ជាតិ
តើ​អ្នក​គិត​យ៉ាងណា​ចំពោះ​បុណ្យ​នៃ​សេចក្ដីស្រលាញ់?
14, Feb 2015 , 9:54 am        
រូបភាព
ដោយ:
មកដល់ពេលនេះ អត្ថន័យ​និង​ប្រតិកម្ម​ចំពោះ​បុណ្យ​នៃ​សេចក្ដីស្រលាញ់(Valentine Day) ត្រូវបាន​គេ​យល់ដឹង​និង​មើលឃើញ​ស្ទើរតែ​គ្រប់គ្នា​ក្នុងសង្គម​ខ្មែរ។ ប្រតិកម្ម ឬ​ការឆ្លើយតប​ខ្លះ មាន​លក្ខណៈ​គួរឱ្យ​សរសើរ ឯ​ប្រតិកម្ម ឬ​ការឆ្លើយតប​ខ្លះទៀត មាន​លក្ខណៈ​មិន​សមស្រប​ដែល​ហាក់ដូចជា​បង្ហាញ​ឱ្យ​ថា​មានការ​ភ័យ​ស្លន់ស្លោ​ជ្រុល​ពេក​ចំពោះ​ឥទ្ធិពល​នៃ​បុណ្យ Valentine Day។



       ឆ្លងតាម​រយៈ​នៃ​ការសង្កេត យើង​បាន​មើលថា ប្រតិកម្ម​ចំពោះ Valentine Day នេះ មាន​ទាំង​កម្រិត​បុគ្គល កម្រិត​ស្ថាប័ន និង​កម្រិតផ្សេងៗទៀត។ យុវវ័យ​មួយចំនួន ជាពិសេស យុវវ័យ​ដែលមាន​សេរីភាព​ច្រើន​និង​រស់នៅ​ទីក្រុង បាន​ទទួលយក​ឥទ្ធិពល​នៃ​បុណ្យ​នេះ ព្រមទាំង​ហ៊ាន​អះអាង​ដោយ​ភាន់​ច្រ​លំ​ថា បុណ្យ​នេះ​គឺ​ប្រពៃណី​ខ្មែរ​ទៀតផង ឯ​យុវជន​ខ្លះទៀត​មិន​ខ្វល់​ថា បុណ្យ​នេះ​មាន​ប្រភព​មកពីណា​ទេ ពួកគេ​គ្រាន់តែ​ដឹងថា ក្នុងឱកាស​នេះ គេ​អាច​បង្ក​ការសប្បាយ​តាមរយៈ​ការទិញ​ផ្កា​ជូន​សង្សា ឬ​មិត្តស្រី/មិត្ត​ប្រុស ឬក៏​នាំ​សង្សា​របស់​ពួកគេ​ទៅ​កម្សាន្ត​តាម​កន្លែង​កម្សាន្តផ្សេងៗ ហើយ​ក្នុងករណី​ខ្លះទៀត​ក៏​ធ្លាប់​មានការ​លើកឡើងថា ពួក​យុវជន​បាន​យក​ឱកាស​នេះ ដើម្បី​ចាប់ផ្ដើម​ប្រគល់​ខ្លួនប្រាណ​ជា​លើកដំបូង ឬ​លើក​បន្តបន្ទាប់​ជូន​សង្សា​របស់​ពួកគេ​ផងដែរ។

       ចំពោះ​ម​ជ្ឍ​ដ្ឋា​ន​អ្នក​អភិរក្ស​វិញ បាន​លើកឡើងថា មិនគួរ​អនុញ្ញាតឱ្យ​បុណ្យ​នេះ​មាន​ឥទ្ធិពល​មកលើ​សង្គម​ខ្មែរ​ទេ ពីព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​និង​ទំនៀមទម្លាប់​របស់​ខ្មែរ។ ស្រប​នឹង​គំនិត​នេះ​និង​ក្នុង​ក្នុង​បំណង​ចង់​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់ Valentine Day យើង​ក៏បាន​ឃើញ​ក្រសួង​ខ្លះ អំពាវនាវ​ឱ្យ​យក​ឱកាស​នេះ ទៅធ្វើជា​ថ្ងៃនេះ​បុណ្យ​រំលឹក​គុណ​ឪពុកម្ដាយ អ្នកមានគុណ ឬ​លោកគ្រូ អ្នកគ្រូ​ទៅវិញ។ ការ​បង្វែរ​ថ្ងៃ Valentine Day នេះ​ទៅជា​ថ្ងៃ​សម្រាប់​ការធ្វើសកម្មភាពផ្សេងៗបែប​វិជ្ជមាន ស្ដាប់ទៅ​ហាក់ដូចជា​គួរឱ្យ​សរសើរ​ដែរ ប៉ុន្តែ បើ​យើង​ពិចារណា​ឱ្យ​វែងឆ្ងាយ​បន្តិច​ទៅ យើង​អាច​មើលឃើញថា ការធ្វើ​បែបនេះ ហាក់ដូចជា ដូនតា​របស់​យើង​មិនចេះ​ធ្វើ​អ្វី​សោះ សូម្បីតែ​ពិធីបុណ្យ​ក៏​មិនចេះ​បង្កើត​ដែរ រង់ចាំតែ​បង្វែរ​ថ្ងៃបុណ្យ​របស់​បរទេស​ទៅជា​ថ្ងៃបុណ្យ​របស់ខ្លួន​តែប៉ុណ្ណោះ ដែល​បង្ហាញឱ្យឃើញថា ខ្មែរ​គ្មាន​ការបង្កើត​ថ្មី គ្មាន​ការស្រាវជ្រាវ គ្មានរ​បបក​គំហើញ គ្មាន​ផែនការអភិវឌ្ឍន៍​សង្គម គ្មាន​គំនិត​ច្នៃប្រឌិត គ្មាន​ទស្សនវិជ្ជា ហើយ​គ្រាន់តែ​ជា​អ្នកចម្លងអ្វីៗពី​គេ​ដោយ​គ្រាន់តែ​យកមក​កែសម្រួល​បន្តិច​បន្តួច។  

