ជាតិ
រូបត្លុក
បងប្អូន​មាន់​ខ្មៅ និង​ស ក្រោយពី​លាប​ព៌​ណ ក្លាយជា​សត្រូវ
28, Feb 2015 , 10:42 am        
រូបភាព
ដោយ:

 
ក្នុង​ដែនដី​ដ៏​ធំ​ល្វឹងល្វើយ និង​សម្បូរហូរហៀរ​ទៅដោយ​ស​ម្ប​តិ្ត​ធម្មជាតិ ដ៏​ច្រើន​ក្រាស់ក្រែល​មួយ ដែល​ស្ថិតក្នុង​ចុង​បូព៌ា​ទិស​នៃ​ផែនដី ជាទី​ចាប់ចិត្ត​នៃ​ពពួកសត្វ​ទាំងឡាយ ទាំង​ទីជិត​ឆ្ងាយ​ចាប់ចិត្ត​ប្រតិពត្តិ​មួយ។



ចំណេរ​តម​ក ដែនដី​ដ៏​ធំ​ល្វឹងល្វើយ​នេះ ចេះតែ​បាត់បង់ រួម​តូច​បន្តិចម្តងៗ ទីបំផុត នៅសល់​តែមួយ​ចុង​ចង្កឹះ​ចិន មកដល់​សព្វថ្ងៃនេះ ហើយក៏​ត្រូវបាន​ធ្លាក់​ទៅលើ​កូនចៅ​ជំនាន់​ក្រោយ​នៃ​ត្រកូល​មាន់ចែ ជា​អ្នក​ស្នង​មរតក​ដ៏​មហាសាល​ជិត​រលាយ​អស់នេះ។

ថ្វីត្បិតតែ​តូច ប៉ុន្តែ​ខ្លឹម បានធ្វើ​ឲ្យ​សព្វ​សត្វ ដែល​រស់នៅ​ក្បែរ​ខាង និង​នៅ​ទី​ឆ្ងាយ ដូចជា​សត្វ​ខ្លា ចចក ឆ្កែព្រៃ ត្មាត​ជាដើម មានចិត្ត​ប្រតិព័ទ្ធ ព្រមទាំង​បាន​ប្រើ​គ្រប់​ឧបាយ សាប​ព្រួស​មនោ​គម​ក្នុង​សណ្តាន និង បាន​លាប​ពណ៌​មាន់​ម្ចាស់​ស្រុក ដែលជា​ពូជ​មាន់​ចម្បាំង​ស្រាប់​ផង ចេញ​ជា​ពណ៌​ស និង ខ្មៅ ប្រយុទ្ធ​គ្នា​យ៉ាង​អង់អាច។

សម័យ​ថ្ងៃមួយ នៃ​រដូវ​សម្បូរ​ត្រី មាន់​ខ្មៅ និង​មា​ន់ស សុទ្ធតែ​មានគំនិតរៀងៗខ្លូន បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ ដើម្បី​ប្រមូល​ផល​ត្រី​ពី​ទន្លេ​ឲ្យ​អស់​លទ្ធភាព ដែល​ខ្លួន​អាចធ្វើ​ទៅបាន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជនមាន់​ទូទៅ​ក្នុង​ដែនដី។

មាន់ចែ​ខ្មៅ៖ យើង​នឹង​បង្កើត​ស្ថានីយ៍​ឆក់​ត្រី​ឲ្យ​បាន​ច្រើន នៅតាម​ដងទន្លេធំៗទាំងឡាយ ក្នុង​មួយថ្ងៃ យើង​ប្រតិបត្តិការ​ឆក់​ត្រី​មួយដង ត្រី​នឹង​ហូរ​ទៅតាម​ទឹក​ទៅ​ដល់ដៃ​ប្រជាជនមាន់ ដែល​រស់នៅ​តាម​ដង​ទន្លេ រើសយក​ទៅធ្វើ​ម្ហូប​បានគ្រប់ៗគ្នា ដោយ​ងាយ។

