ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កូនអ្នកមាន មិន​យល់​ពី​ការ​សន្សំសំចៃ ដូច​កូនអ្នកក្រ?
02, Jul 2016 , 4:30 pm        
រូបភាព
នៅពេលដែល​កូនអ្នកមាន​ទ្រព្យសម្បត្តិ​អាច​ទទួលបាន​សម្ភារៈប្រើប្រាស់ទំនើបៗគ្រប់​ប្រភេទ តាមរយៈ​លើកដៃ​សុំ​ឪពុកម្តាយ​របស់​ពួកគេ​នោះ កូនអ្នកក្រីក្រ​ត្រូវ​ប្រើពេល​សន្សំសំចៃ​រយៈពេល​យូរ ដើម្បី​ទទួលបាន​សម្ភារៈ​ដែល​ពួកគេ​ចង់បាន។ ជីវិត​បែបនេះហើយ​ដែល​កូនអ្នកក្រីក្រ​បាន​យល់ដឹង​អំពី​តម្លៃ​នៃ​ការ​សន្សំសំចៃ និង​ការចេះដឹង​ទុក្ខ​ធុរៈ​ឪពុកម្តាយ។ ខុសពី កូនអ្នកមាន​មួយចំនួន​ដែល​គ្រាន់តែ​ដឹងថា ឪពុកម្តាយ​របស់​ពួកគេ គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ។



កំពុង​អង្គុយ​ជុំគ្នា​នៅ​កន្លែង​លក់​ប្រហិត​ចៀន​ប្រមាណ៥ទៅ៦នាក់​នៅ​ជិត​ផ្សារ​ទឹកថ្លា យុវជន​មួយក្រុម​វ័យ​ក្រោម២០ឆ្នាំ ខ្លះ​មាន​សម្បុរ​ស្រអែម និង​ខ្លះទៀត​សម្បុរ​ស ពួកគេ​បាននាំគ្នា​និយាយ​អំពី​ម៉ាក​ផលិតផល​នានា ដែល​ទើប​នាំចូល​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា។ តាមរយៈ​ការ​ស្លៀកពាក់ ការ​តែងខ្លួន​របស់​ពួកគេ គេ​អាច​យល់បាន​ថា​យុវជន​មួយក្រុម​នេះ សុទ្ធតែជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ។ មាន​សម្បុរ​ស ស្លៀកខោ​ខោ​ប៊​យ ពាក់អាវ​យឺត​ដៃ​វែង ប្រើ​ទូរ​សព្ទ ម៉ាក IPhone5 យុវជន វណ្ណ សំបូរ និយាយថា រាល់ពេល​ដែលមាន​ផលិតផលទំនើបៗ ទាន់ សម័យ ដែល​នាំចូល​មកកាន់​ប្រទេស​កម្ពុជា រូបគេ​គឺ​តែងតែ​ទិញយក​មកប្រើប្រាស់ មិន​ថា​ជា​ទូរ​សព្ទ ម៉ូតូ​នោះទេ។ យុវជន​រាង​ខ្ពស់​សង្ហា​រូបនេះ​ថា រូបគេ​អាច​ទិញ​បាន​ដោយ​មិន​ប្រើពេល​វេលា​យូ​ទេ ព្រោះថា​ពេលដែល​គេ​ចង់បាន គឺ​គេ​អាច​សុំ​ប្រាក់​ពី​ឪពុក ម្ដាយ​របស់គេ ឬក៏​អាច​សន្សំ​ប្រាក់​ដែល​ម្ដាយ​ឪពុក​គេ​ឲ្យ​ចាយ​ប្រចាំថ្ងៃ យកទៅ​ទិញ​របស់​ទាំងនោះ​ក៏បាន។

យុវជន​សង្ហា​នេះ​បន្ត​យ៉ាង​ដូច្នេះ​ថា៖«រាល់ពេល​ខ្ញុំ​សុំ​ប៉ា​ម៉ាក់​ខ្ញុំ ចង់​ទិញ​ទូរ​សព្ទ​ថ្មី ឬ​ចង់​ដូរ​ម៉ូតូ គាត់​តែងតែ​ឲ្យ​ទិញ​អោយ​ខ្ញុំ។ ប៉ា​ម៉ា​ក់មាន​លុយ គាត់​មិន​រិះថាំ​ជាមួយ​ខ្ញុំ​ទេ។ បើ​ពេលណា​មិន​ឲ្យ​ប្រាក់​ខ្ញុំ ខ្ញុំ​ក៏​អាច​សន្សំ​ប្រាក់​ទិញ​បានដែរ ព្រោះ​គាត់​ឲ្យ​លុយ​ខ្ញុំ​ចាយ១៥ដុល្លារ ឬ​លើសពីនេះ​ក្នុង​មួយថ្ងៃ»។

