អន្តរជាតិ
អតីតមេ World Bank៖ ពិភពលោកអាចវិលទៅរកស្ថានភាពនៅក្នុងឆ្នាំ១៩០០ ម្តងទៀត
17, Sep 2020 , 10:29 pm        
រូបភាព
អតីតប្រធានធនាគារពិភពលោក លោក Robert Zoellick ។ រូបភាពកាត់ចេញពីវីដេអូបង្ហោះដោយ BBC
អតីតប្រធានធនាគារពិភពលោក លោក Robert Zoellick ។ រូបភាពកាត់ចេញពីវីដេអូបង្ហោះដោយ BBC
ដោយ៖ កង ម៉េងហុង 
 អតីតប្រធានធនាគារពិភពលោក លោក Robert Zoellick បានព្រមានថា ពិភពលោកអាចនឹងវិលទៅរកស្ថានភាពនៅក្នុងឆ្នាំ ១៩០០ ប្រសិនបើបណ្តាប្រទេសនានាមិនធ្វើការជាមួយគ្នាដើម្បីដោះស្រាយវិបត្តិដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ លោក Zoellick បញ្ជាក់ថា ការប្រេះឆាក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

 
លោក Robert Zoellick ជាប្រធានធនាគារពិភពលោក (World Bank) ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ។ លោក Zoellick ដែលជាមន្រ្តីសាធារណៈជាន់ខ្ពស់បំផុតម្នាក់របស់សហរដ្ឋអាមេរិក និងធ្លាប់បានផ្តល់ប្រឹក្សាដល់ប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន ៦ នាក់នោះ និយាយថា ស្ថានភាពពិភពលោកនៅពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយកិច្ចសហប្រតិបត្តិការជាច្រកចេញតែមួយគត់។
 
អតីតប្រធានស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនេះ បានលើកពីជម្លោះរវាងអាមេរិក និងចិន ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកប្រែប្រួលទៅតាមដែរ។ លោកប្រាប់សារព័ត៌មានអង់គ្លេស BBC នៅថ្ងៃទី៤ ខែកញ្ញាថា នៅសព្វថ្ងៃនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ហើយលោកមិនដឹងថា វានឹងធ្លាក់ដល់ចំណុចណានោះទេ ដែលវាជាស្ថានភាពមួយដែលគ្រោះថ្នាក់ខ្លាំងណាស់។ 
 
ត្រង់នេះលោក ព្រមានថា ពិភពលោកអាចដូចនឹងស្ថានភាពឆ្នាំ១៩០០ ពេលដែលមហាអំណាចប្រជែងគ្នា ប្រសិនប្រទេសនានាដកខ្លួនពីសាកលភាវូបនីយកម្ម ហើយគិតគូរខ្លាំងលើប្រយោជន៍រៀងៗខ្លួន។ លោក Zoellick ស្តីបន្ទោសខ្លាំងលើប្រធានាធិបតីរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះអ្វីដែលកើតឡើង។
 
ទាក់ទិននឹងបញ្ហានេះ លោក Zoellick បានបន្តថា កិច្ចសហប្រតិបត្ដិការគឺជាវិធីតែមួយគត់ដែលអាចជួយស្តារសេដ្ឋកិច្ចពិភពលោកបាន។ «និយាយដោយស្មោះត្រង់ សូម្បីតែចិនក៏មានកម្មវិធីជំរុញមួយដ៏ច្បាស់លាស់ និងកិច្ចសហប្រតិបត្ដិការយ៉ាងល្អជាមួយបណ្តាប្រទេសនានាតាមរយៈវិធីផ្សេងៗ។ ខណៈពេលដែលសហរដ្ឋអាមេរិកមិនមានកិច្ចសហប្រតិបត្ដិការបែបនេះទេ»។ នេះជាសម្តីរបស់លោក Zoellick។ 
 
ទាក់ទងជំងឺ COVID-19 វិញ អតីតមន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវឲ្យអាមេរិកសហការគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងចិនក្នុងការស្វែងរកដំណោះស្រាយចំពោះជំងឺរាតត្បាតនេះជាជាងចោទប្រកាន់ពួកគេ៕

Tag:
 Robert Zoellick
© រក្សាសិទ្ធិដោយ thmeythmey.com