       យើង​យល់ថា ខ្មែរ​បច្ចុប្បន្ន​មិនគួរ​ធ្វើបែបនេះ​ទេ ខ្មែរ​គួរ​បង្កើត​ថ្ងៃបុណ្យ​ដោយ​ខ្លួនឯង ខ្មែរ​គួរតែមាន​គ្រឹះ​វប្បធម៌​ផ្ទាល់ខ្លួន ដូចដែល​ដូនតា​របស់​យើង​បាន​បន្សល់ទុក​មក​ដូច្នោះ​ដែរ។ ខ្មែរ​គួរតែ​ឱ្យ​តម្លៃ​ទិវា​បុណ្យ​របស់​ខ្មែរ ហើយ​ប្រសិនបើ​មាន​តម្រូវ​ការចាំបាច់ ខ្មែរ​គួរតែបង្កើត​ទិវា​បុណ្យថ្មីៗទៀត​ដែល​អាចបំពេញ​តម្រូវកា​រ​របស់ខ្លួន ប៉ុន្តែ មិនគួរ​អង្គុយ​រង់ចាំតែ​ចម្លង​ទិវា​បុណ្យ​របស់​បរទេស​នោះទេ។

       ការចង់​ទប់ស្កាត់​ឥទ្ធិពល​នៃ​វប្បធម៌​បរទេស គឺជា​រឿង​ដែល​គួរ​ធ្វើ ប៉ុន្តែ ការ​ប្រតិ​ប​ត្ត​ជាក់ស្ដែង ពិតជា​ជួប​ការលំបាក ទាំង​ក្នុង​ក្របខណ្ឌ​ច្បាប់ សីលធម៌ សិទ្ធិមនុស្ស និង​បរិបទ​សាកលភាវូបនីយកម្ម។ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​នានា គឺ​ការទប់ស្កាត់​កុំឱ្យ​យុវវ័យ​ឆាប់​ចូលប្រឡូក​ក្នុងការ​រួមភេទ ប៉ុន្តែ ទំនាក់​ស្នេហា​និង​ការ​រួមភេទ​គឺ​សភាវគតិ និង​ជា​តម្រូវការ​បែប​ធម្មជាតិ ដែល​ពិបាក​នឹង​រារាំង​ណាស់ បើទោះបីជា​គ្មាន​ថ្ងៃ Valentine Day ក៏​វា​នៅតែ​កើតឡើង​ដែរ។

       លើសពីនេះ​ទៀត មាន​ក្រុមហ៊ុន សាលារៀន សាកលវិទ្យាល័យ ស្ថាន​ប័ន​ឯកជន និង​សង្គម​ស៊ីវិល​មួយចំនួន រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ មា​នវ​ទ្យុ ទូរទស្ស្សន៍ ជាដើម ដោយ​ចង់​បង្ក​ភាពសប្បាយ​រីករាយ​ដល់​សិស្ស និស្សិត កម្មករ បុគ្គលិក​របស់ខ្លួន និង​ក្នុង​បំណង​ទាក់ទាញ​ការចាប់អារម្មណ៍​មកលើ​សេវាកម្ម ទំនិញ ការផ្សព្វផ្សាយ និង​ស្ថាប័ន​របស់ខ្លួន ពួកគេ​ក៏បាន​អបអរសាទរ​ពិធីបុណ្យ Valentine Day នេះដែរ។ កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​ពិធីបុណ្យ Valentine Dayនិង​បុណ្យ​បរទេសផ្សេងៗទៀត​កំពុង​តែមាន​ឥទ្ធិពល​មកលើ​សង្គម​ខ្មែរ​ជា​បន្តបន្ទាប់។

       យើង​យល់ថា ស្ថាប័នរដ្ឋ​មិនគួរ​ព្យាយាម​បង្វែរ​ទិវា Valentine Day ទៅជា​ទិវា​អ្វី​ផ្សេង​ទេ ផ្ទុយទៅវិញ​ស្ថាប័ន​នេះ​គួរ​អំពាវនាវ​កុំឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្សព្វផ្សាយ បង្កើត​ក្មវិធី ឬ​និយាយ​ទាក់ទង​ដល់​ពិធីបុណ្យ Valentine Day និង​បុណ្យ​បរទេសផ្សេងៗទៀត ដែលជា​ហេតុ​ចំបង​ក្នុងការ​ធ្វើឱ្យ​រាលដាល​នូវ​ឥទ្ធិពល​នៃ​វប្បធម៌​បរទេស។ លើសពីនេះ​ទៀត ប្រជាជន​ខ្មែរ​ខ្លួនឯង​ត្រូវតែ​ស្គាល់​វប្បធម៌​របស់ខ្លួន ស្រឡាញ់​វប្បធម៌​របស់ខ្លួន និង​ជួយ​ណែនាំ​កូនចៅ​របស់ខ្លួន​កុំឱ្យ​ភ្លឺ​ត​ភ្លឺ​ន​នឹង​វប្បធម៌​បរទេស។ 



© រក្សាសិទ្ធិដោយ thmeythmey.com