ជាតិ
សម្ដេច ហ៊ុន ម៉ាណែត បង្កើតកម្លាំងអន្តរាគមន៍ពិសេសមួយ ដើម្បីទម្លុះការងារជាប់គាំងរបស់រដ្ឋាភិបាល
01, May 2024 , 11:59 am        
រូបភាព
ក្រុមការងារ ឬកម្លាំងអន្តរាគមន៍ពិសេស ដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្កើតឡើងនេះ គឺមានតួនាទីត្រួតពិនិត្យ និងតាមដាន រាល់ផែនការសកម្មភាពនានា របស់រដ្ឋាភិបាល ដើម្បីដោះស្រាយកិច្ចការងារទាំងនោះ ឱ្យមានប្រសិទ្ធភាព។



ថ្លែងចំពោះមន្ត្រី និងកម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងអន្តរាគមន៍ពិសេសរបស់សម្ដេចនេះ នឹងជួយទម្លុះរាល់កិច្ចការងារណា ដែលនៅជាប់គាំង ឱ្យដំណើរការទៅមុខ ស្របតាមផែនការសកម្មភាព។ «ខ្ញុំមានយន្តការមួយ ចំណុះនាយករដ្ឋមន្រ្តី គឺកិច្ចការតាមដានដោះស្រាយបញ្ហា។ ការតាមដានត្រួតពិនិត្យបញ្ហា គឺជាកិច្ចការងារចាំបាច់មួយ ដែលត្រូវធ្វើ។ រាល់បទបញ្ជារបស់នាយករដ្ឋមន្រ្តី ត្រូវតែទម្លាយ ហើយខ្ញុំត្រូវតែតាមដានជាប់ជាប្រចាំថា ដល់ណាហើយ»។ សម្ដេច ថ្លែងបែបនេះ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានពន្យល់ថា បើផែនការការងាររបស់សម្ដេច ដាក់ចេញទៅហើយ ហើយអន្តរក្រសួង ឬភាគីពាក់ព័ន្ធលើកយកមកពិភាក្សាគ្នា ដើម្បីសម្រួចទិសដៅ , ប៉ុន្តែមិនអាចរកចំណុចរួមបាន ឬនៅសល់គន្លឹះតូចៗខ្លះ ខ្វែងគំនិតគ្នានោះ កម្លាំងអន្តរាគមន៍ពិសេសនេះ នឹងចុះទៅជួបពិភាក្សា ដើម្បីទម្លុះភាពជាប់គាំងនោះភ្លាម។
 
«ខ្ញុំបង្កើតយន្តការមួយ សម្រាប់កម្លាំងអន្តរាគមន៍ពិសេស គឺបើគម្រោងណា ផែនការណា បទបញ្ជាណា ដែលដាក់ចេញទៅ នៅមិនទាន់ដាច់ស្រេច ឬនៅស្ទះ ហើយបានសម្របសម្រួលស្ថាប័នច្រើនហើយ តែនៅខ្វះ គឺនឹងបញ្ជូនក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្តី ចុះទៅជួយសម្របសម្រួលឱ្យដាច់តែម្ដង»។ សម្ដេច បន្ថែមដូច្នេះ។
 
បើតាមនាយករដ្ឋមន្រ្តី ក្រុមការងារអន្តរាគមន៍ពិសេសនេះ មិនលូកលាន់ចូលកិច្ចការងាររបស់អង្គភាព និងស្ថាប័នរដ្ឋឡើយ ប៉ុន្តែពួកគេ គ្រាន់តែមកជួយដោះស្រាយបញ្ហាដែលនៅជាប់គាំង តាមបញ្ជារបស់សម្ដេចប៉ុណ្ណោះ។ 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com