អង្គុយ​លើ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​រ៊ី២០១៥ ដែល​ទើប​ទទួលបានថ្មីៗពី​ឪពុកម្ដាយ យុវជន ថៃ សំណាង និយាយថា នៅពេលដែល​គេ​ចង់បាន​សម្ភារៈថ្មីៗទំនើប​ទាន់សម័យ គឺ​គេ​អាច​សុំ​ពី​ឪពុកម្ដាយ​របស់គេ​បាន។ បើតាម​យុវជន​រាង​ធាត់ ទាប​បន្ដិច មុខមាត់​ជា​កូនអ្នកមាន​ធូរធា​រូបនេះ នៅពេលដែល​គេច​ង់​សុំ​អ្វីមួយ​ពី​ឪពុកម្តាយ គឺ​រូបគេ តែងតែ​ធ្វើខ្លួន​ជា​កូន​ល្អ កាត់បន្ថយ​ពេលវេលា​ដើរលេង​មួយរយៈ និយាយ​ពាក្យ​ផ្អែម​ល្អែ​ម (និយាយ​បញ្ជោរ)  ជាមួយ​ឪពុកម្ដាយ កុំ​រឹងរូស​ជាមួយ​ពួកគាត់​ជាដើម។

យុវជន​ធាត់​រូបនេះ​និយាយ​លាយ​នឹង​សំណើច​ថា៖«ពេល​សុំ​គឺ​ត្រូវ​និយាយ​ផ្អែម​លួងលោម​ប៉ា​ម៉ាក់​ទៅបាន​ហើយ។ ហើយ​នៅមុន​ពេល​មិនទាន់បាន គឺត្រូវធ្វើ​ខ្លួន​ជា​កូន​ល្អ​ត្រឹមត្រូវ​មួយរយៈ​ពេល​សិន ដើម្បី​ឲ្យ​គាត់​ទុកចិត្ត​ខ្ញុំ ចាំ​ពេល​បាន​អ្វីដែល​ខ្ញុំ​ត្រូវការ​ចាំ​គិតគូរ​តាម​ក្រោយ​ទៀត»។

ជា​អ្នក​ប្រើ​សម្ភារៈ​និយម និង​ក៏​ជា​កូន​អ្នកជំនួញ​មួយរូប យុវតី ឈិ​ត គីម​ឡា និយាយថា នៅពេល​រូបគេ​ឃើញ​មិត្តភក្តិ ឬ​អ្នកដទៃ​ប្រើប្រាស់​សម្ភារៈ​ទំនើប​ទាន់សម័យ គឺ​យុវតី​រូបនេះ​តែងតែ​សុំ​ឪពុកម្ដាយ​ទិញ​ដូច​គេ​ដែរ។ បើតាម​យុវតី​សម្បុរ​ស រាងស្ដើង សក់វែង​ពណ៌ក្រហមព្រឿងៗរូបនេះ រាល់​ពេលដែល​រូបគេ​សុំ​របស់​អ្វីមួយ​ពី​ឪពុកម្តាយ គេ​តែងតែ​ទទួលបាន​សម្ភារៈ​ថ្មី​ទំនើប​នោះ ព្រោះថា​ឪពុកម្ដាយ​គីម​ឡា ស្រលាញ់​រូបគេ និង​តែងតែ​បំពេញ​តាម​តម្រូវការ​ជានិច្ច។

យុវតី គីម​ឡា រៀបរាប់ថា៖«ខ្ញុំ​សុំ​ទិញ​អ្វីមួយ​គាត់​មិន​ដែរ​ជំទាស់​ទេ គ្រាន់តែ​គាត់​សួរ​ខ្ញុំ​ថា​ម៉េច បានជា​ចង់បាន​ថ្មី ខ្ញុំ​គ្រាន់តែ​ប្រាប់​គាត់​ថា សម្ភារៈ​ចាស់​ខូច (ទូរ​សព្ទ ឬ​ម៉ូតូ) ពិបាក​ប្រើ ប្រើការ​មិនបាន គាត់​ក៏​ដូរ​ថ្មី​ឲ្យ​ខ្ញុំ»។

