អន្តរជាតិ
មិនមែនជាជម្រើសទីមួយ លោក ឡរ៉ែន វង់ បង្ហាញសមត្ថភាពរហូតអាចក្លាយជានាយករដ្ឋមន្រ្តីសិង្ហបុរីទី៤
18, Apr 2024 , 6:19 pm        
រូបភាព
លោក Lawrence Wong ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី។ រូបភាព AFP
លោក Lawrence Wong ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី។ រូបភាព AFP
ចាប់ពីថ្ងៃទី១៥ ខែឧសភា លោក ឡរ៉ែន វង់ ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី៤របស់សិង្ហបុរី ចាប់តាំងពីដែនដីមួយនេះ ទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥។ ការកាន់ឡើងកាន់តំណែងរបស់លោក ឡរ៉ែន នឹងកើតមានក្រោយលោកលីសៀន ឡុង បានប្រកាសចុះចេញពីតំណែងនៅថ្ងៃទី១៤ ខែឧសភាខាងមុខ។



បន្ទាប់ពីកាន់អំណាចបាន២ទសវត្សរ៍ លោកនាយករដ្ឋមន្រ្តី លី សៀនឡុង និងជាកូនប្រុសស្ថាបនិកសិង្ហបុរី លោកលី ក្វាន់យូ នៅថ្ងៃទី១៥ ខែមេសា បានប្រកាសចុះចេញពីតំណែង។ តំណែងប្រមុខរដ្ឋាភិបាលបុរីរដ្ឋមួយនេះ នឹងធ្លាក់លើ លោក ឡរ៉ែន វង់ ដែលជាមេដឹកនាំក្រុមជំនាន់ទីបួន (4G Team) របស់បក្សសកម្មភាពប្រជាជន (PAP)។ 
 
តើលោកឡូរ៉ែន វង់ ជានរណា? ហេតុផលអ្វីបានជាបុរសកើតក្រោយសិង្ហបុរីទទួលបានឯករាជ្យរូបនេះ ត្រូវផ្ដល់ទំនុុកចិត្តដើម្បីដឹកនាំសិង្ហបុរី?
 
លោក ឡូរ៉ែន បានកើតនៅថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៧២ និងបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Wisconsin–Madison មុននឹងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅឆ្នាំ១៩៩៥ និងរដ្ឋបាលសាធារណៈពីសកលវិទ្យាល័យ Harvard នៅក្នុងឆ្នាំ២០០៤។ នៅក្នុងឆ្នាំ២០១១ លោក ឡូរ៉ែន បានជាប់ជាសមាជិកសភាលើកដំបូង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិ។

លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី (ឆ្វេង) និងលោក Lawrence Wong ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ។ រូបភាព AFP

វត្តមានរបស់លោកនៅក្នុងសភា អាចថាជាការឈានជើងលើកដំបូងមកក្នុងនយោបាយ ដ្បិតមុនឆ្នាំ២០១១ លោក ឡូរ៉ែន បានបំពេញមុខងារជាមន្រ្តីស៊ីវិល និងធ្លាប់ជាលេខាឯកជនរបស់លោកលី ចន្លោះពីឆ្នាំ២០០៥ ដល់២០០៨។
 
លោក ឡូរ៉ែន បានឆ្លងកាត់បទពិសោធន៍ជាច្រើនដូចជាអនុរដ្ឋលេខាធិការអប់រំ និងការពារជាតិ, រដ្ឋមន្រ្តីស្តីទីក្រសួងវប្ប​ធម៌, សហគមន៍ និងយុវជន រួមទាំងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជាតិ។

យ៉ាងណាដោយ តំណែងរបស់អតីតនិស្សិតផ្នែកសេដ្ឋកិច្ចរូបនេះ បានឡើងជាបន្តបន្ទាប់រហូតដល់កាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២១ និងជាឧបនាយករដ្ឋមន្រ្តីនៅក្នុងឆ្នាំ២០២២។ 
 
បន្ថែមពីលើតួនាទីរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកឡូរ៉ែន ជាប្រធានធនាគារកណ្តាលសិង្ហបុរីរហូតដល់ឆ្នាំ២០២៦ និងជាអនុប្រធានមូលនិធិទ្រព្យអធិបតេយ្យGIC ផងដែរ។ 
 
ក្នុងអំឡុងពេលសិង្ហបុរីផ្ទុះជំងឺកូវីដ-១៩ លោកឡូរ៉ែន ដែលកាន់តួនាទីជាសហប្រធានលើក្រុមការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងជាមួយរដ្ឋមន្រ្តីសុខាភិបាល បានទទួលជោគជ័យយ៉ាងខ្លាំង ដោយរក្សាអត្រាស្លាប់ឱ្យនៅទាបបំផុត ក្នុងចំណោមប្រទេសមួយចំនួនទៀតមានអត្រាស្លាប់តិច។ តាមទិន្នន័យរបស់ Worldometers ត្រឹមថ្ងៃទី១៣ ខែមេសា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅសិង្ហបុរី មានត្រឹម២០២៤នាក់ប៉ុណ្ណោះ។
 
ពេលផ្ទុះជំងឺឆ្លង សិង្ហបុរីស្ថិតក្នុងចំណោមប្រទេសតិចតួចផ្សេងទៀត ដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មុនគេ សម្រាប់ផ្តល់ឱ្យប្រជាជន។ 
 
