សង្គមអន្តរជាតិ​
អន្តរជាតិ
លី​ប៊ី​ត្រូវ​លោកខាងលិច​បំភ្លេចចោល​ក្រោយ​ដួលរលំ​របប​ហ្កា​ដា​ហ្វី
21, Feb 2015 , 1:30 pm        
រូបភាព
នា​ខែកញ្ញា​ឆ្នាំ ២០១១ ខ្ញុំ​នៅចាំ​បាន​ច្បាស់​ពី​ព្រឹ​ត្ត​ការណ៍​មួយ​កើតឡើង​នៅក្នុង​ទីក្រុង បេន​កា​ហ្ស៊ី ប្រទេស​លី​ប៊ី នៅពេលដែល​មេដឹកនាំ​លោកខាងលិច​មួយចំនួន​ឈរលើ​វេទិកា​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​លី​ប៊ី​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​នោះ។ ក្នុងចំនោម​មេដឹកនាំ​ទាំងនោះ​មាន​លោក ដេវីដ កា​មេ​រ៉ូ​ន នាយករដ្ឋមន្ត្រី​អង់គ្លេស និង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​ផង ដែល​គេ​ដឹង​ច្បាស់​ថា​អ្នក​ទាំងពីរ​ចូលរួម​អបអរសាទរ​ការបញ្ចប់​របប​ដឹកនាំ​ផ្តាច់ការ​របស់លោក ហ្កា​ដា​ហ្វី ក្រោយ​មាន​ចលនា​បដិវត្តន៍​ប្រជាជន ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល និង​ការអន្តរាគមន៍​របស់​លោកខាងលិច។



ពិតណាស់ មេដឹកនាំ​ទាំងពីរ​នាក់​ដើរ​តូ​នាទី​សំខាន់​ក្នុងការ​បញ្ចប់​របប​ដឹកនាំ​ដែល​លោកខាងលិច​លាប​ពណ៌​ថា​ផ្តាច់​ការរំលោភ​សិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ខ្លួន ហើយ​អ្វីដែល​លោក​ទាំងពីរ​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​លី​ប៊ី​នៅពេលនោះ​គឺ បង្ហាញ​ការ​សាទរ​របស់​រដ្ឋាភិបាល​បារាំង​និង​អង់គ្លេស​ចំពោះ​ការជ្រើសរើស​បដិវត្តន៍​បញ្ចប់​របប​ផ្តាច់ការ មក​យក​សេរីភាព និង​ប្រជាធិបតេយ្យ។

 ពាក្យ​មួយ​ឃ្លា​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែល​ប្រជាជន​លី​ប៊ី​ចាំ​មិន​ភ្លេច និង​ផ្តល់​ក្តី​សង្ឃឹមថា​មេដឹកនាំ​លោកខាងលិច​មក​ស្រោចស្រង់​ប្រទេសជាតិ​ខ្លួន​នោះ​គឺ « មិត្ត​របស់​អ្នក​នៅ​បារាំង​និង​អង់គ្លេស​នឹង​ឈរជើង​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​ដើម្បី​កសាង​ប្រជាធិបតេយ្យ»។ សម្រាប់​ខ្ញុំ​ពាក្យ​មួយ​ឃ្លា​នេះ​ផ្តល់​ភាពកក់ក្តៅ​ខ្លាំង​មែន ផ្តល់​ក្តីសង្ឃឹម​សម្បើម​ណាស់ សម្រាប់​ប្រជាជន​លី​ប៊ី​ដែល​ទោរទន់​ចង់បាន​សេរីភាព ប្រជាធិបតេយ្យ និង​សន្តិភាព។

ប៉ុន្តែ​ផ្ទុយស្រឡះ​ជាង​បី​ឆ្នាំ​ហើយ ប្រជាជន​លី​ប៊ី​មិនទាន់​ស្គាល់​អ្វី​ហៅថា​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក សេរីភាព ការគោរព​សិទ្ធិមនុស្ស សុខសន្តិភាព ដែល​សាបព្រោះ​ដោយ​ប្រទេស​លោកខាងលិច​ឡើយ  ប្រជាជន​លី​ប៊ី​ទើប​ដឹងថា ពួកគេ​ត្រូវ​លោកខាងលិច​ទាំងនោះ​បោះបង់ចោល ទុកអោយ​ពួកគេ​ស្វែងរក​សន្តិភាព​ដោយ​ខ្លួនឯង។

