ជាតិ
សង្គមជាតិ
ម៉ាឡេស៊ី បកស្រាយថា ស្រ្តីអាមេរិក ដែលចេញពីកម្ពុជា គឺមាន COVID-19 តែជាវិញ
22, Feb 2020 , 7:07 pm        
រូបភាព
លោកវេជ្ជបណ្ឌិត Noor Hisham Abdullah អគ្គនាយកសុខាភិបាលនៃក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលបានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីស្រ្តីអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជាទៅម៉ាឡេស៊ី ហើយត្រូវបានរកឃើញថាមានវិរុស COVID-19 តែត្រូវបានព្យាបាលជាសះស្បើយវិញ (រូបពី AFP)
លោកវេជ្ជបណ្ឌិត Noor Hisham Abdullah អគ្គនាយកសុខាភិបាលនៃក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលបានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីស្រ្តីអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជាទៅម៉ាឡេស៊ី ហើយត្រូវបានរកឃើញថាមានវិរុស COVID-19 តែត្រូវបានព្យាបាលជាសះស្បើយវិញ (រូបពី AFP)
ស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ជាអ្នកទេសចរនៃនាវា Westerdam ដែលបានចេញពីកម្ពុជាជាមួយស្វាមីវ័យ៨៥ឆ្នាំ ទៅកាន់ម៉ាឡេស៊ី  ត្រូវបានសួងសុខាភិបាលម៉ាឡេស៊ី ប្រើពាក្យថា «មាន» វីរុស COVID-19 តែត្រូវបានព្យាបាលជាសះស្បើយវិញ ដោយពុំបានប្រើពាក្យថា «គ្មាន» COVID-19 តាំងពីដំបូងមកនោះទេ។



តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលម៉ាឡេស៊ី បញ្ជាក់ដូច្នេះថា៖«ស្ត្រីអាមេរិកនោះ មានភាពល្អប្រសើរ និងបានបង្ហាញសញ្ញានៃការវិលត្រឡប់មករកសភាពដើមវិញហើយ។ តែ ដំណាក់កាលនេះ គាត់ នៅតែបន្តស្ថិតក្នុងការត្រួតពិនិត្យនៅមន្ទីរពេទ្យ ដោយគាត់ នៅមានអាការក្អកតិចៗ»។

អត្ថបទទាក់ទង



ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរម្លឹកសាវតារថា ស្រ្តីអាមេរិកនោះ ត្រូវបានរកឃើញរោគសញ្ញា តាមរយៈការស្កែនកម្តៅ ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ហើយក៏ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រសួងសុខាភិបាលម៉ាឡេស៊ី បន្តថា ស្រ្តីអាមេរិកនោះ ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកពីគេ និងបានឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បន្ថែមថា ក្រុមគ្រូពេទ្យ បានយកសំណាករបស់គាត់ ទៅធ្វើតេស្តពីរដង នៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត (IMR) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរកវីរុស COVID-19 ហើយផលទ្ធផលដែលបង្ហាញ គឺវិជ្ជមានទាំងពីរដង។

ក្រសួងសុខាភិបាលម៉ាឡេស៊ី អត្ថាធិប្បាយទៀតថា ក្រោយរកឃើញវីរុស COVID-19 ស្រ្តីអាមេរិកនោះ ក៏ចាប់ផ្តើមទទួលបានការព្យាបាល ដោយប្រើថ្នាំប្រឆាំងនឹងវីរុសពីរប្រភេទ គឺ Lopinavir និង Ritonavir ហើយបានដាក់អុកស៊ីសែនឲ្យគាត់ថែមទៀត។ ក្រសួងសុខាភិបាលម៉ាឡេស៊ី អះអាងថា ក្រោយទទួលបានការព្យាបាលរយៈពេល៧២ម៉ោង គាត់ ក៏មានភាពល្អប្រសើរឡើងវិញ។

ក្រសួងសុខាភិបាលម៉ាឡេស៊ី បំភ្លឺថា ក្រោយឃើញគាត់មានភាពធូរស្រាល ក្រុមគ្រូពេទ្យ ក៏ចាប់ផ្តើមធ្វើតេស្តគាត់ឡើងវិញដល់ទៅពីរដង ហើយលទ្ធផល ក៏ប្រែមកជាអវិជ្ជមានទាំងពីរដង ចំពោះវីរុស COVID-19។ ក្រសួងសុខាភិបាលម៉ាឡេស៊ី សង្កត់ធ្ងន់ថា ការធ្វើតេស្តម្តងហើយម្តងទៀតបែបនេះ គឺដើម្បីធានាថា អ្នកជំងឺ បានជាសះស្បើយទាំងស្រុង ពីវីរុស COVID-19។

ក្រសួងសុខាភិបាលម៉ាឡេស៊ី រ៉ាយរ៉ាប់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា ផ្អែកតាមព័ត៌មានបច្ចុប្បន្ន អ្នកផ្ទុកវីរុស COVID-19 ប្រមាណ៨០ភាគរយ មានរោគសញ្ញាមិនច្បាស់លាស់ ហើយក៏មិនទាន់មានវិធីព្យាបាលជាក់លាក់ណាមួយដែរ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី សរសេរថា អ្នកជំងឺភាគច្រើនបំផុត ត្រូវបានព្យាបាលតាមរោគសញ្ញារបស់ពួកគេ ដូចជាគ្រុនក្តៅ ក្អក និង ហៀរសំបោរ ជាដើម  ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីកុំឲ្យឆ្លងដល់អ្នកដទៃ។ 

