នៅថ្ងៃទី៥ ខែមេសា ចិនរកឃើញចំនួនអ្នកឆ្លងថ្មី (COVID-19) ចំនួន៣៩ ករណី កើនឡើងបួនករណីធៀបទៅថ្ងៃទី៤ ខែមេសា។ ស្របគ្នានោះ ចិនក៏បន្តរកករណីឆ្លងដែលមិនចេញរោគសញ្ញាកាន់តែច្រើនផងដែរ។ ករណីបែបនេះ ធ្វើឲ្យចិនឈឺក្បាលខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៦ ខែមេសា របស់គណៈកម្មការសុខាភិបាលជាតិចិន បានបង្ហាញថាចំនួនអ្នកឆ្លងមិនចេញរោគសញ្ញាគិតត្រឹមថ្ងៃទី៥ មេសាមានចំនួន៧៨ករណីបន្ថែម ធៀបទៅនឹង៤៧ករណីកាលពីថ្ងៃទី៤ មេសា។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងនាំចូល និងករណីឆ្លងដែលគ្មានរោគសញ្ញាបានក្លាយជាបញ្ហាចម្បងរបស់ប្រទេសចិន បន្ទាប់ពីទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនអ្នកឆ្លងក្រោយដាក់ចេញវិធានការយ៉ាងតឹងរឹង។ ករណីគ្មានរោគសញ្ញាបែបនេះ កំពុងបង្កក្ដីបារម្ភសម្រាប់វូហានដែលត្រៀមចាប់ផ្ដើមសកម្មភាពឡើងវិញ ក្រោយការបិទជិតតាំងពីថ្ងៃទី២៣ ខែមករាមកនោះ។
ដោយឡែក ចិនក៏រកឃើញករណីឆ្លងថ្មីចំនួន៣៩ នៅថ្ងៃទី៥ ខែមេសា ដោយ៣៨ជាករណីឆ្លងមកពីក្រៅប្រទេស និង១ករណី ជាករណីឆ្លងក្នុងស្រុកដែលស្ថិតក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេស។ កាលពីថ្ងៃទី៤មេសា មានករណីឆ្លងពីក្រៅចំនួន២៥ និងករណីឆ្លងក្នុងខេត្ត Guangdong ចំនួន៥។
ករណីឆ្លងក្នុងស្រុកនៅ ក្រុង Shenzhen ខេត្ត Guangdong ត្រូវបានគេឲ្យដឹងថាបណ្តាលមកពីបុរសម្នាក់ ដែលធ្លាប់ធ្វើដំណើរទៅខេត្តហូប៉ី ដែលជាកន្លែងផ្ទុះនៃជំងឺ។ នេះបើតាមមន្ត្រីអាជ្ងាធរខេត្ត Guangdong។
គណៈកម្មការសុខាភិបាលខេត្ត Guangdong បានលើកកម្រិតហានិភ័យពីទាប ទៅមធ្យមក្នុងសង្កាត់ចំនួន៤ នៃក្រុង Guangzhou, Shenzhen and Jieyang កាលពីថ្ងៃទី៥ មេសាផងដែរ។
ចិនបានឃើញចំនួនអ្នកឆ្លងថយចុះយ៉ាងគំហុក បន្ទាប់ពីការឆ្លងទ្រង់ទ្រាយធំនៅខែកុម្ភៈ។ រដ្ឋាភិបាលចិនបានសម្រេចបិទព្រំដែនមិនឲ្យជនបរទេសចូល ខណៈករណីឆ្លងថ្មីរួមមានករណីជនជាតិចិនត្រឡប់មកពីក្រៅប្រទេស ស្របពេលជំរុញឲ្យអាជ្ញាធរមូលដ្ឋានកំណត់អ្នកផ្ទុក COVID-19 ដែលមិនចេញរោគសញ្ញា និងដាក់ពួកគេឲ្យនៅដាច់ដោយឡែក។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះចិនមានករណីឆ្លងចំនួន៨១,៧០៨នាក់ និងស្លាប់ចំនួន៣,៣៣១នាក់ ហើយជាង៧ម៉ឺននាក់ទៀត សះស្បើយ៕