មេដឹកនាំ​លោកខាងលិច​ដែល​ចាត់តាំង​ខ្លួនឯង​ជា​អ្នក​រំដោះប្រជាជន​លី​ប៊ី​នោះ ប​ច្ច​ប្បន្ន​បែរជា​ស្ងៀមស្ងាត់ មិន​ហ៊ាន​អើពើ ទុកអោយ​ប្រជាជន​លី​ប៊ី​សម្រេច​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង​ទៅវិញ។

នេះ​ឬ​ជាការ​ទទួលខុសត្រូវ ជាការ​សន្យា​ជួយ​ទំនុកបម្រុង​ជួយ​ប្រជាជន​លី​ប៊ី​អោយដល់​ត្រើយ​របស់លោក​ខាងលិច​ឬ​យ៉ាងណា?

ការផ្តួលរំលំ​របប​ដឹកនាំ​ក្រុង​ទ្រី​ប៉ូ​លី​ដោយ​រដ្ឋាភិបាល​លោកខាងលិច បារាំង អង់គ្លេស អាមេរិក ក្រោម​ស្លាក​បក្សសម្ព័ន្ធ​យោធា​ណា​តូ ត្រូវបាន​អ្នកវិភាគ​មួយចំនួន​ចាត់ទុកថា​ជា​កំហុសឆ្គង​ធំ​មួយ។ ក្រោយ​ទម្លាក់​មេដឹកនាំ​ម្នាក់​ចេញពី​តំណែង លោកខាងលិច​ទាំងនោះ​គ្មាន​លទ្ធភាព​គាំទ្រ ឬ​បង្កើត​មេដឹកនាំ​ម្នាក់​ផ្សេងទៀត​ដែល​ខ្លាំង​អាច​គ្រប់គ្រង​លី​ប៊ី បាន​ដូច​ហ្កា​ដា​ហ្វី នោះឡើយ ដែល​វា​ជា​មូលហេតុ​មួយ​ដែល​ធ្វើអោយ​របប​គ្រប់គ្រង​ថ្មី​ដើរទៅ​មុខ​មិន​រួច។

ម្យ៉ាងវិញទៀត​របាយការណ៍​សិទ្ធិមនុស្ស​មួយចំនួន បានបង្ហាញ​បង្ហាញ​យ៉ាងច្បាស់​ថា លោកខាងលិច ត្រចៀកស ជឿ​ក្រុម​ឧទ្ទាម​ដែល​ពេលខ្លះ​ពួកគេ​បង្កាច់បង្ខូច​កងទ័ពរ​ដ្ឋា​ភិ​បាល​លី​ប៊ី​ថា​រំលោភសិទ្ធិ​មនុស្ស ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួនឯង​ជាដើម។

 នៅក្នុង​អត្ថបទ​របស់​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​លី​ប៊ី ចុះផ្សាយ​ក្នុង​សារព័ត៌មាន Independence  បាន​បញ្ជាក់ថា គ្មាន​ភស្តុតាង​រឹងមាំ​ណាមួយ​បញ្ជាក់​ពី​ទង្វើ​ព្រៃផ្សៃ​និង​អមនុស្សធម៌​របស់រប​ប​ដឹកនាំ​ហ្កា​ដា​ហ្វី រួមទាំង​ករណី​រំលោភ​សេពសន្ថវៈ​ដែល​បង្កឡើង​ដោយ​កងទ័ព​ហ្កា​ដា​ហ្វី ដូច​ការចោទប្រកាន់រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​និង​របប​ដឹកនាំ​លោកខាងលិច​ឡើយ។ អង្គការ​លើកលែងទោស​អន្តរជាតិ​បានអោយដឹងថា ព័ត៌មាន​ដែល​ទម្លាយ​ចេញ​ស្តីពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​បង្កដោយ​របប​ដឹកនាំ​ក្រុង​ទ្រី​ប៉ូ​លី ផ្តល់អោយ​ដោយ​មេដឹកនាំ​ក្រុម​ឧទ្ទាម ដូចជា​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​ដូច្នេះ​ដែរ។ 

