COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា នឹងពិភាក្សាលើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន នៅថ្ងៃទី៣១ មីនា
30, Mar 2020 , 9:15 am        
រូបភាព
រដ្ឋាភិបាល នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ មីនា។ ហើយសេចក្តីព្រាងច្បាប់ និងត្រូវដាក់ចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ នៅថ្ងៃទី៣ មេសា មុននឹងបន្តសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា ហើយនឹងសុំឡាយព្រះហស្ថពីព្រះមហាក្សត្រ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាព្រឹកថ្ងៃទី៣០ មីនា។



សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ប៉ុន្តែ​មិនបាន​ចែង​ពី​ការគ្រប់គ្រង​ស្ថានភាព​ឡើយ ទើប​តម្រូវឱ្យ​រដ្ឋាភិបាល​សម្រេច​បង្កើត​ច្បាប់ ដើម្បី​ងាយស្រួល​គ្រប់គ្រង​។ «​មិនទាន់មាន​ច្បាប់​ណា ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះទេ ប៉ុន្តែ​ចង់​មិន​ចង់ ច្បាប់​មួយ​ត្រូវ​បង្កើតឡើង ដើម្បីឱ្យ​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន បាន​ដោយ​រលូន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖


​សម្ដេច ហ៊ុន សែន ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ កុំ​ព្រួយបារម្ភ​ចំពោះ​ច្បាប់​នេះដែរ ព្រោះ​សម្ដេច​គ្រាន់តែ​ចង់​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ដើម្បី​ឱ្យមាន​នៅក្នុង​ដៃ​ប៉ុណ្ណោះ ហើយក៏​មិន​ច្បាស់​ថា នឹងត្រូវ​អនុវត្ត​ភ្លាមៗ​ដែរ បើសិនជា​ស្ថានការណ៍​ជំងឺ​COVID-19 នៅក្នុង​ប្រទេស​មិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​។​

«​ខ្ញុំ​មិនដែល​ធ្លាប់​គិតថា នឹងត្រូវធ្វើ​ច្បាប់​បែបនេះ​នោះទេ​…»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ដែល​បាន​បន្ថែមថា ការធ្វើ​ច្បាប់​នេះ​ឡើង ដោយសារ​សភាពការណ៍​បង្ខំ​។​

​រដ្ឋាភិបាល​មិនទាន់​ហាមឃាត់​ពលរដ្ឋ មិនឱ្យ​ជួបជុំ​លើសពី​៣​នាក់ ឬ​ច្រើន​នាក់ ដូច​ប្រទេស​ដទៃ​នោះទេ ប៉ុន្តែ​ពលរដ្ឋ​ក៏ត្រូវ​ត្រៀម​ចិត្ត​ដែរ បើសិនជា​ជំងឺ​COVID-19 បន្ត​រីក​រាលដាល ដល់​ដំណាក់​កាលធ្ងន់ធ្ងរ​។​«​សម្រាប់​ខ្ញុំ​ចង់ឱ្យ​ពលរដ្ឋ បន្ត​សេដ្ឋកិច្ច​ខ្លួន ដោយ​ការប្រុងប្រយ័ត្ន​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​



Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com