សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កំពុង​ធ្វើ​ព្យុះភ្លៀង​នៅក្នុង​ប្រទេស​លី​ប៊ី
21, Feb 2015 , 5:00 pm        
រូបភាព
មនុស្ស​យ៉ាងហោចណាស់ ៤០នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ក្នុងករណី​វាយប្រហារ​អត្តឃាត​មួយ​ដែល​រៀបចំឡើង​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី។ ការវាយប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​មនុស្ស​អស់​ច្រើនសន្ធឹក​នេះ ទំនង​ជាការ​សងសឹក​ការវាយប្រហារ​ដោយ​យន្តហោះ​របស់​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ដែល​កើតមានឡើង​កន្លងមក​នេះ។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ


សំឡេង



ករណី​វាយប្រហារ​អត្តឃាត​ដ៏​សាហាវ​មួយ​បាន​កើតឡើង​នៅក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់៤០នាក់។ ការវាយប្រហារ​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា រៀបចំឡើង​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​ស្ថិតក្នុង​ប្រទេស​លី​ប៊ី ដោយសារ​ក្រុម​នេះ​ខឹងសម្បារ​នឹង​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ដែល​បញ្ជា​អោយមាន​ការទម្លាក់​គ្រាប់បែក​ប្រឆាំង​ខ្លួន​ឥតឈប់ឈរ។

ករណី​វាយប្រហារ​នេះ​កើតឡើង​ក្នុង​ទីក្រុង Quba ដែល​នៅ​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បានសម្លាប់​មនុស្ស​ជាង ៤០នាក់ ក្នុងនោះ​មាន​ជនជាតិ​អេ​ហ្ស៊ី​ប​ច្រើន​នាក់​ផងដែរ។បើតាម​ការ​អោយដឹងពី​មន្ត្រី​ប៉ូលីស​លី​ប៊ី ទីក្រុង Quba នៅ​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង បេន​កាស៊ី ហើយ​ការវាយប្រហារ​កើតឡើង​រហូតដល់​ទៅ​ពីរដង​ឯណោះ។ ប៉ុន្តែ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋាភិបាល​លី​ប៊ី​ការវាយប្រហារ​ដែល​បណ្តា​ល​អោយ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​នោះ​មាន​រហូតដល់​បី​ដង​ឯណោះ។

បើតាម​អ្នកនាំពាក្យ​របស់​ក្រុម​យោធា ករណី​វាយប្រហារ​នេះ​កើតឡើង​ដោយ​ក្រុម​ភេរវជន​បាន​ប្រើប្រាស់​រថយន្ត​សង្គ្រោះ​ដែល​ផ្ទុះ​ទៅដោយ​គ្រឿងផ្ទុះ បើក​សំដៅទៅ​ស្ថានីយ៍​ចាក់​ប្រេង​ដែលមាន​ម៉ូតូ​កំពុង​កកកុញ​ចាំ​ចាក់​ប្រេង។ ក្រោយ​បំផ្ទុះ​រថយន្ត គេ​ឃើញ​ជនរងគ្រោះ​ដេក​ក្នុង​ថ្លុកឈាមរ​ណូ​ក​រណែល រាងកាយ​ខ្លះ​បែក​ខ្ទេចខ្ទី​មើល​មិន​ស្គាល់។ ដោយឡែក ករណី​បំផ្ទុះ​គ្រាប់បែក​ពីរ​កន្លែង​ទៀត​បាន​កើតឡើង​ក្បែរ​ផ្ទះ​ប្រធានសភា ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីបញ្ជាការ​កណ្តាល​សន្តិសុខ ប៉ុន្តែ​មិនមាន​របាយការណ៍​បញ្ជា​ក់​ពី​អ្នករបួស​ឬ​ស្លាប់​ឡើយ។

ទាក់ទិន​នឹង​ការវាយប្រហារ​ប្រឆាំង​ជន​ស៊ីវិល​នេះ គេ​មិន​បានទទួល​ព័ត៌មាន​ច្បាស់លាស់​ពី​អាជ្ញាធរ​ក្នុង​តំបន់​នោះឡើយ ប៉ុន្តែ​ក្រោយ​វាយប្រហារ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បានចេញ​មុខ​ទទួលខុសត្រូវ​គ្រោះថ្នាក់​នេះ។ មុននឹង​មានការ​វាយប្រហា​រ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​កា​រកា​ត់ក​ប្រជាជន​អេ​ហ្ស៊ី​ប​ដែលជា​អ្នក​កាន់សាសនា​គ្រិស្ត​ចំនួន ២១នាក់ ដែល​ត្រូវបាន​ក្រុម​នេះ​ចាប់​ជម្រិត​កន្លងមក។ ការសម្លាប់​ជនជាតិ​អេ​ហ្ស៊ី​ប​យ៉ាង​សាហាវឃោរឃៅ​នេះ បានធ្វើអោយ​រដ្ឋាភិបាល​ក្រុង Cairo ខឹងសម្បារ​ជាខ្លាំង ហើយ​បាន​បញ្ជា​អោយមាន​ការទម្លាក់​គ្រាប់បែក​ដើម្បី​សងសឹក​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លី​ប៊ី​ភា្លម។

ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ក​ង​ទ័ព​អេ​ហ្ស៊ី​ប​ធ្វើឡើង​នៅ​ទីក្រុង Derna ដែលមាន​ចម្ងាយ​ប្រហែល ៣០គីឡូម៉ែត្រ ពី​ទីក្រុង​ដែល​រង​ការវាយប្រហារ​ដោយ​ក្រុម​ភេរវជន។ ប៉ុន្តែ​ទីក្រុង​មួយចំនួន​របស់​លី​ប៊ី​បច្ចុប្បន្ន​រួមទាំង​ទីក្រុង​ដែល​អេ​ហ្ស៊ី​ប​កំពុង​ទម្លាក់​គ្រាប់បែក​ផង​នោះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ដែល​វា​ជា​រឿង​មួយ​គួរអោយ​ព្រួយបារម្ភ។ ក្រុម​នេះ​អាច​នឹង​ពង្រីក​ទឹកដី​ដែល​ខ្លួន​កាន់កាប់ និង​ប្រកាស​បង្កើត​រដ្ឋ​ឥស្លាម​ដូច​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com