អន្តរជាតិ
ឥណ្ឌូណេស៊ី នឹង​ដំឡើងថ្លៃ​បារី​បី​ដង​នៅ​ដើមឆ្នាំ​២០២០
27, Sep 2019 , 10:29 am        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ឥណ្ឌូណេស៊ី នឹង​ដំឡើងថ្លៃ​បារី​យ៉ាងតិច​បី​ដង​ចាប់ពី​ខែមករា ឆ្នាំ​២០២០ តទៅ​។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី​កាលពី​សប្ដាហ៍​មុន​។ ការដំឡើងថ្លៃ​នេះ ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដើម្បី​កាត់បន្ថយ​អត្រា​អ្នក​ជក់បារី ប៉ុន្តែ​ឧស្សាហកម្ម​បារី​ឥណ្ឌូណេស៊ី ចេញមុខ​ប្រឆាំង​វិធានការ​នេះ​។



​នៅ​ឥណ្ឌូណេស៊ី យុវជន​ស្ទើ​តែ​៧០% ជក់បារី​។ នេះ​បើ​យោងតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​២០១៨ ដែល​ចាត់ទុក​ឥណ្ឌូណេស៊ី ជា​ប្រទេស​ដែលមាន​អត្រា​អ្នកប្រើប្រាស់​បារី​ខ្ពស់​ជាងគេ​មួយ​ក្នុង​ពិភពលោក​។ ថ្នាំជក់​បានសម្លាប់​មនុ​ស្ស ២២៥,៧២០​នាក់ ដែល​ស្មើនឹង​១៤.៧% ជា​រៀងរាល់ឆ្នាំ​នៅ​ឥណ្ឌូណេស៊ី ហើយ​ភាគច្រើន​គឺ​ដោយសារ​ជំំ​ងឺ​ស្ទះ​សរសៃឈាម​បេះដូង​តែម្ដង​។​

​តាំងពី​ឆ្នាំ​២០១៤​មក រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ដំឡើង​ពន្ធ​ទៅលើ​ផលិតផល​ថ្នាំជក់​ស្ទើ​តែ​រាល់​ឆ្នាំ​ទៅហើយ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ តែ​វា​មិនមាន​ឥទ្ធិពល​អ្វី​សោះ​។ ប៉ុន្តែ​ចាប់ពី​ខែមករា​ឆ្នាំ​២០២០ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា នឹង​ដំឡើងថ្លៃ​អប្បបរមា​នៃ​បារី​គ្រប់​ប្រភេទ​ជា​មធ្យម​ចំនួន​៣៥% និង​បង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ដល់​ទៅ ២៣% ទៀត​។ នេះ​បើតាម​សម្តី​អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី លោក Nufransa Wira Sakti ។​

​រដ្ឋាភិបាល​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​រក្សា​ពន្ធ​ថ្នាំជក់​ក្នុង​ឆ្នាំ​២០១៨ ឲ្យ​នៅ​ថេរ​ដដែល បន្ទាប់ពី​បាន​ដំឡើង​ពី​ដប់ ទៅ​ដប់​មួយ​ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់​ពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ បារី​ពេញនិយម​ក្នុងចំណោម​ប្រជាជន​ឥណ្ឌូណេស៊ី​វ័យក្មេង ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា បារី ស ដែលមាន​តម្លៃ​ចាប់ពី ៣៥៥​រូពី ទៅ​៦២៥​រូពី ក្នុង​មួយ​ដើម ខណៈ​តម្លៃ​លក់រាយ​មាន​ចាប់ពី ៦៤០​រូពី ទៅ ១១៣០​រូពី​ក្នុង​មួយ​ដើម​។ nV​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Reuters​។​

​វិធានការ​ស្តីពី​ពន្ធ​ថ្នាំជក់ នៅតែមាន​ភាពចម្រូងចម្រាស ដែល​ក្រុមហ៊ុន​ថ្នាំជក់​ធំៗ​ជាច្រើន​តែង​និយាយថា ការធ្លាក់ចុះ​នៃ​ការលក់​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កសិករ​។ សម្រាប់​ការដំឡើងថ្លៃ​នៅ​ឆ្នាំក្រោយ បណ្ដា​ក្រុមហ៊ុន​បារី​ក្នុងស្រុក​ព្រមាន​ថា វា​នឹង​នាំ​ឲ្យ​មាន​ការលក់​ខុសច្បាប់ ហើយ​ប្រជាជន​ឥណ្ឌូណេស៊ី នឹង​អស់​ការងារ​ធ្វើ​ផងដែរ​។​

​ទាក់ទង​ការព្រួយបារម្ភ​នេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី Sri Mulyani Indrawati និយាយថា រដ្ឋាភិបាល​ព្យាយាម​បង្កើត​តុល្យភាព​រវាង​ក្ដីបារម្ភ​ពី​បញ្ហា​សុខភាព​ប្រជាជន ពិសេស​យុវជន​វ័យក្មេង​ដែល​និយម​ជក់បារី និង​ផលប៉ះពាល់​លើ​ជីវភាព​របស់​អ្នក​ដាំ​ដុះ​ថ្នាំជក់​។ ជាមួយគ្នា​នោះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក៏​ត្រៀមប្រយុទ្ធ​ការលក់​បារី​ខុសច្បាប់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com