កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង បរិច្ចាគប្រាក់ជើងឯកសម្តេច ហ៊ុន សែន ទៅមន្ទីរពេទ្យគន្ធបុប្ផា
01, May 2024 , 4:45 pm        
រូបភាព
ក្លិបព្រះខ័នរាជស្វាយរៀង បរិច្ចាគប្រាក់រង្វាន់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ចំនួន ១៥០លានរៀល ទៅព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដើម្បីគាំទ្រដល់ មន្ទីរពេទ្យ គន្ធបុប្ផា។



ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ សម្តេច ហ៊ុន សែនលើកទី១៧ ឆ្នាំ២០២៤ តាមរយៈការយកឈ្នះភ្នំពេញក្រោន ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ គ្រងជើងឯក ជាលើកទី៥ ស្វាយរៀងទទួលបានប្រាក់ជ័យលាភីចំនួន ១៥០លានរៀល។
 
ស្របពេលមានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្លិបស្វាយរៀងដែលមានលោក ឌី វិជ្ជា ជាប្រធាន បានសម្រេចផ្តល់ប្រាក់រង្វាន់ដែលទទួលបានពីពាន Hun Sen Cup ទាំងអស់តែម្តង ដើម្បីជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។
 
ការប្រកួតមិត្តភាពសប្បុរសធម៌ ដែលធ្វើនៅថ្ងៃទី១ ខែឧសភា ចំថ្ងៃពលកម្មអន្តរជាតិផង មានការជួបគ្នាចំនួន២គូ ក្នុងនោះគូទីមួយដែលកំពុងដំណើរការប្រកួត រវាងក្រុមបាល់ទាត់បង្កើតមាតិកា ទល់នឹងក្រុមបាល់ទាត់អ្នកលេងបាល់ទះ និងជំនួបទី២ដែលជាគូពិសេស រវាងក្រុមបាល់ទាត់តារាកម្ពុជា (CFSS) ជាមួយ ក្រុមបាល់ទាត់អ្នកប្រដាល់គុនខ្មែរ ដែលនឹងចាប់ផ្តើមប្រកួតនៅម៉ោង ៥ និង៣០នាទី។
 
ក្រុមបាល់ទាត់តារាកម្ពុជា មានសម្តេច ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយស និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាជំនួយការគ្រូបង្វឹកកិត្តិយស។ ការប្រកួតមិត្តភាពសប្បុរសធម៌ បង្កើតឡើង ក្នុងគោលបំណងប្រមូលថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ហើយតាមរយៈសម្តេច ហ៊ុន សែន កម្មវិធីនេះ ទទួលបានប្រាក់បរិច្ចាគពីសប្បុរសជនចំនួន ៤ ,៥ ដុល្លារហើយ៕
 

Tag:
 គន្ធបុប្ផា
  ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com