ដោយឡែក ក្រោយ​អន្តរាគមន៍​លោកខាងលិច​ផ្តួលរំលំ​របប​ដឹកនាំ​របស់​បុរស​ខ្លាំង​ហ្កា​ដា​ហ្វី លី​ប៊ី​ដែលជា​ធ្លាប់​រដ្ឋ​សម្បូរហូរហៀរ​ដោយ​ប្រេង ធនធានធម្មជាតិ មានការ​អភិវឌ្ឍន៍ ប្រជាជន​រស់​សុខ​ស្រួល ត្រលប់​ទៅជា​ដែនដី​ជម្លោះ​ប្រដាប់អាវុធ​ដណ្តើម​អំណាច និង​ផលប្រយោជន៍ រវាង​ទាហាន​ឧទ្ទាម និង​រដ្ឋាភិបាល ហើយ​បច្ចុប្បន្ន​លី​ប៊ី​ក្លាយជា​ឋានសួគ៌​សម្រាប់​ក្រុម​ភេរវជន​ផង។

ទោះ​មាន​ការជួយជ្រោមជ្រែង ត្រួសត្រាយ​ផ្លូវ​ដោយ​បង្កើត​រដ្ឋាភិបាល និង​ស្ថាប័ន​ដឹកនាំ​ថ្មី​សម្រាប់​គ្រប់គ្រង​ប្រទេស​ក្រោយ​របប​ចាស់​រលំ​ក៏ដោយ ក៏​ស្ថាប័ន​ទាំងនោះ​មិនមាន​ភាពរឹងមាំ ស្ថិតស្ថេរ​យូរអង្វែង​ដែរ។ ប្រជាជន​ភាគតិច​ច្រើន​ក្រុម ធ្លាប់​ស្ថិតក្រោម​អំណាច​ប្រមូលផ្តុំ​រឹងមាំ​របស់លោក ហ្កា​ដា​ហ្វី បាន​បែកខ្ញែក​គ្នា ប្រយុទ្ធ​គ្នា ប្រកាស​បង្កើត​តំបន់​គ្រប់គ្រង​រៀងខ្លួន ហើយ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​លោកខាងលិច​នៅ​បន្ត​ស្វែងរក​អំណាច​ដើម្បី​គ្រប់គ្រង​ប្រទេស។ ស្រប​ពេលដែល​ស្ថានការណ៍​ចលាចល ការប្រយុទ្ធ​គ្នា​កើតមាន​ពេញ​ប្រទេស ហើយ​គ្មាន​ឡើយ​ច្បាប់ទម្លាប់​ត្រឹមត្រូវ លី​ប៊ី​បាន​ក្លាយជា​ជម្រក​ក្រុម​ភេរវជន​ដ៏​មាន​សុវត្ថិភាព​បំផុត។

យ៉ាងណាក៏ដោយ រឿងរ៉ាវ​ហួស​យូរណាស់​ដែរ​ហើយ ជជែក​ដេញដោល​ក៏​មិនបាន​លទ្ធផល​អ្វី​មកវិញ​ដែរ កំហុស​នៅតែ​ជា​កំ​ហុង មិនអាច​លុបលាង​ជ្រះ​ឡើយ ប៉ុន្តែ​លោកខាងលិច​ដែល​បាន​សាង​កំហុស​ម្តង​ជា​ពីរដង​នៅ​មជ្ឈិមបូព៌ា ទាំង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន អ៊ីរ៉ាក់ និង​លី​ប៊ី  មិនគួរណា​បោះបង់​ប្រជាជន​លី​ប៊ី​ចោល​ដូច្នេះ​ឡើយ។

មហាអំណាច​អង់គ្លេស បារាំង និង​អាមេរិក​ដែល​រំដោះ​លី​ប៊ី​ចេញពី​កណ្តាប់ដៃ​របប​ផ្តាច់ការ មិនគួរ​អោបដៃ​មើល​លី​ប៊ី​ធ្លាក់​ជ្រៅ​ក្នុង​សង្គ្រាមស៊ីវិល ឬ​ក្លាយជា​តំបន់​កាន់កាប់​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឡើយ ដ្បិត​ពលរដ្ឋ​លី​ប៊ី​ពិតជា​ឆ្អែតឆ្អន់​នឹង​សង្គ្រាម ការបង្ហូរ​ឈាម​គ្នា ភាពភ័យខ្លាច ការរំលោភបំពាន​សិទ្ធិសេរីភាព​នេះហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com