RFI
អន្តរជាតិ
ការចរចា​អន្តរជាតិ​ស្តីពីការកាត់បន្ថយ​ផលិត​ផលប្លាស្ទិក ត្រូវបិទបញ្ចប់ដោយ​គ្មានលទ្ធផល
01, May 2024 , 7:39 pm        
រូបភាព
រូបរ៉ូប៊ីណេបង្ហូរកាកសំណល់ប្លាស្ទិក ដែល​ក្រុម​សកម្មជនបរិស្ថានបានស្ថាបនាឡើង នៅ​ខាងមុខ​ទីតាំងប្រជុំចរចាអន្តរជាតិ​​ ស្តីពីការគ្រប់គ្រងផលិតផល​ប្លាស្ទិក។ ទីក្រុងអូតាវ៉ា ប្រទេសកាណាដា ថ្ងៃទី២៣ មេសា២០២៤ REUTERS - Kyaw Soe Oo
រូបរ៉ូប៊ីណេបង្ហូរកាកសំណល់ប្លាស្ទិក ដែល​ក្រុម​សកម្មជនបរិស្ថានបានស្ថាបនាឡើង នៅ​ខាងមុខ​ទីតាំងប្រជុំចរចាអន្តរជាតិ​​ ស្តីពីការគ្រប់គ្រងផលិតផល​ប្លាស្ទិក។ ទីក្រុងអូតាវ៉ា ប្រទេសកាណាដា ថ្ងៃទី២៣ មេសា២០២៤ REUTERS - Kyaw Soe Oo
ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
 
បណ្តាប្រទេសទាំងអស់នៃ​ពិភពលោក ​បានសន្យាគ្នាថា នឹងស្វែងរកឲ្យ​បាន​នូវ​សន្ធិសញ្ញា​អន្តរជាតិមួយ ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថានដោយ​ប្លាស្ទិក នៅរវាង​ចុងឆ្នាំ​២០២៤នេះ​។ តែការប្រជុំចរចាគ្នា​ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែល​បានប្រព្រឹត្តិធ្វើទៅនៅ​ទីក្រុង​អូតាវ៉ា ប្រទេសកាណាសា បានបិទបញ្ចប់ទៅ​កាលពីថ្ងៃចន្ទ ទី​​២៩​មេសា ដោយ​គ្មានបានលទ្ធផលអ្វីទាំងអស់​។ ប្រទេសខ្លះបានបដិសេធ​ មិនព្រម​​កំណត់​ការដាក់កំហិត ​កាត់បន្ថយ​​ការ​ផលិត​​ទំនិញ​ប្លាស្ទិក​ទេ ដោយ​គាំទ្រតែទៅលើវិធានការ​ពង្រីកសមត្ថភាពកែច្នៃសំរាម​។​



កិច្ចប្រជុំចរចា ស្តីពីខ្លឹមសារនៃអនាគត​​សន្ធិសញ្ញាអន្តរជាតិគ្រប់គ្រងការបំពុលដោយ​ប្លាស្ទិក ដែលធ្វើឡើងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅទីក្រុងអូតាវ៉ា បានបិទបញ្ចប់ទៅ​កាលពីថ្ងៃចន្ទទី​២៩មេសា។ បើទោះបី​ជា​ក្រុមការងារចរចា បានព្យាយាម​បន្ថែមម៉ោងប្រជុំដល់យប់ជ្រៅ តែលទ្ធផល​គឺសូន្យដដែល។ គ្មានការត្រូវរ៉ូវគ្នាអ្វីទាំងអស់ ទាក់ទិននឹង​ការកាត់បន្ថយ​ការ​ផលិតទំនិញ​ធ្វើពីប្លាស្ទិក​។​
 
សូមរំលឹកថា កាលពីឆ្នាំ​២០២២ សហគមន៍អន្តរជាតិបាន​សន្យាគ្នា​ ​ថានឹងសម្រេចឲ្យ​បាននៅរវាងចុងឆ្នាំ២០២៤នេះ នូវ​សន្ធិសញ្ញាអន្តរជាតិមួយដែល​មាន​កម្លាំងចាប់បង្ខំផ្លូវច្បាប់​ ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងការ​បំពុលបរិស្ថាន​​​ដោយ​​ ​ប្លាស្ទិក​​។ ជាសន្ធិសញ្ញាដែលនឹង​កំណត់ជារួម នូវ “វដ្តជីវិត” របស់ប្លាស្ទិក ដោយរាប់ចាប់ពី​ការផលិត រហូតដល់​ការ​កែច្នៃកាកសំណល់​ប្លាស្ទិក​។
 
ក៏ប៉ុន្តែ ការប្រជុំចរចានៅអូតាវ៉ាបានបង្ហាញថាសហគមន៍អន្តរជាតិ នៅមានការខ្វែងគំនិតគ្នាច្រើនណាស់។ ក្រុម​ឡុបប៊ីការពារប្លាស្ទិក ដែលមានដូចជា​សហគ្រាស​ឧស្សាហកម្ម​ និង​ប្រទេសផលិតប្រេងដូចជា​អារ៉ាប៊ីសាអូឌីត ព្រមទាំងចិន​ផងនោះ បាន​បង្ហាញការជំទាស់ មិន​ចង់​ឲ្យ​អនាគតសន្ធិសញ្ញានេះ កំណត់អំពី​ការកាត់បន្ថយ​ទំហំផលិត​ប្លាស្ទិក ឬក៏​ហាមឃាត់​សារធាតុគីមីមួយចំនួននោះទេ។ ក្រុម​ប្រទេសទាំងនេះ លើកឡើងថាគួរតែគិត​គូរ តែពីការបង្កើនសមត្ថភាព​​នៃការការច្នៃកាកសំណល់ប្លាស្ទិកទៅ គឺវាគ្រប់គ្រាន់ហើយ​។
 