ការចេញសេចក្តីថ្លែការណ៍របស់ក្រសួងសុខាភិបាលម៉ាឡេស៊ីនាពេលនេះ គឺធ្វើឡើងក្រោយពីកម្ពុជា និង អាមេរិក ចាត់ទុកថា ស្រ្តីអាមេរិកនោះ មិនបានឆ្លងវីរុស COVID-19 ដូចការរកឃើញរបស់ម៉ាឡេស៊ីឡើយ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការធ្វើតេស្តរបស់ម៉ាឡេស៊ីលើស្រ្តីអាមេរិកនោះ ដែលមិនមានវីរុស COVID-19 ទៅជាមានបែបនេះ ថា ធ្វើឲ្យមានការរើសអើងចំពោះអ្នកទេសចរផ្សេងទៀត តាមនាវា Westeram និងធ្វើឲ្យពួកគេ ខកខាតក្នុងការវិលត្រឡប់ទៅប្រទេសរបស់ពួកគេ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដែរ ដោយបានហៅភាពមិនប្រក្រតីនៃការធ្វើតេស្តរបស់ម៉ាឡេស៊ី ក្នុងការរកវីរុស COVID-19 លើស្រ្តីអាមេរិកនោះ ថា បានធ្វើឲ្យមានការភ័យខ្លាច និងការភ័ន្តច្រឡំ សម្រាប់អ្នកដំណើរទាំងអស់តាមនាវា Westerdam។

ក្រសួងសុខាភិបាលកម្ពុជា រិះគន់ម៉ាឡេស៊ីថា៖«ហេតុការណ៍នេះ បានធ្វើឲ្យមានការប៉ះពាល់ទៅលើការកើនឡើងនៃចំណាយមិនចាំបាច់ ក៏ដូចជាមានការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងរបស់ប្រទេស ហើយក៏ជាការបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែរ»។

បន្ទាប់មក លោក Richard Quartarone អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) បានប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈនេះថា ស្ត្រីអាមរិកនោះ  មិនធ្លាប់មានវីរុស COVID-19 នោះទេ។ លោក ថ្លែងថា ស្ត្រីអាមេរិកនោះ អាចនឹងមានជឺងឺផ្លូវដង្ហើម តែមិនមែន COVID-19 ឡើយ។ លើសពីនេះ លោក ថែមទាំងអះអាងថា អ្នកទេសចរទាំងអស់ តាមនាវា Westerdam ក៏ត្រូវបានធ្វើតេស្តរកវីរុស COVID-19 ដែរ ដោយលទ្ធផល ដែលបង្ហាញ គឺអវិជ្ជមាន។

បច្ចុប្បន្ន ស្រ្តីអាមេរិកនោះ នៅតែត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយពីគេ ដើម្បីបន្តការព្យាបាល នៅមន្ទីរពេទ្យប្រទេសម៉ាឡេស៊ី ទោះជាអះអាងថា គាត់ ជិតនឹងវិលមករកសភាពដើមវិញហើយក៏ដោយ។ ចំណែកស្វាមីរបស់គាត់ ដ្បិតថា មិនបានឆ្លងវីរុស COVID-19 ក៏ពិតមែន តែក៏ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេដែរ។ 

យ៉ាងណាក៏ដោយ មានការលើកឡើងជាចម្ងល់ថា ហេតុអ្វី បានជាអ្នកទេសចរផ្សេងទៀតលើនាវា Westerdam ជាពិសេសស្វាមីរបស់ស្រ្តីអាមេរិកនោះ មិនបានឆ្លងពីគាត់? ហើយហេតុអ្វីបានជាគាត់ ជាសះល្បើយលឿនម្ល៉េះ?

គាត់និងស្វាមី បានចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែកុម្ភៈ ហើយនៅថ្ងៃទី១៥ ខែកុម្ភៈ ម៉ាឡេស៊ី ក៏ប្រកាសថា គាត់ មានវីរុស COVID-19 រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ស្រាប់តែម៉ាឡេស៊ី ប្រកាសថា គាត់បានជាសះស្បើយវិញ។

មុននឹងម៉ាឡេស៊ី ប្រកាសថា ស្រ្តីអាមេរិកនោះ ជាសះស្បើយ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យបីភាគី គឺអង្គការសុខភាពពិភពលោក ម្ចាស់នាវា Westerdam និង ក្រសួងសុខាភិបាលកម្ពុជា សហការជាមួយម៉ាឡេស៊ីដោយផ្ទាល់ ក្នុងការបន្តធ្វើតេស្ត ដើម្បីស្វែងរកការពិតថា ស្រ្តីអាមេរិកនោះ ពិតជាមានវីរុស COVID-19 មែន ឬមិនមាន៕

Tag:
 COVID-19
  Westerdam
  ម៉ាឡេស៊ី
  ស្រ្តីអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com