ជាតិ
តំណាងរាស្ត្រ​បក្សប្រឆាំង​ស្នើ​ពន្ធដារ​បន្ត​ត្រួតពិនិត្យ​យានយន្ត​ខ.ម ន.ប និង​រដ្ឋ
18, Feb 2015 , 3:24 pm        
រូបភាព
លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​សៀមរាប
លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​សៀមរាប
តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បាន​សរសេរ​លិខិត​មួយ​ទៅកាន់ អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ បន្ត​ឃាត់​យានយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ(ខ.ម) នគរបាល(ន.ប) និង​រដ្ឋ ដើម្បី​ពិនិត្យ​ប្រមូល​ពន្ធ​ចូល​ថវិកាជាតិ។



លិខិត​ចុះ​ថ្ងៃទី ១៣កុម្ភៈ ដែល​ចុះហត្ថលេខា​ដោយ សមាជិក​គណៈកម្មការ​ទី៦នៃ​រដ្ឋសភា​ខាងលើ បាន​សរស​រថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ នគរបាល និង​រដ្ឋ​មាន​ចំនួន​ច្រើន ហើយ​ភាគច្រើន​ជា​កម្មសិទ្ធិឯកជន មិនមែនជា​របស់​រដ្ឋ ឬ​អង្គភាព​ណាមួយ​ឡើយ។

លិខិត​ដដែល​បន្តថា រថយន្តទំនើបៗពាក់​ស្លាក​លេខ ខេមរភូមិន្ទ នគរបាល និង​រដ្ឋ មួយចំនួន​គេចវេស មិន​បង់ពន្ធ​នាំចូល មិន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ដែល​នាំ​ឲ្យ​រដ្ឋ​ខាត​ថវិកា​អស់​ជាច្រើន​ក្នុងមួយឆ្នាំៗ ។

«រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​នគរបាល​ខ្លះ ត្រូវបាន​គេ​យកទៅ​ប្រើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ដូចជា​ដឹកឈើ​ប្រណិត​ខុសច្បាប់​ជាដើម និង​ខ្លះទៀត​មិន​គោរព​ច្បាប់​ចរាចរណ៍ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​ប្រើ​អំណាច​លើ​ជនរងគ្រោះ​ថែមទៀត» ។ នេះ​បើតាម​ខ្លឹមសារ​នៃ​លិខិត​ដដែល​នោះ។

សូម​រំលឹកថា​កាលពី​ថ្ងៃទី ៦ខែកុម្ភៈ​កន្លងទៅ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅកាន់ អគ្គនាយកដ្ឋាន​ពន្ធដា​រដែ​រ ដោយបាន​ស្នើសុំ​ឲ្យ​កម្លាំងចម្រុះ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែលមាន​ភារកិច្ច​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ២០១៤ផ្អាក​ការត្រួតពិនិត្យ និង​ផ្អាក​ការឃាត់ទុក​យានយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ (ខ.ម) ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ខ្លី។

លិខិត​ដដែល បន្តថា​ក្នុង​រយៈពេល​ផ្អាក​យានយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម​នេះ សាមីក្រសួង​ទាំង២ នឹង​សហការ​សម្របសម្រួល​គ្នា ដើម្បី​អនុញាត​ឲ្យ​បាន​សមស្រប​ទៅតាម​ច្បាប់​ដែល​បានកំណត់។

កន្លងទៅនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាសថា ចាប់ពី​ថ្ងៃទី១មករា​ឆ្នាំ២០១៥ ខ្លួន​នឹង​ចុះ​ពិនិត្យ និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់​ដែល​មិនបាន​បង់ពន្ធ​នៅ​ឆ្នាំ២០១៤កន្លងមក។ រដ្ឋបាល​សារពើពន្ធ​នឹង​ពិន័យ​ទ្វេរ​ដង​ដល់​ម្ចាស់​យានជំនិះ​ដែល​មិនទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​សម្រាប់​ឆ្នាំ២០១៤ ។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បន្ថែមថា ខ្លួន​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ការចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​យាន្ត​យន្ត ដែល​គ្មាន​ប័ណ្ណ​បង់ពន្ធ​ផ្លូវ ដើម្បី​ប្រមូល​ចូល​ថវិកាជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com