អន្តរជាតិ
ឥណ្ឌូណេស៊ី ចាប់ខ្លួន​មនុស្ស​ជិត​២០០​នាក់​ពាក់ព័ន្ធ​នឹង​រឿង​ភ្លើង​ឆេះ​ព្រៃ​
17, Sep 2019 , 4:16 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖ ឈួន ឈី​វ​អ៊ីង​

​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ជិត​ពីរ​រយ​នាក់​ពាក់ព័ន្ធ​នឹង​ការឆេះ​ព្រៃ​ដ៏​ធំ​មួយ​នៅ​ប្រជុំ​កោះ​នានា​របស់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលិស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៦ កញ្ញា​។ ភ្លើង​ឆេះ​ព្រៃ បានធ្វើ​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ក្រាស់ និង​បណ្តាល​ឲ្យ​មានការ​លុបចោល​ជើងហោះហើរ​ជាច្រើន ហើយ​ទំនាក់ទំនង​ឥណ្ឌូណេស៊ី​និង​ប្រទេសជិតខាង​ក៏​រអាក់រអួល​ដែរ​។



​ទីក្រុង​ហ្សា​ការ​តា​បាន​បញ្ជូន​បុគ្គលិក​រាប់ពាន់នាក់ ដើម្បី​ទៅ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​រាលដាល​យ៉ាងខ្លាំង​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​ប័​រ​ណេ​អូ ជាទី​កន្លងមក​មាន​សាលារៀន​រាប់ពាន់​ត្រូវបាន​បិទទ្វារ​ដោយសារ​បារម្ភ​ពី​បញ្ហា​សុខភាព​។ ភ្លើង​ឆេះ​ចាប់ផ្តើម​ដោយសារ​ការដុត​ព្រៃ​ខុសច្បាប់​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ហុយ​ពាសពេញ​ប្រទេស ហើយ​បង្ក​ភាព​តានតឹង​ផ្នែក​ការទូត​ជាមួយ​ប្រទេសជិតខាង​របស់​ឥណ្ឌូណេស៊ី​។

​អ្នកនាំពាក្យ​ប៉ូលិស លោក Dedi Prasetyo បាន​ប្រាប់​មក​អ្នករាយការណ៍​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ថា ប៉ូលិស​ឥណ្ឌូណេស៊ី នឹង​អនុវត្ត​ច្បាប់​លើ​អ្នក​ដែល​កាប់​ព្រៃ ឬ​ដុត​ព្រៃ​យក​ដី បើទោះបី​ជាមាន​ចេតនា ឬ​គ្មាន​ចេតនា​ក៏ដោយ​។ កាលពី​សប្តាហ៍​មុន ឥណ្ឌូណេស៊ី​បាន​បិទ​ចម្ការ​រាប់សិប​កន្លែង​ដែល​កំពុង​ឆាបឆេះ បង្ក​អ័ព្ទ និង​បាន​ព្រមាន​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ដែលមាន​ម្ចាស់​មក​ម៉ាឡេស៊ី និង​សិង្ហ​បុរី​។ ពួកគេ​អាច​នឹង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​កម្រិត​ព្រហ្មទណ្ឌ ប្រសិនបើ​មាន​ភស្តុតាង​អំពី​ការដុត​ព្រៃ​ខុសច្បាប់​។​

​ផ្សែង​ក្រាស់​នៅ​លើកោះបរ​ណេ​អូ ជា​កន្លែង​ដែលមាន​គ្រោះថ្នាក់ បណ្តាល​ឲ្យ​មានការ​លុបចោល​ជើងហោះហើរ​ជាច្រើន​នៅ​កាលពី​ចុង​សប្ដាហ៍​មុន​។ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី  Garuda ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ក្នុង​ឆ្នាំ​២០១៥ ឥណ្ឌូណេស៊ី បាន​ទទួលរង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ដែល​អាក្រក់​ជាងគេ​ក្នុងពេល​ពីរ​ទសវត្សរ៍​និង​បាន​បង្កើន​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងខ្លាំង​។ វា​ក៏​នាំ​ឲ្យ​មានការ​មើលមុខ​គ្នា​មិនត្រូវ​រវាង​ឥណ្ឌូណេស៊ី និង​អ្នកជិតខាង​របស់ខ្លួន ដែល​រង​ឥទ្ធិពល​ផ្សែង​ដែរនោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com