ជាតិ
ការស្ទង់មតិរបស់ក្រសួង រកឃើញថា សេរីភាពសារព័ត៌មានកម្ពុជា ល្អប្រសើរ ៧៩ភាគរយ
01, May 2024 , 2:29 pm        
រូបភាព
ក្រុមអ្នកសារព័ត៌មានជួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលកន្លងមក។ រូបពី របាយការណ៍ក្រសួងព័ត៌មាន
ក្រុមអ្នកសារព័ត៌មានជួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលកន្លងមក។ រូបពី របាយការណ៍ក្រសួងព័ត៌មាន
ដោយ៖ ឡាយ សុភាវតី និងមឿន ម៉ាក់ថុង

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានស្ទង់មតិ ស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយក្នុងចំណោមអ្នកសារព័ត៌មាន៣៤១នាក់ មាន៧៩,៨ភាគរយ យល់ថា សេរីភាពសារព័ត៌មាន មានលក្ខណៈល្អប្រសើរ និងពេញលេញ ក្នុងការប្រមូលនិងផ្សព្វផ្សាយព័ត៌មាន។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងបែបនេះ នៅក្នុងសន្និសីទព័ត៌មាន កាលពីថ្ងៃទី៣០ មេសា។

 
តាមការស្ទង់មតិនេះ មាន៩៥ភាគរយ បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយសំបូរបែបនៅកម្ពុជា នាពេលបច្ចុប្បន្ន គឺជាការចូលរួមលើកម្ពស់សេរីភាពសារព័ត៌មាន។ ជាមួយគ្នានេះ មានអ្នកសារព័ត៌មាន៨១,២ភារយ រកឃើញថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ខ្លាំង ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ចំណែក ៩២,១ ភាគរយ គាំទ្រឱ្យក្រសួងអនុវត្តតាមនីតិវិធីច្បាប់ លើអ្នកសារព័ត៌មាន ដែលប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ 
 
យ៉ាងណាក៏ដោយ តាមការស្ទង់មតិ អ្នកសារព័ត៌មានជាង៣០០នាក់ខាងលើ មាន៩៩,៤ភាគរយហើយ គាំទ្រឱ្យមានការបណ្ដុះណ្ដាលបន្ថែម ដើម្បីបង្កើនគុណភាពព័ត៌មាននៅកម្ពុជា។


ទន្ទឹមនឹងនេះ ក្រសួងរកឃើញដែរថា ក្នុងចំណោម អ្នកសារព័ត៌មាន៣៤១ មានត្រឹមតែ២ភាគរយប៉ុណ្ណោះ បានរៀនជំនាញវិជ្ជាជីវៈសារព័ត៌មាន នៅមហាវិទ្យាល័យ។ 
 
របាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលក្រសួងបានចេញក្នុងខែមេសា ឆ្នាំ២០២៤នេះ គឺប្រើវិធីជ្រើសរើសអ្នកសារព័ត៌មានដោយចៃដន្យ (Random Sampling) ក្នុងចំណោម២៥រាជធានី-ខេត្ត។ នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលផ្សព្វផ្សាយរបាយការណ៍ខាងលើ។ 
 

Tag:
 សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com