COVID-19
អន្តរជាតិ
COVID-19៖ ស្ត្រីវ័យ៩០ឆ្នាំស្លាប់ ក្រោយបដិសេធពាក់អុកស៊ីសែន ព្រោះចង់ទុកឲ្យក្មេងៗ លោកយាយ Suzanne Hoylaerts ស្លាប់ដោយសារកូវីដ១៩ក្នុងវ័យ៩០ឆ្នាំ។ រូបថត Bollen
× ស្ត្រីបែលហ្ស៊ិក វ័យ៩០ឆ្នាំម្នាក់ បានទទួលមរណភាពកាលពីសប្តាហ៍មុន ដោយសារ COVID-19។ យោងតាមការផ្សាយរបស់សារព័ត៌មានបែលហ្ស៊ិក Het Laatste Nieuws លោកយាយរូបនេះ បានបដិសេធពាក់ឧបករណ៍ដកដង្ហើម (អុកស៊ីសែន) ដោយសារគាត់ចង់ទុកវាសម្រាប់អ្នកជំងឺក្មេងៗ។
ក្រោយពិនិត្យឃើញលទ្ធផលតេស្តវិជ្ជមាន COVID-19 លោកយាយ Suzanne Hoylaerts ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ស្ថានភាពជំងឺរបស់គាត់មានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែក្រោមគ្រូពេទ្យបានរៀបចំបំពាក់អុកស៊ីសែនសម្រាប់គាត់ ប៉ុន្តែភ្លាមៗនោះ ស្ត្រីដែលរស់នៅក្រុង Binkon រូបនេះ បានបដិសេធ ដោយអះអាងថា គាត់បានរស់យ៉ាងល្អជាច្រើនឆ្នាំហើយ។
«ទុកវា [ឧបករណ៍អុកស៊ីសែន] សម្រាប់ក្មេងៗទៅចុះ»។ នេះជាការលើកឡើងរបស់លោកយាយ Suzanne ទៅកាន់ក្រុមគ្រូពេទ្យ ដោយបានចាត់ទុកជាអំណោយប្រកបដោយក្តីសប្បុរសចុងក្រោយក្នុងជីវិតរបស់គាត់។
Judith ដែលជាកូនស្រីរបស់លោកយាយ Suzanne បានអះអាងថា ម្តាយខ្លួនតែងតែត្រៀមខ្លួនជួយអ្នកដទៃ។ កើតក្នុងគ្រួសារដែលមានសមាជិកច្រើន លោកយាយ Suzanne ស្គាល់ពីជីវិតដ៏លំបាក ជាពិសេសភាពក្រីក្រ និងការឆ្លងកាត់សម័យសង្គ្រាម។
លោកយាយបានជួបរឿងរ៉ាវជាច្រើនក្នុងជីវិតមុនឈានដល់វ័យ៩០ឆ្នាំ ក្នុងនោះមានដូចជាការមើលឃើញពីមរណភាពរបស់ស្វាមី កូនប្រុស និងកូនប្រសារស្រី។ «ទោះបីជាយ៉ាងណាក៏ដោយ គាត់បានជម្នះឧបសគ្គទាំងពួង ដោយការសើចគឺជាថ្នាំដ៏សក្តិសិទ្ធបំផុតសម្រាប់គាត់។ យើងមិនដឹងថា គាត់ឆ្លង COVID-19 ពីពេលណា និងនៅទីណានោះឡើយ»។ នេះជាការអះអាងរបស់ Judith។
មុនរហូតដល់ថ្ងៃទទួលមរណភាព លោកយាយ Suzanne តែងតែយកចិត្តទុកដាក់ចំពោះជនក្រីក្រក្នុងតំបន់ និងឧស្សាហកាត់ដេរខោអាវយកទៅបរិច្ចាគដល់អង្គការមួយ។
គិតមកដល់ពេលនេះ បែលហ្ស៊ិកមានអ្នកឆ្លង COVID-19 ជាង៧២០០ករណី ក្នុងនោះស្លាប់ប្រមាណ២៩០នាក់ និងព្យាបាលសះស្បើយជាង៨៥០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com