មិនមែន​ត្រឹមតែ​ការទិញ​សម្ភារៈ​ទំនើប​ទាន់សម័យ​នោះទេ សូម្បីតែ​ការរស់នៅ​របស់​ពួកគេ ក៏ សុខ​ស្រួល​ដែរ។ ពួកគេម្នាក់ៗសុទ្ធតែ​អះអាង​ដូចគ្នា​ថា មិនមាន​ការលំបាក​អ្វី​នោះទេ ទាំង​ការបរិភោគ​ឆ្ងាញ់ ការរស់នៅ​សុខ​ស្រួល និង​រាល់​តម្រូវ​ការដែល​ពួកគេ​ចង់បាន​នោះ។ លើសពីនេះ ពួកគេ​ក៏បាន​បញ្ជាក់ទៀតថា ការចាយ​ប្រាក់​របស់​ពួកគេ​ក្នុងមួយខែៗ មិន​ក្រោម៣០០ដុល្លារ​នោះទេ។ ការប្រើប្រាស់​សម្ភារៈទំនើបៗទាន់សម័យ និង​ការរស់នៅ​សុខ​ស្រួល​សម្រាប់​កូនអ្នកមាន គឺជា​រឿង​សាមញ្ញ​របស់​ពួកគេ តែ​សម្រាប់​កូនអ្នកក្រ​វិញ​ការប្រើប្រាស់​សម្ភារៈ​និយម​នេះ គឺជា​ការលំបាក​មួយ ហើយ​ពេលខ្លះ​ក៏​មិនអាច​ទៅរួច​ដែរ។

ជា​កូន​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប ស្លៀកខោ​ក្រណាត់​ជើងវែង អាវយឺត​ដៃខ្លី យុវជន ភិន ដា​រ៉ូ ជា​បុគ្គលិក​ផ្នែក​លក់​ក្រុមហ៊ុន​ឯកជន​មួយ និយាយថា រាល់ពេល​គេ​ចង់បាន​សម្ភារៈ​អ្វីមួយ គឺ​គេ​ត្រូវការ​ចំណាយពេល​យូ ព្រោះ​ត្រូវ​សន្សំ​ប្រា​ក់សិន ទើប​អាច​ទិញ​បាន។ បើតាម​យុវជន​មុខ​តូច រាង​ស្គម​រូបនេះ ការ​សន្សំ​ប្រាក់​នោះ​គឺ​គេ​ត្រូវ​ចាយ​ត្បិតត្បៀត​ពី​ប្រាក់ខែ​ដែល​ខ្លួន​មាន ព្រោះថា​ឪពុកម្ដាយ​ដា​រ៉ូ មិនមាន​លទ្ធភាព​ទិញ​សម្ភារៈទំនើបៗបាន​ដូច​គេ​នោះទេ។

យុវជន ភិន ដា​រ៉ូ រៀបរាប់ថា៖«មាន​លុយ​ច្រើន​ពី​ណា​ដូច​កូន​គេ​អ្នកមាន បើ​ប្រាក់ខែ​ជាង១០០ដុល្លារ ឲ្យ​ឪពុកម្ដាយ​ពាក់កណ្ដាល ទុក​ចាយ​ខ្លួនឯង​ខ្លះ ដូចនេះ​បើ​ចង់​ទិញ​អ្វីមួយ​ត្រូវ​សន្សំ​ប្រាក់ បើ​មិន​សន្សំ​មិនមាន​លុយ​ពី​ណា​ទិញ​បាន»។

«កុំថាឡើយ​ទិញ​ម៉ូតូ​ថ្មី សូម្បីតែ​ទូរ​សព្ទ​ទំនើប​ដូច​គេ​ក៏​មិនអាច​ទិញ​មក​ប្រើ​បានដែរ»។ នេះ​ជា​សម្ដី​របស់​យុវជន ចាន់ សំណាង ដែលជា​និស្សិត​ផង និង​ជា​បុគ្គលិក​បំរើកា​រងា​រឯក​ជន​ផង។ យុវជន​ដែលមាន​មាឌតូច​ល្អិត សក់រួញ​រូបនេះ និយាយថា ការទិញ​សម្ភារៈ​ទំនើប គឺជា​ការលំបាក​មួ​យស​ម្រា​ប់​រូបគេ ព្រោះថា​គ្រួសារ​សំណាង​មិនមាន​ប្រាក់​ធូរធា និង​មិនមាន​អ្នក​រកចំណូលបាន​ច្រើន​ដូច​គ្រួសារ​គេ​នោះទេ។ សំណាង​ពន្យល់ថា៖«គ្រួសារ​ខ្ញុំ​រកប្រាក់​ចំណូល​បាន​តិចតួច គ្រាន់តែ​សម្រាប់​ចំណាយ​ក្នុង​គ្រួសារ។ ហើយ​ប្រាក់ខែ​ខ្ញុំ​ក៏​មិន​ច្រើន​ដែរ នៅពេល​ចង់​ទិញ​អ្វីមួយម្ដងៗ គឺ​តែងតែ​គិត​មុន​សិន។ ហើយ​ប្រសិនជា​ចង់​ទិញ​នោះ គឺ​ត្រូវ​អត់​ប្រា​ក់ចាយ២ទៅ៣ខែ»។

