ជាតិ
ក្រសួង៤សហការគ្នា ស្វែងរកម្ចាស់ចម្រៀង៥បទ ដែលធ្វើឱ្យប៉ះពាល់សីលធម៌សង្គម លោក ឡុង ប៉ុណ្ណា សិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបពីហ្វេសប៊ុករបស់លោក)
× ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននឹងកំពុងសហការជាមួយក្រសួងពាក់ព័ន្ធ មានក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីស្រាវជ្រាវរកក្រុមអ្នកនិពន្ធ និងផលិតបទចម្រៀង៥បទ ដែលមានខ្លឹមសារប៉ះពាល់ដល់សីលធម៌សង្គម និងមិនមានច្បាប់អនុញ្ញាត។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ ថាដំណាក់កាលដំបូង ក្រសួងបានចេញលិខិតឱ្យបញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយបទចម្រៀងទាំងនោះ។ ហើយនៅជំហានបន្ទាប់ ក្រសួងនឹងអនុវត្តទៅតាមដំណាក់កាល។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងវប្បធម៌ បានប្រជុំអន្តរក្រសួងរួចហើយ ជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីរាំងខ្ទប់ ការផ្សព្វផ្សាយបទចម្រៀងទាំង៥បទ ដែលមានខ្លឹមសារធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមខ្មែរនោះ។
«ខ្ញុំបានប្រជុំជាអន្តរក្រសួងជាមួយក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ដែលលោកបានពិនិត្យនូវយន្តការទី១ គឺបទទាំងនោះមិនអាចចាក់ផ្សាយជាសាធារណៈ។ ស្នាដៃនោះគាត់ផលិតខ្លួនគាត់ ដោយមិនមានច្បាប់អនុញ្ញាត ហើយគាត់យកទៅបង្ហោះនៅក្នុងយូធូប ដល់អ៊ីចឹងជាវិធានការសម្រាប់អនុវត្តវាពិបាក។ ប៉ុន្តែយើងបានចាត់វិធានការជាមួយក្រសួងប្រៃសណីយ៍ខ្ទប់គ្រប់បញ្ហា»។ នេះជាអ្វីដែលលោក ប៉ុណ្ណាសិរីវត្ថ បានលើកឡើង។
បើទោះបីជាក្រសួងពាក់ព័ន្ធនានា អាចហាមមិនឱ្យចាក់ផ្សាយជាសាធារណៈក្ដី ប៉ុន្តែការផ្សាយនៅតាមបណ្ដាញសង្គមយូធូប ក្រសួងសាមី នៅតែមានការលំបាកខ្លាំង ហើយលោក ប៉ុណ្ណាសិរីវត្ថ បញ្ជាក់ដូច្នេះ៖«IT រីកចម្រើន គាត់ដាក់ទៅក្នុងយូធូប ពេលខ្លះយើងឃើញខុសឆ្គង យើងស្នើទៅគាត់(យូធូប) គាត់អត់ធ្វើតាមយើងទេណា។ លើកលែងតែរឿងហ្នឹង ដាក់ជាព័ត៌មាន ឬអ្វីដែលចូលយូធូបហ្នឹង វាធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិ ឬសន្តិសុខជាតិ ហ្នឹងបានគាត់(យូធូប)បិទឱ្យយើង។ បើមិនអ៊ីចឹងទេ គាត់មិនបិទឱ្យទេ គាត់ថាមិនប៉ះពាល់អ្វី។ ដូច្នេះយើងពិបាកក្នុងការចាត់វិធានការណាស់។ បើយើងបិទបាន គេឈប់មើលអាហ្នឹងកើត វាមិនអីទេ»។
យ៉ាងណាក៏ដោយ ជាជំហានដំបូងក្រសួងវប្បធម៌ បានចេញលិខិតឱ្យបញ្ឈប់រាល់ការផ្សាយបទចម្រៀងទាំង៥បទនោះរួចរាល់ហើយ ព្រមទាំងបន្តអនុវត្តន៍តាមវិធានការបន្តបន្ទាប់ទៀត។ នេះជាការពន្យល់របស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ៖«ទី១ គឺយើងធ្វើលិខិតឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះគាត់មិនមានសុំច្បាប់។ ទី២ ផលិកម្មរបស់គាត់មិនបានចុះបញ្ជី។ ទី៣ គាត់ដូចជាធ្វើឱ្យប៉ះពាល់ដល់សង្គម ដល់សតិអារម្មណ៍មហាជន។ និយាយជារួមវិធានការយើង វាមិនទាន់ដល់ការដាក់ទោសទណ្ឌទេសព្វថ្ងៃនេះ។ បើរកបុគ្គលនោះឃើញ យើងអញ្ជើញគាត់មកណែនាំជារដ្ឋបាលមួយទៀត។ ហ្នឹងជាអ្វីដែលក្រសួងធ្វើកន្លងមក»។
កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា មានផលលំបាកក្នុងការស្វែងរកប្រភពដែលបង្កបញ្ហា ដោយសារតែក្រុមទាំងនោះ មិនបានចុះបញ្ជីផលិតកម្មរបស់ខ្លូន។ «យើងមានបទដ្ឋានគតិយុត្ត យើងមានច្រកជាយន្តការឱ្យគាត់មកសុំ សូម្បីផលិតកម្មរបស់គាត់ យើងឱ្យគាត់មកចុះបញ្ជី កាលណាផ្លូវការយើងណែនាំគាត់ហើយ។ មុនចាក់ផ្សាយជាសាធារណៈ គេមានច្បាប់ទៀត។ បើភាពយន្តគេមានការត្រួតពិនិត្យ អ៊ីចឹងស្នាដៃណាឆ្គាំឆ្គងយើងប្រាប់គាត់ ដើម្បីកុំឱ្យមានន័យគ្រោតគ្រាតពេក។ កាលណាផលិតកម្មណា គេមកសុំច្បាប់ ក្រសួងតែងតែមានការណែនាំហើយ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ គាំទ្រឱ្យមានស្នាដៃច្នៃប្រឌិត ដើម្បីបង្កើតភាពទាក់ទាញ ដោយមិនប្រើភាសាគ្រោតគ្រាត៖«គេធ្វើអ្វីមួយឱ្យមានការទាក់ទាញ ឱ្យមានការចាប់អារម្មណ៍ ប៉ុន្តែន័យហ្នឹងកុំឱ្យវាត្រង់ពេក ឱ្យវាមានន័យជាបញ្ឆិតបញ្ឆៀង ស្ដាប់ទៅយើងយល់ន័យ២ ទៅ៣ជ្រុង អ៊ីចឹងទៅ»៕
សូមស្ដាប់សំឡេង៖
Tag:
ក្រសួងវប្បធម៌
សិល្បៈ
ចម្រៀង
សង្គម
សីលធម៌
អ្នកនិពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com