អន្តរជាតិ
វេជ្ជបណ្ឌិតប៉ាគីស្ថានជួយ CIA រកទីតាំង Bin Laden ចូលសវនាការជាថ្មី លោកវេជ្ជបណ្ឌិត Shakil Afridi (ឆ្វេង) និង មេភេរវករអាល់កៃដា Bin Laden
× តុលាការប៉ាគីស្ថាន នឹងបើកសវនាការក្នុងសំណុំរឿងលោកវេជ្ជបណ្ឌិត Shakil Afridi ដែលរងការចោទប្រកាន់ថា សហការជាមួយសហរដ្ឋអាមេរិកកំណត់ទីតាំងមេភេរវករអាល់កៃដា Osama Bin Laden។ សវនាការថ្ងៃពុធ ទី៩ តុលានេះ គឺជាការកាត់ក្តីជាចំហលើកដំបូងក្នុងប្រទេសប៉ាគីស្ថាន គិតចាប់ពីលោកត្រូវបានឃុំខ្លួនមក។ យ៉ាងណាមិញ លោក ពុំទាន់ត្រូវបានកាត់ទោសជាផ្លូវការនៅឡើយទេសម្រាប់តួនាទីលោកក្នុងប្រតិបត្តិឆ្នាំ២០១១ របស់អាមេរិក។
ខណៈវេជ្ជបណ្ឌិតរូបនេះ ត្រូវបានចាត់ទុកជាវីរបុរសក្នុងសហរដ្ឋអាមេរិក នៅប៉ាគីស្ថាន លោក Afridi ត្រូវបានមើលឃើញដោយមនុស្សជាច្រើនថា ជាជនក្បត់ម្នាក់ដែលនាំយកភាពអាប់ឱនដល់ប្រទេសជាតិ។ បើគ្មានវេជ្ជបណ្ឌិតរូបនេះទេ កម្លាំងពិសេសអាមេរិក Navy Seal ពុំអាចបើកប្រតិបត្តិយ៉ាងមានប្រសិទ្ធភាពចូលទៅសម្លាប់មេគំនិតនៃការវាយប្រហារ ៩ កញ្ញា ហើយហោះចេញពីទឹកដីប៉ាគីស្ថាន ព្រមទាំងដឹកសព Osama Bin Laden ទៅបោះចោលនៅបាតសមុទ្រ ដោយគ្មានឧបសគ្គអ្វីសោះ។ សម្រាប់ហេតុការណ៍នេះ គេបានលើកជាសំណួរថា តើយោធាប៉ាគីស្ថានដឹងទេថា Bin Laden បានសម្ងំលាក់ខ្លួននៅក្នុងប្រទេសនេះ។
លោកវេជ្ជបណ្ឌិត Afridi គឺជាគ្រូពេទ្យដ៏សកម្មម្នាក់ក្នុងសង្កាត់ Khyber និងជាប្រធានផ្នែកសុខាភិបាលម្នាក់ ដែលទទួលបន្ទុកលើកម្មវិធីវ៉ាក់សាំងមួយចំនួន ដែលគាំទ្រដោយជំនួយអាមេរិក។ ជាបុគ្គលិករដ្ឋាភិបាលម្នាក់ លោកបានបង្កើតកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទ B ដែលក៏មានប្រចាំការក្នុងក្រុង Abbottabad ដែលជាទីតាំងលាក់ខ្លួនរបស់ Bin Laden ក្រោមការឃ្លាំមើលរបស់យោធាប៉ាគីស្ថាន។
ផែនការរបស់ភ្នាក់ងារសម្ងាត់អាមេរិក (CIA) នៅពេលនោះ គឺយកគំរូឈាមពីកូនក្មេងម្នាក់ដែលរស់ក្នុងផ្ទះនាក្រុង Abbottabad ដើម្បីពិនិត្យ DNA សំដៅបញ្ជាក់ថាតើថាពួកគេគឺជាសាច់ញាតិរបស់ Bin Laden ឬយ៉ាងណា។ គេមានដំណឹងថា បុគ្គលិកម្នាក់របស់លោកវេជ្ជបណ្ឌិត Afridi បានចូលទៅក្នុងផ្ទះនោះ ហើយប្រមូលយកគំរូឈាម ក៏ប៉ុន្តែគ្មាននរណាដឹងច្បាស់ទេថា ឈាមនេះ អាចជាភស្តុតាងនៃជោគជ័យរបស់ភ្នាក់ងារសម្ងាត់អាមេរិក ក្នុងការកំណត់ទីតាំង Bin Laden នោះទេ។ ចុងក្រោយ លោក Afridi ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ ពោលគឺ២០ថ្ងៃប៉ុណ្ណោះបន្ទាប់ពី Bin Laden ត្រូវបានសម្លាប់។
