កីឡាជាតិ
ជាតិ
មានអាជ្ញាបណ្ណក្លិប AFC ឬថ្នាក់ជាតិ ជួយក្លិប និងលីគកម្ពុជា កាន់តែខ្លាំង និងរឹងមាំ
30, Apr 2024 , 9:39 am        
រូបភាព
ក្រុមហ៊ុនលីគកីឡាបាល់ទាត់កម្ពុជាខេមបូឌៀព្រីមៀលីគ (CPL) បានបង្ហាញក្លិបកីឡាបាល់ទាត់ចំនួន១២ ដែលមានអាជ្ញាបណ្ណក្លិបកម្រិតតំបន់អាស៊ី AFC និងថ្នាក់ជាតិ ២០២៣-២៤ ដោយក្នុងនោះ ១០ក្លិប បានជាប់អាជ្ញាបណ្ណក្លិប (កម្រិតអាស៊ី) និង២ក្លិប ជាប់អាជ្ញាបណ្ណក្លិបថ្នាក់ជាតិ។ អ្នកគ្រប់គ្រងអាជ្ញាបណ្ណក្លិប CPL មើលឃើញថា ចំនួនក្លិបទទួលបានអាជ្ញាបណ្ណក្លិប និងថ្នាក់ជាតិកាន់តែច្រើន នឹងជួយក្លិប និងលីគកម្ពុជាកាន់តែរឹងមាំ និងស្តង់ដារ ដែលអាចប្រកួតប្រជែងក្នុងតំបន់។



ក្លិបកីឡាបាល់ទាត់ដែលបានជាប់អាជ្ញាបណ្ណក្លិប AFC ទាំង ១០ រួមមាន អង្គរថាយហ្គឺរ​ បឹងកេត គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ វិសាខា អាយ អេស អាយ ដង្កោសែនជ័យ និងព្រៃវែង។ ដោយឡែក២ក្លិប ដែលជាប់អាជ្ញាបណ្ណក្លិបថ្នាក់ជាតិ មានក្លិប ឡាយហ្វ ខេត្តព្រះសីហនុ និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលទើបឡើងពីលីគកម្រិតទី២ ដើម្បីបង្ហាញខ្លួននៅលីគកំពូលរដូវកាលក្រោយ។ ទាំង១២ក្រុម ដែលជាប់អាជ្ញាបណ្ណក្លិប AFC និងថ្នាក់ជាតិ ២០២៣-២៤ នឹងបង្ហាញមុខក្នុងការប្រជែងជើងឯក CPL និង AFC Challenge League រដូវកាល ២០២៤-២៥។
 
បើតាមកញ្ញា ជា ស្រីលីស អ្នកគ្រប់គ្រងអាជ្ញាបណ្ណក្លិបរបស់ក្រុមហ៊ុន CPL បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ រាល់ក្លិបដែលត្រូវបង្ហាញខ្លួននៅលីគកំពូលកម្ពុជា ត្រូវមានអាជ្ញាបណ្ណក្លិបយ៉ាងហោចត្រឹមថ្នាក់ជាតិ។
 
«ក្លិបជើងឯក និងរងជើងឯកលីគ២ ត្រូវតែមានអាជ្ញាបណ្ណក្លិបថ្នាក់ជាតិ ទើបអាចចូលរួមប្រកួតប្រជែងនៅលីគកំពូល ដែលរៀបចំដោយ CPL បាន។ ដោយឡែក សម្រាប់ក្លិបដែលឈ្នះជើងឯកលីគកំពូល ប៉ុន្តែគ្មានអាជ្ញាបណ្ណក្លិប AFC នោះពួកគេក៏មិនអាចចូលរួមប្រកួតកម្រិត AFC ដែរ»។ នេះជាការអះអាងរបស់កញ្ញា ជា ស្រីលីស មុនបន្ថែមថា អាជ្ញាបណ្ណក្លិប នេះ តម្រូវឱ្យក្លិបនីមួយៗ ស្នើសុំជារៀងរាល់ឆ្នាំ ដើម្បីអាចចូលរួមប្រកួតប្រជែងបាន។
 
កញ្ញា ជា ស្រីលីស អ្នកគ្រប់គ្រងអាជ្ញាបណ្ណក្លិបរបស់ក្រុមហ៊ុន CPL (ពាក់អាផ្កាឈូកពីខាងក្នុងអាវធំ) អំឡុងពេលចុះតាមបណ្តាក្លិបកន្លងមក។ រូបភាព៖ ហ្វេសប៊ុកកញ្ញា ជា ស្រីលីស

