កីឡាអន្តរជាតិ
អន្តរជាតិ
កិច្ចសន្យា​ថ្មី នាំ​ឲ្យ De Gea ក្លាយជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ Man Utd
17, Sep 2019 , 12:37 pm        
រូបភាព
​អ្នកចាំទី​ដៃ​ស្អិត David de Gea បាន​ព្រមព្រៀងគ្នា​ជាមួយ​ក្លិប Manchester United ក្នុង​ការបន្ត​កិច្ចសន្យា​ថ្មី​បន្ថែមទៀត​រហូតដល់​ឆ្នាំ ២០២៣ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ចំនួន ៣១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្តាហ៍ ក្រោយ​បង់ពន្ធ​រួច​។



De Gea វ័យ ២៨ ឆ្នាំ​បានបង្ហាញ​ខ្លួន ឲ្យ​ក្រុម​បិសាច​ក្រហម ៣៦៧​ប្រកួត​ចាប់តាំងពី​លោក Sir Alex Ferguson ទិញ​រូបគេ​ពី Atletico Madrid ក្នុងតម្លៃ ១៨,៩ លាន​ផោន (២៣,៤៧​លាន​ដុល្លារ​) កាលពី​ខែមិថុនា ឆ្នាំ​២០១១​។​

​តាមពិតទៅ​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ខិតជិត​ទៅនឹង​ការផ្លាស់​ទៅ Real Madrid ទៅហើយ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​សម្រាប់​រដូវ​កាល​ថ្មី​នេះ ស្របពេល​កិច្ចសន្យា​របស់គេ​នៅ Old Trafford ជិត​ដល់​កាលកំណត់​។ យ៉ាងណា ការចរចា​មិនត្រូវ​រូ​វ​គ្នា​ទើប De Gea ត្រូវ​នៅ​បន្ត​រហូត​ព្រមព្រៀង​ផ្តល់​កិច្ចសន្យា​ថ្មី​ចំនួន​៤​ឆ្នាំ រួមទាំង​ជម្រើស​បន្ថែម​១​ឆ្នាំ​ទៀតផង ពោលគឺ​រហូតដល់​ឆ្នាំ​២០២៤​។​



​មុន​កិច្ចព្រមព្រៀង​ថ្មី​នេះ De Gea មាន​ប្រាក់​ឈ្នួល​តែ​ជាង ១៨​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​មុន​បង់ពន្ធ​។ កិច្ចសន្យា​ថ្មី បាន​នាំ​ឲ្យ De Gea ក្លាយជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ Man Utd ដោយ​ទទួលបាន​ប្រាក់​ឈ្នួល ១៦,៧៦ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ឬ​៣១​ម៉ឺន​ដុល្លារ​ក្នុង​មួយអាទិត្យ​បន្ទាប់ពី​បង់ពន្ធ​រួច​។ តាមពិតទៅ Paul Pogba ឯណោះ​ទេ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត ប៉ុន្តែ​ដោយសារ​មិន​អាចជួយ​ក្រុម​បាន​លេង Champions Leageu ទើបត្រូវ​កាត់បន្ថយ​ប្រាក់ ២៥​ភាគរយ​ដែល​បាន​ចារ​ក្នុង​កិច្ចសន្យា​រួចហើយ លើកលែងតែ De Gea មួយ​ប៉ុណ្ណោះ​។​

De Gea ដែល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ចំនួន ៤០​លើក បាន​ជួយ Man Utd ឈ្នះ​ជើងឯក Premier League មួយ​លើក​ក្នុង​រដូវ​កាល ២០១២-១៣ រួមទាំង FA Cup ៣​លើក League Cup ២​លើក និង Europa League រដូវ​កាល ២០១៦-១៧៕


Tag:
 David de Gea
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com