ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់ដល់សហគ្រិន និងជំរុញការផ្លាស់ប្តូរឌីជីថល ធនាគារ អ៊ូរី នឹងត្រៀមខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ។ តាមរយៈការបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងសេវាកម្មហិរញ្ញវត្ថុពិសេស កិច្ចសហការនេះមានគោលបំណងផ្តល់ការគាំទ្រដល់សាស្រ្តាចារ្យ គ្រូបណ្តុះបណ្តាល សិក្ខាកាម និងនិស្សិតរបស់ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងការសាទរដោយបញ្ជាក់ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមដំណើរផ្លាស់ប្តូរថ្មីនេះជាមួយធនាគារ អ៊ូរី ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ យើងមានគោលបំណងគាំទ្រការបំពាក់ឧបករណ៍ និងធនធានចាំបាច់ដល់សហគ្រិន ដែលទើបចាប់ផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដើម្បីឲ្យមានភាពរីកចម្រើននៅក្នុងពិភពឌីជីថលកាន់តែច្រើនឡើង»។
លោក Cho Byung Kyu អគ្គនាយក ធនាគារ អ៊ូរី ការិយាល័យកណ្តាល បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃភាពជាដៃគូក្នុងការជំរុញសហគ្រិនភាព និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ លោកបានប្រកាសពីផែនការសម្រាប់ ធនាគារ អ៊ូរី ខេមបូឌា ដើម្បីបង្កើតការិយាល័យសាខាជាមួយនឹងគោលគំនិត "ធនាគារនៅក្នុងសាកលវិទ្យាល័យ" ក្នុងគោលបំណងផ្តល់នូវសេវាធនាគារដ៏ងាយស្រួលសម្រាប់សាស្រ្តាចារ្យ បុគ្គលិក និស្សិត និងសាធារណជន។
លោកបន្តថា៖ “នៅក្នុងឌីជីថលភាវូបនីយកម្ម ខណៈពេលដែលធនាគារកំពុងស្វែងរកដំណោះស្រាយ Fintech ដ៏ល្អបំផុត នោះយើងកំពុងស្នាក់នៅក្នុងអគារតែមួយ ដូច្នេះយើងអាចគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ដូចជាធនាគារ អ៊ូរី នឹងអាចផ្តល់ជំនួយដើមទុនដល់អាជីវកម្ម Startups ផ្នែកហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា រួមទាំង ការចាប់ផ្តើមរបស់ខ្លួននឹងគាំទ្រដល់ធនាគារ អ៊ូរី សម្រាប់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត” ។
តាមរយៈការប្រើប្រាស់ធនធាន និងជំនាញដ៏ទូលំទូលាយរបស់ធនាគារ អ៊ូរី មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នឹងខិតខំជំរុញការផ្លាស់ប្តូរឌីជីថលរបស់ អាជីវកម្មStartups និងជំរុញបរិយាកាសដល់ការបង្កើតថ្មី និងកំណើនប្រកបដោយចីរភាព។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជំរុញវប្បធម៌នៃភាពជាសហគ្រិននៅកម្ពុជា។
លោក ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូថា៖ “សូមអរគុណដល់ធនាគារ អ៊ូរី សម្រាប់ទំនុកចិត្តមកលើមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងឈានទៅដល់ពិធីចុះហត្ថលេខាលើ MOU ជាផ្លូវការនៅថ្ងៃនេះ។ យើងនឹងរួមគ្នា ចាប់ផ្តើមដំណើរនៃកិច្ចសហការ ការច្នៃប្រឌិត និងការរីកចម្រើន ដែលបង្កើតផលជាវិជ្ជមានដល់អាជីវកម្ម Startups និងសហគ្រិនភាពនៅកម្ពុជា ។ ចំពោះសហគ្រិន និងអ្នកច្នៃប្រឌិតទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះ ខ្ញុំសូមជំរុញឱ្យអ្នកចាប់យកឱកាសដែលភាពជាដៃគូនេះនាំ ដើម្បីធ្វើការរួមគ្នា លើការបង្កើតថ្មី ការចាប់ផ្ដើមអាជីវកម្ម និងសហគ្រិនភាព ដើម្បីជម្រុញការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា»។
សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធនាគារ អ៊ូរី តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយធនាគារ អ៊ូរី បានផ្តល់អាហារូបករណ៍ចំនួន ១០០ កន្លែងដល់និស្សិតថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមុខជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍសហគមន៍ វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងគណិតវិទ្យា តាំងពីខែមករា ឆ្នាំ ២០២៣ មក។
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ ២០១៤ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ ២០២២។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៥៥ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប ១.៤ ពាន់លាន សំពៀតឥណទាន ១,២១២ លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ ៤៣៤ លានដុល្លារ។ “ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”
អំពីមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា
មជ្ឈមណ្ឌលជាតិ Incubation Center of Cambodia (មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា) ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងតភ្ជាប់រវាងសហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និស្សិត និងសហគ្រាស ដើម្បីពិភាក្សាក្នុងគោលបំណងស្វែងរកដំណោះស្រាយដ៏ល្អបំផុត។
អំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាស្ថាប័នសិក្សាឈានមុខគេដែលផ្តោតលើឧត្តមភាពក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងការចូលរួមសហគមន៍។ សាកលវិទ្យាល័យតែងជំរុញការបង្កើតថ្មី ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃកម្លាំងចលករ និងសង្គមរបស់កម្ពុជា។
(អត្ថបទពាណិជ្ជកម្ម)