​លាន​បាត​នេះ នឹង​ប្រើ​ជា​ការជួយ​សម្រួល​តម្លៃ​ប្រេង​សម្រាប់​ប្រជាជន​ថៃ​។​

​ក្រសួង​ថាមពល​ថៃ បាន​រាយការណ៍​ថា មូលនិធិ​ប្រេង​រដ្ឋ ធ្លាប់បាន​ផ្តល់​លុយ ៣៩,៤​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង ១,២៨​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​កំណើន​នៃ​តម្លៃ​ប្រេង​សកល​។

​ថៃ មាន​ប្រេង​ឆៅ​បម្រុង​ទុក​គ្រប់គ្រាន់​សម្រាប់ ៥៤​ថ្ងៃ ដែល​សរុប​ស្មើនឹង ៣,៣៧​ពាន់​លាន​លីត្រ និង​២៣​ថ្ងៃ​សម្រាប់​ឧស្ម័ន (LPG) សរុប​ស្មើនឹង ១៣១ លាន​គីឡូក្រាម​។​ថៃ នាំចូល​ប្រេង​ឆៅ​ប្រមាណ ១​លាន​ប៉ា​រែ​លពី​បរទេស ដែល​ក្នុងនោះ ១៧​ម៉ឺន​ប៉ា​រែ​ល​ក្នុង​មួយថ្ងៃ ដឹក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត ។ តួលេខ​នេះ ស្មើនឹង ១៦​ភាគរយ​នៃ​ប្រេង​នាំចូល​ពី​បរទេស​សរុប​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ ១៤ កញ្ញា ដ្រូ​ន​ចំនួន​១០ បាន​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​សំខាន់​ចំនួន ២ ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រួមមាន Abqiaq និង Khurais ។ ក្រុម​សកម្មប្រយុទ្ធ Houthi ក្នុងប្រទេស​យេ​ម៉ែន បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។ ភ្លាមៗ​ក្រោយ​កើតហេតុ​ការណ៍​នេះ តម្លៃ​ប្រេង​ឆៅ បាន​ហក់​ឡើង ២០​ភាគរយ ក្រោយ​ទីផ្សារ​ប្រេង​បើកទ្វារ​នៅ​យប់​ថ្ងៃ​សៅរ៍ និង​ធ្លាក់ចុះ​ទៅវិញ នៅ​ថ្ងៃ​ចន្ទ ទី​១៦ កញ្ញា​។​

Abqaiq គឺជា​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​បំផុត​របស់​ពិភពលោក ដោយមាន​សមត្ថភាព​ផលិត​ប្រេង ៨,៤៥​លាន​ប៉ា​រែ​ល ក្នុង​មួយថ្ងៃ​។ អា​រ៉ា​ប៊ី​សា​អូឌីត ប្រទេស​នាំចេញ​ធំ​បំផុត​ក្នុង​ពិភពលោក បាន​ដឹក​ប្រេង​ចេញ​ប្រមាណ ៩,៨​លាន​ប៉ា​រែ​ល​ក្នុង​មួយថ្ងៃ ដែល​ក្នុងនោះ ៥,៧​លាន​ប៉ា​រែ​ល បានមកពី​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​រង​ការវាយប្រហារ​ទាំងពីរ​នេះ​៕


Tag:
 ថៃ​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com