ដើម្បីទទួលបានអាជ្ញាបណ្ណក្លិប ទាំងកម្រិត AFC និងថ្នាក់ជាតិ ក្លិបទាំងអស់ត្រូវបំពេញលក្ខខណ្ឌសំខាន់ចំនួន៥ ក្នុងនោះទី១.លើលក្ខខណ្ឌវិនិច្ឆ័យកីឡា ទី២.ហេដ្ឋារចនាសម្ព័ន្ធ ទី៣. បុគ្គលិក និងរដ្ឋបាល ទី៤.ផ្នែកច្បាប់ និងទី៥. ហិរញ្ញវត្តុរបស់ក្លិប។

ទី១ លក្ខខណ្ឌវិនិច្ឆ័យកីឡា៖ ផ្តោតសំខាន់លើក្រុមយុវជន និងក្រុមនារី រួមជាមួយរបាយការណ៍ពេទ្យរបស់កីឡាករ-ការិនី ការធានារ៉ាប់រង និងការអប់រំ។ ទី២ ហេដ្ឋារចនាសម្ព័ន្ធ៖ ផ្តោតសំខាន់លើទីលានប្រកួត និងកន្លែងហ្វឹកហាត់ ដែលមានស្តង់ដារ។ ទី៣ បុគ្គលិក និងរដ្ឋបាល៖ គ្រូបង្វឹកត្រូវមានសញ្ញាបត្រត្រឹមត្រូវ គ្រូជំនួយ និងបុគ្គលិកក៏ត្រូវមានជំនាញច្បាស់លាស់ ។ ទី៤ ផ្នែកច្បាប់៖ ក្លិបត្រូវចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ក្នុងនាមជាក្រុមហ៊ុន ឬសមាគមន៍។ ទី៥ ហិរញ្ញវត្តុ៖ ទាមទារឱ្យក្លិបនីមួយៗ ត្រូវមានឯកសារសវនកម្មចំណូលចំណាយរបស់ក្លិបជារៀងរាល់ឆ្នាំ ដែលនេះជាលក្ខខណ្ឌសំខាន់បំផុត ដែលស្ថាប័ន AFC ត្រូវការ មុនអនុញ្ញាតឱ្យក្លិបអាចចូលរួមប្រកួត។
 
បើទោះការស្នើសុំអាជ្ញាបណ្ណក្លិប ទាំងកម្រិត AFC និងថ្នាក់ជាតិ ប្រហាក់ប្រហែលគ្នាមែន ប៉ុន្តែដើម្បីទទួលបានអាជ្ញាបណ្ណក្លិប AFC តម្រូវឱ្យក្លិបនោះមានកម្រិតប្រកួតប្រជែងខ្ពស់ ពោលគឺមានគ្រូបង្វឹក ជំនួយការ លំដាប់ A ឬគ្រូយុវជនកម្រិត B និងមានសមាជិកកីឡាករមានគុណភាពថែមទៀតជាដើម។
 


កើនចំនួនក្រុម ដែលទទួលបានអាជ្ញាបណ្ណក្លិបកាន់តែច្រើន ជាសញ្ញាល្អក្នុងការនាំវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើន ទាំងកម្រិតប្រកួត និងរបៀបនៃការគ្រប់គ្រងក្លិប។
 
អ្នកគ្រប់គ្រងអាជ្ញាបណ្ណក្លិបរបស់ CPL កញ្ញា ស្រីលីស សង្កត់ធ្ងន់ត្រង់ចំណុចនេះថា៖ «ការស្នើអាជ្ញាបណ្ណក្លិប មិនថា AFC ឬថ្នាក់ជាតិនោះទេ នឹងជួយជំរុញក្លិបនោះកើនកម្រិតស្តង់ ដារ។ នេះមានន័យថា ក្លិបបាល់ទាត់មិនមែនមានន័យថា លេងល្អលើទីលានជាក្លិបខ្លាំងនោះទេ ប៉ុន្តែការគ្រប់គ្រងក្លិបត្រឹមត្រូវ ដោយគោរពតាមលក្ខខណ្ឌទាំង៥ខាងលើ នឹងជួយក្លិបកាន់តែរឹងមាំ និងមានការប្រកួតប្រជែងខ្ពស់ ជាមួយក្លិបនៅបណ្តាប្រទេសដទៃថែមទៀត»៕
 

Tag:
 អាជ្ញាបណ្ណក្លិប
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com