ភ្នំពេញ៖ កសិករដាំស្ពៃជើងទានៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង អំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយនិងរកទីផ្សារសម្រាប់ពួកគេ ខណៈស្ពៃជាច្រើនតោនកំពុងប្រឈមមុខនឹងការខូចខាត ដោយសារគ្មានអ្នកបញ្ជាទិញ។ ស្ពៃជាង១០០តោន របស់លោក អ៊ឹម សុភ័ក្រ និងលោក ជួប តុលា ប្រឈមនឹងការភ្ជូរចោល។
លោក អ៊ឹម សុភ័ក្រ ជាកសិករដាំបន្លែនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលកំពុងដាំដុះបន្លែជាច្រើនមុខដូចជា ស្ពៃ ស្លឹកខ្ទឹម និងត្រប់ជាដើមនោះ បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ជួយរកដំណោះស្រាយទីផ្សារសម្រាប់ដំណាំខ្លួន ។ កសិករវ័យ៤០ឆ្នាំ ដែលដាំស្ពៃជើងទា លើដី២ហិកតាអះអាងថា ជារៀងរាល់ឆ្នាំនៅអំឡុងចុងខែវិច្ឆិកា និងធ្នូ ស្ពៃជើងទា មានតម្លៃ១៥០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះ តម្លៃធ្លាក់ទាបដល់៣០០ទៅ៥០០រៀល ។ហើយបច្ចុប្បន្ននេះ ស្ពៃរបស់លោក គ្មានអ្នកបញ្ជាទិញនោះទេ។ បើតាមលោក សុភ័ក្រ ស្ពៃប្រមាណ៥០តោនរបស់លោក កំពុងប្រឈមនឹងការរលួយនិងភ្ជួចោល។
ចម្ការស្ពៃរបស់លោក សុភ័ក្រ។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក សុភ័ក្រ)
«ខ្ញុំសុំឲ្យមន្ទីរឬក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាគ្មានទីផ្សាយ តម្លៃទាប ចំពោះបន្លែ ជាពិសេសស្ពៃ ដែលគ្មានទីផ្សាររបស់ខ្ញុំ។ ប្រសិនគ្មានអ្នកទិញ មិនមែនតែស្ពៃខ្ញុំទេ ស្ពៃបន្តបន្ទាប់ក្នុងស្រុកប្រមាណ៥០គ្រួសារផ្សេងទៀត នឹងខាត ហើយអាចនឹងត្រូវភ្ជួរចោលដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សុភ័ក្រ ដែលបានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទ។
ចំណែកលោក ជួប តុលា ដែលដាំស្ពៃជើងទាលើផ្ទៃ២ហិកតាដូចលោក សុភ័ក្រ បានសង្កត់ធ្ងន់ថា រូបលោកនិងអ្នកស្រុកឯទៀត គ្មានកម្លាំងនិងទឹកចិត្តដាំទៀតនោះទេ ខណៈដែលដំណាំដាំបានល្អហើយ ប៉ុន្តែគ្មានអ្នកទិញបែបនេះ។
«ខ្ញុំមិនដឹងដោះស្រាយយ៉ាងនោះទេ បើឈ្មួញបន្លែធំនៅផ្សារមិនទិញ ហើយស្ពៃជាង៥០តោននេះ លក់ក្នុងភូមិតិចតួចណាស់ ។ ដូច្នេះមានតែស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយទីផ្សារបន្លែផង ប្រជាជនដាំហើយទទួលបានផលល្អហើយ តែបើគ្មានអ្នកទិញ គឺត្រូវទុកចោលឬភ្ជួរចោល។ អ៊ីចឹងខ្ញុំនិងអ្នកផ្សេងទៀត មានតែលែងដាំបើជួបបញ្ហាបែបនេះ»។ នេះជាការបញ្ជាក់របស់កសិករវ័យ៣៥ឆ្នាំ លោក ជួប តុលា។