គ្រាន់តែ​បានឮ​ពាក្យ​នេះ​ភ្លាម ប្រជាជនមាន់ ដែល​គ្រាំទ្រ​មាន់​ខ្មៅ ក៏​ស្រែក​បន្ទរ ជយោ!!! អបអរ​គំនិត​របស់​មេដឹកនាំ​គេ​ភ្លាម និង​ព្រមទាំង​ពោល​បន្តថា៖ នេះ​ពិតជា​គំនិត​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ល្អ​មែន... ដាច់ខាត!។

ពេលនោះ មា​ន់ស ក៏​តាំង​ចេញមក​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​នឹង​គំនិត​របស់​មាន់​ខ្មៅភ្លាមៗដែរ។ មាន់​ស​ក៏​ពោល និង​ពេបជ្រាយ​គំនិត​មាន់​ខ្មៅ​ឡើង​ថា៖ គំនិត​មាន់​ខ្មៅ​នេះ ពិតជា​អន់​ខ្លាំងណាស់ គំនិត​សំ​រ៉ែ ល្ងិតល្ងង់ អវិជ្ជា​ជាដើម។ល។ ត្មះ​ដៀល​ចប់ មាន់​ស​បន្តទៀតថា៖ ជា​យុទ្ធសាស្ត្រ ដើម្បី​ចាប់​ត្រី​ឲ្យ​បាន​ច្រើន​ជា​អតិប្បរិមា យើង​ត្រូវតែ​លើក​ទំ​បន់ទប់​ទន្លេ ម្តង​មួយកង់ៗ ហើយ​បាចទឹក​ចេញ​ចាប់​ត្រី​ឲ្យ​អស់ រួច​ទម្លាយទំនប់​ចាស់ ទៅ​ទប់​កន្លែង​ថ្មី​ទៀត នោះ​ចំនួន​ត្រី​ដែលមាន​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន យើង​អាច​ចាប់បាន​ទាំងអស់ ចែកជូន​ប្រជាជនមាន់​បាន​ហូប​ហូរហៀរគ្រប់ៗគ្នា ហើយ​ថែមទាំង​អាច​ស្តារ​ទន្លេ​បាន​ទៀតផង មិនល្អ​ទេ​ឬ?!។

មាន់​ស​ពោល​ចប់ សំឡេង​សាទរ​អបអរ​ពី​សំណាក់​អ្នកគាំទ្រ ក៏​ស្រែក​បន្ទរ ជយោ!!! អបអរ​គំនិត​របស់​មេដឹកនាំ​គេ​ភ្លាម និង​ព្រមទាំង​ពោល​បន្តថា៖ នេះ​ពិតជា​គំនិត​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ល្អ​មែន... ដាច់ខាត!។

ក្រោយពី​បាន​លើក​យុទ្ធសាស្ត្រ​ឡើងរៀងៗខ្លួន​មក មាន់​ខ្មៅ និង មា​ន់ស ចាប់ផ្តើម​ប្រកាប់ប្រចាក់​គ្នា អ្នកគាំទ្រ​ប្រ​វ៉ា​យ​ប្រតប់​នឹង​អ្នកគាំទ្រ​ទៅ ដោយ​ទុក​គំនិត​ប្រមូល​ផល​មួយអន្លើ គិតតែ​ពី​ប្រកែកប្រណាំង រកតែ​ឈ្នះ រកតែ​ល្អរៀងៗខ្លួន និង​រក​ចំណុចប្រសព្វ​គ្នា​មិនឃើញ រដូវ​សម្បូរ​ត្រី ក៏​កន្លងផុត ត្រី​ទាំង​ធំ​ទាំង​តូច ខ្លះ​ហែល​ទៅ​ខ្សែទឹក​ខាងលើ ខ្លះ​ក៏​ហូរ​ចុះ​ទៅតាម​ខ្សែទឹក​ខាងក្រោម​អស់​ទៅ ធ្វើ​ឲ្យ​សព្វ​សត្វ​ដែល​រស់នៅ​ក្បែរ​ខាង និង​នៅ​ទីជិត​ឆ្ងាយ របស់​មាន់​ស និង​ខ្មៅ សប្បាយរីករាយ​យ៉ាង​ក្រៃលែង នឹង​ទទួលផល​ត្រី​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ពី​ការខ្វែងគំនិត​គ្នា​នៃ​ពូជ​មាន់​ចម្បាំង​យ៉ាងខ្លាំង៕



© រក្សាសិទ្ធិដោយ thmeythmey.com