សម្រាប់​យុវតី ឃិន សុ​ភី បើទោះជា​មិនមាន​លទ្ធភាព អាច​ទិញ​សម្ភារៈ​ទំនើប​ប្រើប្រាស់ បាន​ដូច​គេ​អ្នកមាន​ក៏ដោយ ក៏​សុ​ភី​មិនដែល​ចេះ​ជ្រួលជ្រើម​ចង់បាន​ដូច​គេ​នោះដែរ។ បើតាម​យុវតី​សម្បុរ​ស្រអែម​រូបនេះ បើ​មាន​ប្រាក់​ទិញ​សម្ភារៈ​ទំនើប​ក៏​សុ​ភី​មិន​ហ៊ាន​ទិញ​ដែរ ដោយសារ​វា​មាន​តំលៃ​ថ្លៃ។ តែ​អ្វីដែល​រូបគេ​ចង់បាន​នោះ គឺ​ការរស់នៅ​ប្រកបដោយ​សេចក្ដីសុខ​នៅក្នុង​គ្រួសារ។ យុវតី​សុ​ភី​និយាយថា៖« ធ្វើ​យ៉ាងម៉េច​បើ​យើង​មិនមាន​ប្រាក់​ដូច​គេ តែបើ​មាន​ប្រាក់​ក៏​ខ្ញុំ​មិន​ទិញ​ដែរ ព្រោះ​ថ្លៃ​ពេក និយាយ​ឲ្យ​ត្រង់​គឺ​ខ្ញុំ​ចង់បាន​សម្ភារៈ​ទំនើប​ដែរ ប៉ុន្ដែ​ពេល​ទិញ​មាន​អារ​ម្ម​ណ៏​ថា​ស្ដាយ​លុយ»។

សម្រាប់​ការរស់នៅ​រប​ស់​កូនអ្នកក្រីក្រ​ទាំងនេះ ពួកគេ​និយាយដូចៗគ្នា​ថា ការរស់នៅ​របស់​ពួកគេ​ត្រូវ​សម្លឹង​ទៅមុខ​ជានិច្ច ពោលគឺ​បានន័យថា រស់នៅ​ដោយ​ខិតខំ​ប្រឹងប្រែង​ជួយ​រក​ចំណូល​ជាមួយ​ឪពុក​និង​ម្ដាយ ដើម្បី​ជួយ​ទ្រទ្រង់​គ្រួសារ។

ជាការ​ពិតណាស់ ធម្មតា​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ តែងតែ​ផ្គត់ផ្គង់ និង​ផ្ដល់​គ្រប់យ៉ាង​តាម​តម្រូវ ដល់កូនៗរបស់​ពួកគេ។ ហើយ​ការផ្គត់ផ្គង់​នោះ​គឺ​គេ​មិន​ប្រើពេល​វេលា​យូ​និង​មិន​ចំណាយពេល​ពិបាក​ដូច​អ្នក​គ្មាន​ទ្រព្យ​នោះទេ។ ប៉ុន្ដែ​មិនមែន​មានន័យថា​គ្រួសារ​អ្នក​មិនសូវមាន​ទ្រព្យសម្បត្តិ មិនអាច​ផ្ដល់​ការផ្គត់ផ្គង់​ដល់កួនៗរបស់​ពួកគេ​ទេ។ ពួកគេ​ក៏​អាច​ផ្ដល់​បាន​ដូចគ្នា​ដែរ តែ​គ្រាន់​ការផ្គត់ផ្គង់​នោះ គឺ​ធ្វើតាម​លទ្ធភាព​របស់​ពួកគេ។ ហើយ​ការសប្បាយ ក៏មាន​ទ្រង់ទ្រាយ ផ្សេងគ្នា​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com