កសិករទាំងពីរនាក់ សុទ្ធតែអះអាងថា ស្ពៃរបស់ពួកគាត់ អាចលក់បានតិចតួចបំផុត ឲ្យទៅអ្នកជិតខាងក្នុងភូមិ ឃុំ សម្រាប់ធ្វើជ្រក់ប៉ុណ្ណោះ។ បើតាមកសិករទាំងពីរ ប្រសិនបើស្ថានភាពបែបនេះ នៅតែបន្ត៣ទៅ៤ថ្ងៃទៀត ស្ពៃជាង១០០តោនរបស់ពួកគាត់ នឹងត្រូវរលួយឬភ្ជួរចោល ដោយពួកគេម្នាក់ៗប្រឈមការខាតបង់ជាង៣ពាន់ដុល្លារ សម្រាប់ដំណាំស្ពៃលើផ្ទៃដី២ហិកតានេះ។
លោក ជួប តុលា (រូបភាពពីលោក តុលា)
លោកស្រី ចាន់ វណ្ណន័យ ហៅចំនូ ដែលជាឈ្មួញកណ្ដាល ចាំទិញបន្លែពីលោក សុភ័ក្រ និងជាអ្នកទិញលក់បន្លែប្រមាណ១០ឆ្នាំនៅផ្សារភូពុយ ខេត្តបាត់ដំបង បាននិយាយថា ឆ្នាំនេះតម្លៃស្ពែជើងទា ធ្លាក់ចុះទាប ហើយគ្មានអ្នកបញ្ជាទិញបន្តទៅតាមបណ្ដាខេត្តផ្សេងៗដូចឆ្នាំមុនឡើយ។ អ្នកស្រី វណ្ណន័យ អះអាងថា៖ «ជាទូទៅតម្លៃស្ពៃចាប់១៥០០ឡើង នៅអំឡុងខែតុលាដល់ ធ្នូ ហើយតម្លៃធ្លាក់ចុះនៅអំឡុងខែមករា។ តម្លៃស្ពៃជើងទា សព្វថ្ងៃខ្ញុំទិញចូល៥០០រៀល ហើយលក់ចេញ៦០០ទៅ៧០០រៀល។ តែឥឡូវទាល់តែមានអ្នកបញ្ជាទិញពីខ្ញុំ បានខ្ញុំទិញបន្តពីអ្នកដាំ។ ហើយឈ្មួញដែលទិញបន្តពីខ្ញុំ នៅបណ្ដាខេត្តនានា មិនបញ្ជាទិញទេ។ ហើយជាក់ស្ដែង(បច្ចុប្បន្ន)លក់បោះដុំប្រចាំថ្ងៃ មិនថា ស្ពៃ ត្រសក់ ត្រឡាច ខ្ញុំលក់មិនសូវដាច់ទេ គឺបានតែលក់រាយតិចៗប៉ុណ្ណោះ»។
ការធ្លាក់ចុះតម្លៃបន្លែ ហើយគ្មានអ្នកទិញនេះ ដោយសារពលរដ្ឋដាំច្រើនគ្នានិងប្រមូលតំណាលគ្នានៅគ្រប់កន្លែង ទើបអ្នកនៅបណ្ដាខេត្តផ្សេងៗមិនបញ្ជាទិញ។ ជាមួយគ្នាដែរ ការនាំចូលបន្លែពីក្រៅប្រទេសច្រើន និងសេដ្ឋកិច្ចគ្រួសារផងដែរ។ នេះបើតាមការយល់ឃើញរបស់អ្នកស្រី វណ្ណន័យ ដែលជាឈ្មួញទិញបន្លែលក់ជាង១០ឆ្នាំមកនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បាននិយាយថា ដំណោះស្រាយប្រជាកសិករនោះ គឺពួកគេត្រូវចេះរៀបចំផែនការក្នុងការដាំដុះនិងការប្រមូលផល រួមទាំងការប៉ានប្រមាណតម្រូវការទីផ្សារ។ លោក សុវណ្ណមុន្នី បានបញ្ជាក់ថា ខាងមន្ទីរកសិកម្មរួមទាំងមន្ទីរពាណិជ្ជកម្ម បានជំរុញឲ្យកសិករ និងអ្នកទិញកសិកម្មតាមបែបកិច្ចសន្យានោះ (Contract Farming) ព្រមព្រៀងគ្នា ពាក់ព័ន្ធនឹងបរិមាណផ្គត់ផ្គង់ គុណភាពកសិផល ថ្លៃកសិផល ពេលវេលាទិញនិងលក់។ ការធ្វើបែបនេះ នឹងជួយឲ្យកសិករមិនព្រួយបារម្ភពីតម្លៃទីផ្សារ។
លោក សុភ័ក្រ នៅចម្ការស្ពៃរបស់លោក។
ទន្ទឹមនឹងនេះ លោក បន្ថែមថា ក្រសួងពាណិជ្ជកម្មក៏មានគម្រោង «អេម» (AIMS) សម្រាប់ភ្ជាប់ទំនាក់ទំនងអ្នកផលិត និងអ្នកទិញជាមួយទីផ្សារទាំងអស់ ដោយផ្តោតលើ ដំឡូងមី មាន់ស្រែ បន្លែជាដើម។
