ជាតិ
ម៉ាឡេស៊ី​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ពី​នាវា Westerdam ចូល​ទឹកដី​ខ្លួន​ទៀតឡើយ​
16, Feb 2020 , 4:43 pm        
រូបភាព
​អ្នកដំណើរ​១៤៥​នាក់​ពី​នាវា Westerdam បាន​ទៅកាន់​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​សុក្រ ក្រោយ​ចេញដំណើរ​ពី​កម្ពុជា​។ ក្នុងនោះ អាជ្ញាធរ​ម៉ាឡេស៊ី បាន​តេស្ត​ឃើញ​វិជ្ជមាន​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) លើ​ស្ត្រី​អាមេរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ ខណៈ​ស្វាមី​របស់​គ្មាន​រោគសញ្ញា​ឡើយ​។

 
«​អ្នកដំណើរ​នៅលើ​នាវា Westerdam ផ្សេងទៀត​ដែល​ស្ថិតនៅ​កម្ពុជា​នៅឡើយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ម៉ាឡេស៊ី​នោះទេ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Wan Azizah Wan Ismail នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃអាទិត្យ​នេះ​។​
 
​ការ​កំហិត​បែបនេះ បន្ទាប់ពី​ម៉ាឡេស៊ី នៅតែ​ពិនិត្យឃើញ​វិជ្ជមាន COVID-19 លើ​ស្ត្រី​អាមេរិក​វ័យ​៨៣​ឆ្នាំ ជា​លើក​ទី​ពីរ បន្ទាប់ពី​ទទួលបាន​សំណើរ​ពី​ភាគី​កម្ពុជា​។ ក្នុង​សំណើ​របស់ខ្លួន កម្ពុជា បាន​អះអាង​ពី​ការពិនិត្យ​សុខភាព​យ៉ាង​ដិត​លើ​អ្នកដំណើរ​ដល់ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​កម្ចាត់​ជំងឺឆ្លង​សហរដ្ឋអាមេរិក (USCDC)​។​
 
​បើ​លោកស្រី Wan Azizah ក្រុមហ៊ុន Malaysia Airlines មានកម្ម​វិធី​ដឹកនាំ​អ្នកដំណើរ​ពី​កម្ពុជា​៤​ជើង​ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ដោយពេល​នេះ មាន​អ្នកដំណើរ​១៤៥​នាក់​ពី​នាវា Westerdam បាន​ជិះ​ទៅដល់​ម៉ាឡេស៊ី​តាម​ជើងហោះហើរ MH8763​។​
 
​ក្នុងចំណោម​អ្នកដំណើរ​ទាំង​១៤៥​នាក់​ដែល​បាន​ទៅដល់​ម៉ាឡេស៊ី មាន​២​នាក់​ដែល​បង្ហាញ​រោគសញ្ញា ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Sungai Buloh​។  ប៉ុន្តែ​លទ្ធផល​មានតែ​ស្ត្រី​ជា​ភរិយា​ប៉ុណ្ណោះ​ដែលមាន​វត្តមាន COVID-19​។​
 
​អ្នកដំណើរ​១៣៧​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​បន្ត ខណៈ​៦​នាក់​ស្ថិតក្រោម​ការតាមដាន ហើយ​បើ​លទ្ធផល​តេស្ត​អវិជ្ជមាន ពួកគេ​អាចធ្វើ​ដំណើរ​បន្តទៀត​។​
 
​លោក យី សេង​ឌឿ​ន ដែលជា​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងសុខាភិបាល បាន​អះអាងថា កម្ពុជា​ពិតជា​បាន​ពិនិត្យ​យ៉ាង​ដិតដល់​តាម​ស្តង់ដារ​នូវ​រាល់​អ្នកដំណើរ​ក្នុង​នាវា Westerdam​។ «​ការងារ​ធំៗ​ដែល​យើង​បានធ្វើ​គឺ​អស់ហើយ​ចាប់តាំងពី​ការពិនិត្យ​អ្នកមាន​បញ្ហា​សុខភាព​២០​នាក់ ការបាញ់​កំដៅ ដែល​លទ្ធផល​សុទ្ធតែ​អវិជ្ជមាន​។ 
 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​បន្ថែមថា អ្នកជំងឺ​ចេញពី​ខ្មែរ​ពិតជា​គ្មាន​រោគសញ្ញា ឬ​បញ្ហា​កំដៅ​ឡើយ​។ បន្ថែម​ពីលើ​នេះ មន្ត្រី​ច​ត្តា​ឡី​ស័ក បានធ្វើ​បណ្ណ​ប្រកាស​សុខភាព​ដើម្បី​ឲ្យ​អ្នកដំណើរ​អាច​ជិះ​យន្តហោះ​បាន រួមទាំង​ខិ​ត្ត​បណ្ណ​អប់រំ​ផ្សេងៗ​៕

Tag:
 Westerdam
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com