ក្រោមបទពិសោធន៍ការងារ និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង លោក ឡូរ៉ែន ត្រូវបានតែងតាំងជាមេដឹកនាំក្រុមជំនាន់ទី៤ របស់បក្សសកម្មភាពប្រជាជន ក្រោយរដ្ឋមន្រ្តីចំនួន ១៥នាក់ រួមទាំងលោកលី សៀនឡុង ក្នុងចំណោម ១៩នាក់ បានប្រកាសគាំទ្រ។ 
 
ពីមួយជំនាន់ទៅមួយជំនាន់ បក្សសកម្មភាពប្រជាជនសិង្ហបុរីតែងរៀបចំក្រុមសម្រាប់ដឹកនាំប្រទេស មុនកាន់តំណែងជានាយករដ្ឋមន្រ្តី ដោយលោកលី ក្វានយូ ជាមេដឹកនាំជំនាន់ទីមួយ។ មេដឹកនាំក្រុមរបស់បក្ស សកម្មភាពប្រជាជន ចាប់តាំងពីជំនាន់ទី២មក សុទ្ធតែមានតំណែងជាឧបនាយករដ្ឋមន្រ្តី។ 
 
ដំបូងឡើយ មេដឹកនាំក្រុមជំនាន់ទីបួន មិនមែនជាលោកឡូរ៉ែន ឡើយ ប៉ុន្តែជាលោក ហេង ស្វីគៀត  ទៅវិញទេ។ ប៉ុន្តែលោកហេង បានប្រកាសចុះចេញពីតំណែងមួយនេះ នៅក្នុងឆ្នាំ២០២១ ក្រោមហេតុផលវ័យចាស់ បញ្ហាសុខភាព និងទុកឱកាសឱ្យក្មេងៗកាន់តំណែងបន្ត។
 
ជាបុគ្គល ដែលចូលចិត្តលេងហ្គីតា អានសៀវភៅ និងលេងកូនហ្គោល លោក ឡូរ៉ែន នឹងក្លាយជានាយករដ្ឋមន្រ្តីទី៤ របស់សិង្ហបុរី ចាប់ពីថ្ងៃទី១៥ ខែឧសភាខាងមុខ បន្ទាប់ពីលោកលី សៀនឡុងបានប្រកាស នឹងលាលែងពីតំណែងនៅថ្ងៃទី១៤ ខែឧសភា។ រដ្ឋមន្រ្តីហិរញ្ញវត្ថុរូបនេះ នឹងក្លាយជាប្រមុខរដ្ឋាភិបាលសិង្ហបុរីដំបូង ដែលកើតក្រោយសិង្ហបុរីទទួលបានឯករាជ្យ និងជានាយករដ្ឋមន្រ្តីទីពីរ ដែលមិនកើតនៅក្នុងគ្រួសាររបស់លោកលី ក្វាន់យូ ដែលជាស្ថាបនិកសិង្ហបុរី។
 
«ខ្ញុំទទួលយកការទទួលខុសត្រូវមួយនេះជាមួយសេចក្តីគោរព និងស្មារតីនៃតួនាទី»។ ឧបនាយករដ្ឋមន្រ្តី​ និងរដ្ឋមន្រ្តីហិរញ្ញវត្ថុបានប្រកាសបែបនេះ ក្រោយលោកលីប្រកាសលាលែងពីតំណែង។ លោកឡូរ៉ែន បានបន្តថា លោកមិនធ្លាប់រំពឹងនឹងក្លាយជាប្រមុខរដ្ឋាភិបាល​នោះទេ នៅពេលឈានជើងចូលក្នុងនយោបាយនៅឆ្នាំ២០១១។ ពាក់ព័ន្ធនឹងបញ្ហានេះ មេដឹកនាំក្រុមជំនាន់ទីបួន បានប្តេជ្ញាបម្រើប្រទេស និងប្រជាជនឱ្យបានខ្លាំងក្លាបំផុត។
 
ចំណែកនាយករដ្ឋសិង្ហបុរី លោកលី បានចាត់ទុកលោកឡូរ៉ែន ជាបុគ្គលដ៏សំខាន់បំផុត ក្នុងការដោះស្រាយជំងឺកូវីដ-១៩ ហើយក្រុមជំនាន់ទីបួន បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍជាតិ និងទទួលបានទំនុចចិត្តពីប្រជាជន។ 
 
សម្រាប់តំណែងដ៏សំខាន់នៅក្នុងក្បាលម៉ាស៊ីនដឹកនាំសិង្ហបុរីមួយនេះ លោក ឡូរ៉ែន ដែលមានវ័យ៥១ឆ្នាំ នឹងទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំប្រមាណ១,៦លានដុល្លារ ដោយបូករួមនឹងប្រាក់បន្ថែម។ ប្រាក់បៀវត្សដ៏ច្រើនបែបនេះ ជាផ្នែកមួយនៃយុទ្ធនាការការប្រឆាំងអំពើពុករលួយរបស់បុរីរដ្ឋសិង្ហបុរី៕

Tag:
 សិង្ហបុរី
  នាយករដ្ឋមន្រ្តី
  Lawrence Wong
© រក្សាសិទ្ធិដោយ thmeythmey.com