យ៉ាងណាក៏ដោយ​ បើទោះជាការប្រជុំនៅអូតាវ៉ាបានបិទបញ្ចប់ដោយ​គ្មានលទ្ធផល តែប្រទេសទាំងអស់ បាន​ស្រុះស្រួល​គ្នា​ បង្កើតក្រុមការងារ​បច្ចេកទេស ឲ្យ​បាន​មុន​ការចាប់ផ្តើមចរចាដំណាក់កាលថ្មី ដែលគ្រោងធ្វើនៅទីក្រុងប៊ូសាន កូរ៉េខាងត្បូង នៅថ្ងៃទី​២៥វិច្ឆិកា​​។ ក្រុម​ការងារ​បច្ចេកទេស​នេះ នឹង​ពិនិត្យវិភាគ​​កំណត់ឈ្មោះសារធាតុគីមីមួយចំនួន ដែលគេប្រើនៅក្នុងផលិត​ផលប្លាស្ទិក ហើយ​ដែលអាចបង្កគ្រោះថ្នាក់។ ក្រៅពីនេះ គេនឹង​ពិនិត្យ​មើលដែរ អំពី​គំនិតថ្មីៗ ​ទាក់ទិននឹង​សំបកវេចខ្ចប់ធ្វើពី​ប្លាស្ទិក ព្រមទាំង​ថវិកាជួយ​ប្រយុទ្ធប្រឆាំងនឹងសំរាម​​ប្លាស្ទិក​​ក្នុងបរិស្ថាន​។
 
យ៉ាងហោចណាស់​ មានប្រទេស​៥០​ដែលបាន​បង្ហាញជំហរគាំទ្រគំនិតស្នើដោយរវ៉ាន់ដា និងប៉េរូ ដែលចង់​ឲ្យ​មានការវិភាគ​ស៊ីជំរៅ ពីនេះ​ដល់ខែវិច្ឆិកា​ ស្តីពី​កម្រិតនិរន្តរភាព​​នៃ​ការផលិត​ទំនិញប្លាស្ទិក​។ តាមការប៉ាន់ស្មាន​ នៅរវាងឆ្នាំ​២០៥០ ផលិត​ផលប្លាស្ទិកនឹងកើនទំហំ​ ១គុណជា​៣។ យោងតាមលោកស្រី Juliet Kabera តំណាងក្រុមចរចារវ៉ាន់ដា គឺទំហំផលិត​ដ៏ច្រើនមហិមានេះ វាគ្មាន​និរន្តរភាពទេ ព្រោះថាប្លាស្ទិកដែលផលិតថ្មី វាច្រើនលើសខ្លាំងពេក បើប្រៀបទៅសមត្ថភាពនៃការកែច្នៃ​ និងការគ្រប់គ្រង​សំរាមប្លាស្ទិក​។
 
គួរបញ្ជាក់ដែរថា មានប្រទេស​២៨ដែល​យល់ស្របគ្នា រក្សា​ទុក​ចំណុច​ស្តីពី​ ការគ្រប់គ្រងទំហំផលិតទំនិញ​​​ប្លាស្ទិក ដើម្បី​យកទៅជជែកគ្នាបន្តទៀត នៅក្នុងការប្រជុំចរចាខាងមុខ​។ លោក Christophe Béchu រដ្ឋមន្ត្រីបារាំងទទួល​បន្ទុកអន្តរកម្មថាមពល បាន​លើកឡើងថា របាយការណ៍វិទ្យាសាស្ត្របានបង្ហាញ​ច្បាស់ៗហើយ ថា​ប្រសិន​បើយើងចង់​ប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយ​កាកសំណល់ប្លាស្ទិក គឺយើងត្រូវតែចាប់ផ្តើម ពីការចាត់វិធានការ​កាត់​បន្ថយ​ទំហំនៃការផលិត​ផលិតផល​ប្លាស្ទិក នៅទូទាំងពិភពលោក​។
 
ដោយឡែក លោក Yang Xiaoling តំណាងក្រុមចរចាចិន​ បាន​ប្រកាន់គោលជំហរថា ប្រទេសទាំងអស់គួរណាតែ​ ផ្តោតការជជែកគ្នា តែទៅលើបញ្ហាណា​ដែល​មិនចោទជាជម្លោះ ឬការខ្វែងគំនិតគ្នា​ តួយ៉ាងដូចជា​ ទៅលើវិស័យបច្ចេកទេសដុតរំលាយសារធាតុប្លាស្ទិក ដើម្បី​ឲ្យ​ប្រើវត្ថុធាតុដើម​ប្លាស្ទិកតិចបំផុត ឬក៏ដើម្បី​ឲ្យងាយ​យកវាទៅកែច្នៃ​ប្រើប្រាស់ឡើងវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com