ជាតិ
សង្គមជាតិ
ឪពុកម្តាយ​លោក ថោង សារ៉ាត់ ស្នើ​ដាក់​បុរី​មួយកន្លែង​ដើម្បី​សុំ​ធានា​ខ្លួន​នៅក្រៅ​ឃុំ
26, Feb 2015 , 5:14 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ បន្ទាប់ពី​តុលាការ​បង្គាប់​ឲ្យ​នៅក្នុង​ពន្ធនាគារ​វិញ អស់​រយៈ​ជាង ២សប្តាហ៍​រួចមក នៅ​ថ្ងៃទី២៤ កុម្ភៈ កន្លងមក ឪពុកម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ បាន​ជួប​ជាមួយ​មេធាវី​ ហើយ​ពួកគេ​បានស្នើ​ឲ្យ​មេធាវី​ដាក់​បុរី ៩៩៩ មួយកន្លែង ដើម្បី​ធានា​ខ្លួន​នៅក្រៅ​ឃុំ​បណ្តោះ អាសន្ន។



មេធាវី លោក ម៉ន កែវ​ស៊ី​វិ​ន បាន​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​បាន​ទៅ​ជួបពិភាក្សា ជាមួយកូនក្តី​លោក នៅក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃទី២៤ ខែកុម្ភៈ។ ក្នុងជំនួប​ចង់ដឹង​ពី ស្ថានភាព​សុខភាព​កូនក្តី ក្រោម​ការត្រួតពិនិត្យ​ពី​មន្ត្រី​ពន្ធនាគារ​នោះ មេធាវី​រូបនេះ បាន​ឲ្យ​ដឹង ថា កូនក្តី​លោក គឺ លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី បានស្នើ​សុំ​ឲ្យ​លោក​ដាក់​បុរី ៩៩៩ ណាមួយ​ក៏បាន ដើម្បី​ធានា​ពួកគេ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន។

ឪពុកម្តាយ​លោក ថោង សារ៉ាត់ ដែល​មេធាវី​អះអាង​កំពុង​ធ្លាក់ខ្លួន​ឈឺ និង​ពុំ​ទទួល​បានការ ថែទាំ​សុខភាព​ត្រឹមត្រូវ​ពី​ពេទ្យ​ក្នុង​ពន្ទ​នាគារ​នោះ បាន​ប្រាប់​តាមរយៈ​មេធាវី​យ៉ាង​ដូច្នេះ​ថា៖« ខ្ញុំ​សុំ​ឲ្យ​លោក​ជួយ​យក​បុរី ៩៩៩ ចាក់អង្រែ​ក្រោម ឬ មួយ​ក៏​បុរី​នៅ​ដំបូល​ខ្ពស់ ដាក់​ឲ្យ​តុលាការ ធានា​ខ្ញុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ផង»។

បើតាមការបញ្ជាក់របស់មេធាវី លោក ថោង ចំរើន បាននិ​យាយភា​សា​ខ្មែរមិន​សូវច្បាស់​ស្នើ​សុំឲ្យ​ជួយ​យ៉ាង​ដូច្នេះថា​៖«ទោះបីជា​យក​បុរី ៩៩៩ មួយ​ក៏ដោយ ឲ្យ​តែ​ខ្ញុំ​បាន​នៅក្រៅ​ឃុំ ដើម្បីខ្ញុំ​អាចចេញទៅ​ព្យាបាលសុខភាព»។

ប៉ុន្តែ ទោះបីជា បុរី ៩៩៩ ដែលមាន​តម្លៃ​មិន​ក្រោម ១លាន​ដុល្លារ​អាមេរិក​ក៏ដោយ ក៏​មេធាវី គ្មាន​សង្ឃឹមថា តុលាការ​នឹង​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ ជា​លើក​ទី​ពីរ​នោះឡើយ។ លោក​សង្ង​ត់ ធ្ងន់​ថា៖«ខ្ញុំ​មិន​សង្ឃឹម​ទេ​ថា​អាច​នៅក្រៅ​ឃុំ ទោះ​បឹ្ត​ង​ដល់​តុលាការ​កំពូល​ក៏ដោយ ប្រសិនបើ​តុលាការ​មិន​ឯករាជ្យ។ ចៅក្រម​ខ្លាច​នាយករដ្ឋមន្ត្រី ខ្លាច​បាត់បង់​មុខតំណែង​នោះ»។

គួរ​បញ្ជាក់ថា ការសម្រេច​ដោះលែង​ឪពុកម្តាយ លោក ថោង សារ៉ាត់ នៅក្រៅ​ឃុំ​បណ្តោះ អាសន្ន កាលពី​ថ្ងៃទី៧ កុម្ភៈ​កន្លងមក​  កំពុង​ស្ថិតក្រោមការធ្វើ​អធិការកិច្ច​របស់ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រមនៅឡើយ បន្ទាប់ពីមាន​ការស្នើសុំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ នៅ​ថ្ងៃទី១៧ កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ជុំវិញ​ការដោះលែង​នេះ។ លោក​សង្ស័យថា​ ការដោះលែង​នេះ អាចពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ដោយ​លោក​បានស្នើ​ដល់ក្រសួង​យុត្តិធម៌​ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ចុះធ្វើ​អធិការកិច្ច​លើ​ការសម្រេច​ដោះលែងឲ្យស្ថិតនៅ​បណ្តោះអាសន្ន​នោះ។

សូម​បញ្ជាក់ដែរថា លោក ថោង ចំរើន និង អ្នកស្រី កែវ សារី​ ត្រូវ​ជាប់ចោទពី បទ​កាន់កាប់ និងរក្សា​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ​តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ននេះ អ្នកទាំងពីរ​ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដដែល៕


© រក្សាសិទ្ធិដោយ thmeythmey.com