ក្នុងខែមករា ២០១២ មន្ត្រីអាមេរិក បានសារភាពជាសាធារណៈថា លោកវេជ្ជបណ្ឌិត Afridi បានធ្វើការជាមួយភ្នាក់ងារសម្ងាត់អាមេរិក។ យោងតាមការស៊ើបអង្កេតរបស់អាជ្ញាធរប៉ាគិស្ថាន លោកវេជ្ជបណ្ឌិត Afridi មិនបានដឹងថាអ្នកណាជាគោលដៅនៃប្រតិបត្តិការនេះទេនៅពេលដែលភ្នាក់ងារ CIA អាមេរិក បានជ្រើសរើសគាត់ឲ្យធ្វើការនេះ។
ទោះបីជាលោកពុំត្រូវបានកាត់ទោសជាផ្លូវការពាក់ព័ន្ធរឿងជួយជ្រោមជ្រែងអាមេរិកសម្លាប់ Bin Laden ប៉ុន្តែអ្វីដែលជាក់ច្បាស់នោះ គឺហេតុការណ៍នេះ ជារឿងដ៏អាម៉ាស់បំផុតសម្រាប់មុខមាត់ប៉ាគីស្ថានលើឆាកអន្តរជាតិ។ បើទោះជាមន្ត្រីប៉ាគីស្ថាន ខឹងសម្បារជាមួយអ្វីដែលពួកគេយល់ឃើញថា ជាការរំលោភបំពានអធិបតេយ្យភាពខ្លួននោះ ភ្នាក់ងារសម្ងាត់ប៉ាគីស្ថាន ធ្លាប់បានសារភាពជាចំហថា ខ្លួនពិតជាគ្មានដំណឹងថា មេភេរវជនអាល់កៃដាបានសម្ងំលាក់ខ្លួនក្នុងប្រទេសខ្លួននៅអគារកម្ពស់៣ជាន់រយៈពេលជាច្រើនឆ្នាំឡើយ។
កាលនោះ មន្ត្រីជាន់ខ្ពស់របស់សេតវិមានទទួលបន្ទុកកិច្ចការភេរវកម្ម បាននិយាយថា វាមិនគួរឲ្យជឿឡើយដែល Bin Laden មិនទទួលបានការគាំទ្រណាមួយពីប៉ាគីស្ថាន។ យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានក្រុងអ៊ីស្លាម៉ាបាដច្រានចោល។ ក៏ប៉ុន្តែ គេយល់ឃើញថា ការកាត់ទោសលោកវេជ្ជបណ្ឌិត Afridi សម្រាប់ការចូលរួមរបស់លោកក្នុងប្រតិបត្តិការអាមេរិក នឹងកាន់តែបង្កើតកេរ្តិ៍ឈ្មោះអាក្រក់បន្ថែមទៀតលើប៉ាគីស្ថាន។
ទោះបីជាដំបូងឡើយរងការចោទប្រកាន់រឿងក្បត់ជាតិ លោកវេជ្ជបណ្ឌិត Afridi ទីបំផុត បែរជាកាត់ទោសឲ្យជាប់គុកក្នុងខែឧសភា ២០១២ ដោយពាក់ព័ន្ធនឹងការជួយឧបត្ថម្ភដល់ក្រុមឧទ្ទាមទៅវិញ។ លោកត្រូវបានតុលារកាត់ទោសឲ្យជាប់គុក៣៣ឆ្នាំ ហើយក្រោយមកកាត់បន្ថយមកត្រឹម ២៣ឆ្នាំ។ បន្ថែមពីនេះ លោក ក៏រងការចោទប្រកាន់ថាផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ក្រុមឧទ្ទាមប្រយុទ្ធ ហើយព្រមទាំងអនុញ្ញាតឲ្យក្រុមនោះបើកកិច្ចប្រជុំក្នុងមន្ទីរពេទ្យរដ្ឋដែលលោកគ្រប់គ្រងទៀតផង។ យ៉ាងណាមិញ មេធាវី និងក្រុមគ្រួសារលោក បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបកស្រាយថា លោកផ្តល់លុយឲ្យក្រុមឧទ្ទាមនោះ ក៏ព្រោះតែដើម្បីធានាការដោះលែងខ្លួនលោកប៉ុណ្ណោះ ក្រោយពីលោកត្រូវបានជាប់ជំរិតក្នុងឆ្នាំ២០០៨៕
Tag:
ប៉ាគីស្ថាន
CIA
Bil Laden
© រក្សាសិទ្ធិដោយ thmeythmey.com