ចំពោះករណីដល់ពេលប្រមូលផល ប្រជាកសិករជួបនឹងបញ្ហាតម្លៃធ្លាក់ចុះនេះ ពួកគេអាចស្នើទៅខាងមន្ទីរកសិកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ និងពាណិជ្ជកម្ម ដើម្បីទទួលដំណោះស្រាយសមស្រមណាមួយ សម្រាប់រក្សាបន្លែទុកឲ្យបានយូរថ្ងៃដូចដាក់ក្នុងទូត្រជាក់ និងវិធីកែច្នៃជាជ្រក់ជាដើម។ នេះជាការលើកឡើងបន្ថែមរបស់អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ដែលបន្ថែមថា លោកមិនទាន់ទទួលបានសំណើសុំជួយដោះស្រាយបញ្ហាតម្លៃស្ពៃធ្លាក់ចុះនេះ ពីពលរដ្ឋនៅឡើយទេ។
លោក សុវណ្ណមុន្នី បាននិយាយថា៖«ខ្ញុំអត់ទាន់ដឹងព័ត៌មានស្ពៃធ្លាក់ទេ។ ប៉ុន្តែយើងអាចជួយក្នុងការទំនាក់ទំនង និងបណ្ដុះបណ្ដាលឲ្យផលិតបន្លែមានគុណភាព។ យើងមានការជួយជាឃ្លាំងត្រជាក់ក្នុងទុកបន្លែ ដែលរក្សាបានជាង១អាទិត្យ ហើយប្រសិនពួកគាត់ចង់បាន យើងមានកម្មវិធីគម្រោង អេម សម្រាប់ជួយលើក្របខ័ណ្ឌសហគមន៍។ មួយទៀត គឺយើងមានវិធីបង្រៀនឲ្យពួកគាត់កែច្នៃ ធ្វើជ្រក់ជាដើម។ ពួកគាត់អាចស្នើមកខាងមន្ទីរកសិកម្មដើម្បីឲ្យជួយលើរឿងនេះ ប្រសិនបើពួកត្រូវ ហើយប្រាប់តម្រូវដែលចង់បានខាងលើនេះ»។
ចំណែកលោក យ៉ង់ សាំងកុមារ ជាបណ្ឌិតផ្នែកកសិកម្ម និង លោក សុវណ្ណមុន្នី ក៏បានមើលឃើញពីមូលហេតុដូចគ្នាដែរថា ការធ្លាក់ចុះនៃតម្លៃបន្លែ គឺការខ្វះការសហការគ្នា ក្នុងការដាំនិងប្រមូលផល ទើបបណ្ដាលឲ្យតម្លៃធ្លាក់ចុះ និងបញ្ហានាំចូលបន្លែពីក្រៅប្រទេស។
ទន្ទឹមនឹងនេះ លោក យ៉ង់ សាំងកុមារ សង្កត់ធ្ងន់ថា នៅតាមសហគមន៍ គឺខ្លះអ្នកដឹកនាំ ក្នុងការទំនាក់ទំនងគ្នា ហើយមន្ទីរកសិកម្មនិងស្ថាប័នពាក់ពន្ធមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានេះ។ បើតាមអ្នកជំនាញកសិកម្មរូបនេះ មន្ទីរកសិកម្មនិងពាណិជ្ជកម្ម គួរតែសហការគ្នាជួយបញ្ចេញបន្លែដែលសម្បូរទៅកាន់បណ្ដាខេត្តដែលមិនសូវសម្បូរ ដើម្បីបញ្ចៀសក្នុងការធ្លាក់នៃតម្លៃបន្លែ។ «ចំពោះតម្លៃចុះទាបមិនរួចតម្លៃដើមនៃដាំដុះនេះ នឹងប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករដែលដាំបន្លែ រួមទាំងទឹកចិត្តរបស់កសិករដែលខិតខំក្នុងការដាំដុះ»។ នេះជាការលើកឡើងរបស់លោក យ៉ង់ សាំងកុមារ ដែលជំរុញឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើបញ្ហាកសិករបន្ថែម ដើម្បីទប់ស្កាត់កុំបញ្ហាកង្វះទីផ្សារកសិកម្មកើតឡើង៕