ជាតិ
កម្ពុជាទទួលបានកូនផ្សោត១ក្បាលទៀត នៅដើមខែឧសភា
01, May 2024 , 2:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) នៅថ្ងៃទី១ ខែឧសភានេះ បានប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ មានផ្សោតកើតថ្មី៨ក្បាល និងងាប់ទៅវិញ ១ក្បាល។



យោងតាមទិន្នន័យរបស់ WWF នៅឆ្នាំ២០២៣ មានផ្សោតកើតថ្មី៨ក្បាល និងងាប់៥ក្បាល ក្នុងនោះកូនផ្សោតងាប់២ក្បាល ផ្សោតជំទង់២ក្បាល និងងាប់ដោយសារវ័យចាស់១ក្បាល។ គិតពីចាប់ពីឆ្នាំ២០២០ដល់ ២០២៣ កម្ពុជាទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៤ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេ រហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦​ក្បាលប៉ុណ្ណោះ។    
 
របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ បានបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គមានប្រមាណ៨៩ក្បាលប៉ុណ្ណោះ។ ក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបីទីតាំង តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ ១៨០គីឡូម៉ែត្រ។
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)។  
 
 ផ្សោតទន្លេមេគង្គ ជារតនសម្បត្តិជាតិមានជីវិត ហើយប្រជាពលរដ្ឋកម្ពុជា មានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ ចំណែក ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោត៕

Tag:
 ផ្សោត
  អន្លង់កាំពី
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com